Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តកោះកុង បន្ត​ចោទថា​ទំនិញ​គេច​ពន្ធ​និង​ខូច​គុណភាព​បន្ត​នាំ​ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​ចាំ​យាម​

spot_img

​ខេត្ត​កោះកុង​៖ អ្នកឃ្លាំមើល​សង្គម​ការ​ងារ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង បាន​អះអាង​ថា ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ នៅតែ​បន្ត​នាំ​ចូល​តាម​ច្រកព្រំដែន​ខេត្ត​កោះកុង ពិសេស​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ដោយ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ មិន​បាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​ទេ​។​

​ប្រជាពលរដ្ឋ និង​អាជីវករ​ប្រកបរ​លក់ដូរ​បន្តិចបន្តួច​នៅ​ក្បែរ​ច្រក​ទ្វារ​ចាំ​យាម​ខេត្ត​កោះកុង បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ ឲ្យ​ចុះ​ស៊ើបអង្កេត សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ដែល​កំពុង​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម និង​ច្រក​ផ្សេង​ទៀត​នា​ខេត្ត​កោះកុង ដើម្បី​ពង្រឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ នាំចូល​ពី​ប្រទេស​ថៃ​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ​ឲ្យមាន​ប្រសិទ្ធភាព និង​បង្កើន​ចំណូល​ថវិកាជាតិ​។​

​ទាក់ទិន​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​កោះកុង បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ដឹង​ដែរ​ថា បច្ចុប្បន្ននេះ ពួកគេ​នៅតែ​បន្ត​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៃ សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា នៅ​តាម​ច្រកព្រំដែន​មួយចំនួន ពិសេស​ច្រក​ចាំ​យាម​ខេត្ត​កោះកុង​។​

អ្នកឃ្លាំមើល​មួយចំនួន បាន​អះអាង​ថា រាល់ថ្ងៃនេះ ឃើញ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ប្រចាំការ​នៅ​ច្រក​ចាំ​យាម​ខេត្តកោះកុង​រួមមាន​៖ មន្ត្រី​នគរបាល​ប្រចាំ​ច្រកទ្វារ​ចាំ​យាម មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង និង​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង​ជាដើម​ហាក់​មាន​ភាព​ធូ​រលុង ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចូល​តាម​ច្រកព្រំដែន​ចាំ​យាម ដោយ​រង់ចាំ​ទទួល​ការ​បង់លុយ​ពី​ឈ្មួញ ឬ​ពី​អាជីវករ​បង់​ជូន មន្ត្រី​ស្ថាប័ន​ជំនាញ​នីមួយៗ គឺ​ចប់​រឿង ដោយ​មិន​បាន​ត្រួតពិនិត្យ​ដឹក​តាម​រថយន្ត ឬ​មធ្យោបាយ​ផ្សេងៗ ឲ្យបាន​ត្រឹមត្រូវ​ទេ​។​

​អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​កោះកុង បានឲ្យដឹងថា រាល់ថ្ងៃនេះ​គេ​ឃើញ​មាន​ទំនិញ​ដឹក​តាម​រទេះ ពិសេស​ទំនិញ​ដឹក​តាម​រថយន្ត​ធំៗ​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ជា​ពិសេស​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង មិន​បាន​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះ​ទេ​។​

បញ្ហា​នេះ អ្នកឃ្លាំមើល​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង បាន​ស្នើ​ដល់ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេជ្ជ​រិទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ចំពោះ​សកម្មភាព​ការងារ របស់ មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកព្រំដែន​ចាំ​យាម​ខេត្តកោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​អាច​មាន​ជាប់​ពាក់ព័ន្ធ ការអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ខូចគុណភាព​តាម​ច្រកព្រំដែន​នេះ​ខុសច្បាប់ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ដែរឬទេ​?​។​

​អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន បាន​កត់សម្គាល់​ថា កន្លង​មក​មន្ត្រី​ជំនាញ​នៅតាម​ស្ថាប័ន​ខ្លះ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម បាន​ត្រួតពិនិត្យ​តែ​ទៅលើ​ឯកសារ​នាំចូល​ទំនិញ ឬ​ទទួល​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ​នាំចូល​ទំនិញ​ទាំងនោះ បង់​ជូន​ស្ថាប័ន​នីមួយៗ ដែល​ឈរជើង​ប្រចាំការ​មាត់​ច្រក​ទ្វារ​ព្រំដែន​តែប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​បាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល ដឹក​តានរ​ទេះ ពិសេស​រថយន្ត​ធំៗ​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ​ទាំង​អ្នក​ឃ្លាំ​មើល​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង បាន​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ ឲ្យ​ចុះ​ស៊ើបអង្កេត​សកម្មភាព​បំពេញការងារ របស់​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង ដើម្បី​ឈាន​ទៅ​អាច​ទប់ស្កាត់​អំពើពុករលួយ កើតចេញ​ពី​ការអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូច​គុណភាព​នៅ​តាម​ច្រករបៀង តាមផ្លូវ​សមុទ្រ និង​តាម​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ​ច្រក​ចាំ​យាម​ឲ្យមាន​ប្រសិទ្ធភាព​។​

​ទំនិញ​គេច​ពន្ធ ដែល​បន្ត​នាំ​ចូល​តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ​ទៀត​នា​ខេត្ត​កោះកុង ត្រូវបាន​អ្នក​ឃ្លាំ​មើល​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង អះអាងថា ទាល់តែ​មាន​ការអនុញ្ញាត ឬ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ពិសេស​ស្ថាប័នគយ និង​រដ្ឋាករ​ខេត្ត​កោះកុង ព្រមទាំង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង​ជាដើម ទើប​ឈ្មួញ​ទាំងនោះ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូច​គុណភាព​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ដោយ​គ្មាន​ការហាមឃាត់​។​

យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​កោះកុង មិនទាន់​មាន​ប្រភព​ទាក់ទង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង ជាពិសេស លោក ងុ​យ ជៀង ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ ដែលថា ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​ចាំ​យាម មាន​បទល្មើស​ឈ្មួញ​ទំនិញគេចពន្ធ​អនាធិបតេយ្យ នាំ​ចូល​តាម​ច្រកព្រំដែន​នេះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។​

ទាក់ទិន​ការ​ចោទ​នេះ កន្លង​មក​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង មាន​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​នេះ​ជាដើម បាន​បដិសេធន៍​ថា ពួកគេ​មិន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ទទួលបាន​សំណូក​លុយកាក់​ពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខូច​គុណភាព​តាម​ច្រកព្រំដែន ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​ដូច​ការចោទ​ប្រកាន់​នោះ​ទេ​។ ផ្ទុយទៅវិញ បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប និង​ចាប់បាន​ទំនិញ​ត្រី​សាច់ និង​ទំនិញគេចពន្ធ​ផ្សេងៗ​ទៀត បាន​ជាច្រើន​ករណី​នា​ពេល​កន្លងមក​នេះ​។​

​យ៉ាងនេះក្តី អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មាន​របរ​លក់ដូរ​រស់​នៅ​ខេត្ត​កោះកុង បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ ពិត​ជា​បន្ត​នាំ​ចូល​តាម​ទាំង​ច្រក​តាមផ្លូវ​សមុទ្រ និង​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ពិតប្រាកដ​មែន​។​

ពួកគេ​ចោទ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​មួយចំនួន ដែល​ប្រចាំការ​នៅ​តាម​ច្រកព្រំដែន​ខេត្ត​កោះកុង មាន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ​ចាំ​យាម​ជាដើម​ថា បាន​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ជា​ថ្នូរ​អនុញ្ញាត ឲ្យ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​រួមមាន​៖ មាន​ម៉ូតូ​ស៊េរី​ទំនើបៗ សម្ភារៈ​សំណង់ សម្ភារៈ​ផ្ទះបាយ គ្រឿង​សង្ហារឹម មុខម្ហូប​សមុទ្រ​ស្រស់ៗ ជង្គង់​មាន់​ខូច​គុណភាព គ្រឿងសម្អាង ភេសជ្ជៈ ឬ​អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព និង​ជិត​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម​៕ ដែន សីមា

 

spot_img
×