Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្តល់​គ្លីនិក​ចល័ត​ចំនួន ៤០ និង​ឡ​ជីវឧស្ម័ន​ចំនួន ១៥០០ ឡ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង

spot_img

ភ្នំពេញ​៖​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​គ្លីនិក​ចល័ត​ចំនួន​៤០ និង​ឡ​ជីវឧស្ម័ន​ចំនួន ១៥០០​ឡ ដល់​កម្ពុជា​។​

​លិខិត​ប្តូរ​សារ​គម្រោង​ទាំងពីរ​នេះ​នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​លោក WANG Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព​លោក បណ្ឌិតសភា ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ពិធី​ចុះហត្ថលេខា​នេះ គឺជា​ផ្លែផ្កា​ថ្មី​មួយទៀត​កើតចេញពី​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​ដំណើរ ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក XI Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ប្រទេស កម្ពុជា​កាលពី​ថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ទឹកប្រាក់​សរុប​ចំនួន ៣៦០០ លាន​យ័ន ត្រូវ​នឹង​ប្រមាណ ៥៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​បី​ឆ្នាំ​គឺ ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨​។ ទឹកប្រាក់​សន្យា​នេះ បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដោយ​ផ្តោត​ជា សំខាន់​ដល់​វិស័យ​មួយចំនួន​ដូចជា​៖ សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ បណ្តុះបណ្តាល​វិជ្ជាជីវៈ ទេសចរណ៍ និង​ព្រមទាំង​គាំទ្រ​ដល់​ការរៀបចំ​ការបោះឆ្នោត ផងដែរ​។

លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា គ្លីនិក​ចល័ត​ចំនួន​៤០ រួមទាំង​សម្ភារៈ​បរិក្ខារ​សម្រាប់ គ្លីនិក​ចល័ត​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​នឹង​យកទៅ​ផ្គត់ផ្គង់​តាម​រាជធានី​ខេត្ត​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​បង្ខិត​សេវា​សុខាភិបាល​កាន់តែ​ជិត និង​មាន ប្រសិទ្ធភាព​ជូន​ប្រជាជន​នៅតាម​ទី​ដាច់ស្រយាល​។ ទន្ទឹមនេះ គម្រោង​សាងសង់​ឡ​ជីវឧស្ម័ន​ចំនួន ១៥០០​ឡ​វិញ​នឹងធ្វើ​ការសាងសង់​ឡ​ជីវឧស្ម័ន​នៅ​ខេត្ត​ចំនួន​៧​គឺ​៖ ខេត្ត​ត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្ត កំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និង​ខេត្តពោធិ៍សាត់ ដែល​នឹង​ជួយ​ដល់​ប្រជាកសិករ​ក្នុងការ​ប​ម្លែ​ង​ឧស្ម័ន​ពី​លាមក​សត្វ​យកមកប្រើ​ប្រាស់​សម្រាប់​ការ​ចម្អិន​ម្ហូបអាហារ និង​កាក សំណល់​ក្នុង​ឡ​ធ្វើជា​ជី​សម្រាប់​ដាំ​ដំណាំ​បាន ដែល​នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​។

សូម​ជម្រាបជូន​ថា​៖ គិត​ចាប់ពី​ឆ្នាំ​២០០១ ដល់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤៨០០ លាន​អាមេរិក​ក្នុងនោះ​មាន ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​ឥត​ការប្រាក់ សរុប​ចំនួន​ប្រមាណ ១១៣០ លាន​អាមេរិក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×