Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិត សំហេង​៖ នៅ​កម្ពុជា​បច្ចុប្បន្ន​មានការ​ងារ ១០​ប្រភេទ ដែល​ថៅកែ​ពិបាក​រក​កម្លាំង​ពលកម្ម​

spot_img

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធី​បិទ​ទិវា​ជាតិ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ( National TVET Day) លើក​ទី​១​លោក អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា លទ្ធផល​ពី​ការអង្កេត​និយោជក​ស្តីពី​កង្វះ និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារការងារ ឆ្នាំ​២០១៧​នេះ បានផ្តល់​ព័ត៌មាន​ថា នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន មាន​វិស័យ​សំខាន់ៗ​ចំនួន​១០​ប្រភេទ ដែល​និយោជក​ពិបាក​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​។​

​ទិវា​ជាតិ ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​អគារ​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ ក្នុង​គោលបំណង​៖ ១.​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​, ២. ផ្សព្វផ្សាយ​ណែនាំ​មុខជំនាញ​បច្ចេកទេស និង​ព័ត៌មាន​អាហារូបករណ៍​ដែល​គ្រឹះស្ថាន​កំពុងធ្វើការ​បណ្តុះបណ្តាល​, ៣. តាំង​បង្ហាញ​ពី​ស្នាដៃ​សិស្ស និស្សិត និង​ក្រុមហ៊ុន​ឯកជន​, ៤. ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ និង​៥. បង្កើត​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល ផ្នែក​ឯកជន និង​អង្គការ​ជាតិ អន្តរជាតិ​ជាដើម​។

​លោក រដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុង​មួយឆ្នាំៗ​កម្ពុ​ជាមាន​កំណើន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ចូលធ្វើ​ការប្រមាណ ៣​សែន​នាក់ ប៉ុន្តែ​អ្នកស្វែងរក​ការងារ​ធ្វើ​មួយចំនួន​ជួប​ការលំបាក ឬ​មិនអាច​រក​ការងារ​ធ្វើបាន ឬ​ធ្វើ​ការងារ​ដែល​មិនត្រូវ​នឹង​ជំនាញ ឬ​មិន​ពេញចិត្ត​។ រីឯ​និយោជក​វិញ ក៏​ជួបប្រទះ​ការរាំងស្ទះ​មិនអាច​អនុវត្តតាម​ផែនការ​ផលិតកម្ម ការពង្រីក​អាជីវកម្ម ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី ឬ​ផលិតភាព​ទាប​ជាដើម​។​

​លោក អ៉ិ​ត សំហេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​ពី​អង្កេត​និយោជក​ស្តីពី​កង្វះ និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារការងារ ឆ្នាំ​២០១៧​នេះ បានផ្តល់​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យបាន​ដឹងថា នៅក្នុង​វិស័យ​សំខាន់ៗ​ទាំង​១០ នៃ​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន និយោជក​កំពុង​ប្រឈម​ការលំបាក​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម ដើម្បី​បំពេញ​តាម​តម្រូវការ​របស់ខ្លួន ដែលជា​អាទិ៍​រួមមាន​៖ ១.​វិស័យ​សណ្ឋាគារ និង​ការ​ស្នាក់នៅ​, ២.​ឡូ​ជី​ស្ទីក និង​ការដឹកជញ្ជូន​, ៣.​សុខាភិបាល​, ៤.​អប់រំ និង​បណ្តុះបណ្តាល​, ៥.​កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​, ៦.​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, ៧.​ព័ត៌មានវិទ្យា​, ៨.​សំណង់​, ៩.​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង និង​១០.​ផលិតកម្ម​កៅស៊ូ និង​ផ្លា​ស្ទីក​។

​លទ្ធផល​អង្កេត​បានបង្ហាញ​ថា កត្តា​ចម្បង​ដែលនាំឱ្យ​និយោជក​ជួបប្រទះ​ការលំបាក​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម គឺ​បណ្តាលមកពី​៖ បេក្ខជន​គ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ​, មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុងចំណោម​និយោជក​ក្នុងការ​ជ្រើសរើស​, កង្វះ​បទពិសោធន៍​ការងារ​, និង​បេក្ខជន​ដាក់ពាក្យ​ស្វែងរក​ការងារ​មាន​ចំនួន​តិច​។ ជំនាញ​សំខាន់ៗ​ដែល​អ្នកស្វែងរក​ការងារ​មានការ​ខ្វះខាត រួមមាន​៖ ជំនាញ​ភាសាបរទេស​, ជំនាញ​បច្ចេកទេស​, ការបម្រើ​សេវា​អតិថិជន​, ការនិយាយស្តី​, ការបំពេញ​ការងារ​ជា​ក្រុម​, ការដោះស្រាយ​បញ្ហា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។ លទ្ធផល​នេះ បានបង្ហាញ​ឱ្យឃើញថា ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ​នៅក្នុង​ទីផ្សារការងារ​កម្ពុ​ជាប​ច្ចុ​ប្បន្ន បណ្តាលមកពី​កង្វះ​ជំនាញ​របស់​អ្នកស្វែងរក​ការងារ និង​ទីផ្សារការងារ​ពុំទាន់​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​។

​លើសពីនេះ លទ្ធផល​អង្កេត​ក៏បាន​បង្ហាញឱ្យឃើញថា កម្មករនិយោជិត​ដែល​កំពុង​បំពេញការងារ​បច្ចុប្បន្ន​ក៏​ជួបប្រទះ​នូវ​គម្លាត​ជំនាញ​ដែរ ពោលគឺ​មិនមាន​ជំនាញ​គ្រប់គ្រាន់ សម្រាប់​បំពេញ​តាម​តម្រូវការ​ការងារ នៃ​មុខតំណែង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​។ ក្នុងចំណោម​បញ្ហា​ដែលនាំឱ្យ​កើតមានឡើង​នូវ​គម្លាត​ជំនាញ​នេះ គឺ​ដោយសារ​កម្មករនិយោជិត ទើបតែ​ចូលកាន់​មុខតំណែង​ការងារ និង​ការបណ្តុះបណ្តាល​មិនត្រូវ​បានបញ្ចប់​ពេញលេញ​។

​បើតាម លោក អ៉ិ​ត សំហេង ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨ បានបង្ហាញ​អំពី​ការវិវត្ត​របស់​ទីផ្សារការងារ​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ឱកាស​ការងារ​តាម​ប្រភេទ​នៃ​មុខរបរ រួមមាន​៖ វិស្វករ​ឧស្សាហកម្ម​និង​ផលិតកម្ម​, វិស្វករ​ទូរគមនាគមន៍​, អ្នកឯកទេស​ផ្នែក​វិទ្យុ​សាស្ត្រ និង​ថតកាំរស្មីអ៊ិច​, អ្នកបកប្រែ​អត្ថបទ​និង​អ្នកបកប្រែ​ផ្ទាល់មាត់​, អ្នកបច្ចេកទេស​ផ្នែក​សេវា​គាំទ្រ​ព័ត៌មានវិទ្យា​, វិស្វករ​គីមី​, អ្នកបញ្ជា​ម៉ាស៊ីន​ចំ​ហ៊ុយ​ទឹក​, ជាង​ធ្វើ​កញ្ចក់​, ជាង​ដំឡើង​បំពង់​ទុយោរ និង​បំពង់​បង្ហូរ និង​អ្នក​តម្លើង​ម៉ាស៊ីន​យានយន្ត​។ ជារួម ឱកាស​ការងារ​ល្អ​ភាគច្រើន​ទាមទារ​ឱ្យមាន​ជំនាញ​មធ្យម និង​ខ្ពស់ ពិសេស​អ្នកទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិស្វករ​។

លោក បាន​បន្ថែមថា ក្នុង​រយៈពេល​ល​១​អាណ​តិ្ត​ចុងក្រោយ​នេះ ក្រសួង​ការងារ​បាន​ខិតខំ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ លើ​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ចូលរួម​ការគាំទ្រ​ក្នុងការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ទាំង​ក្នុងស្រុក និង​តំបន់ ជាពិសេស​ថ្មីៗ​នេះ រាជរដ្ឋា​ភិបាល​​បានន​ដាក់​ឲ្យ​អនុវត្ត​នូវ​នយោបាយ​ជាតិ ស្តីពី​ការអប់រំ​ប​​ណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ដែល​ផ្តោត​អាទិភាព​លើ​ការពង្រឹង​គុណភាព ការបង្កើន​លទ្ធភាព​ទ​ទួលបាន​ការបណ្តុះបណ្តាល ប្រកបដោយ​សមធម៌ ការលើកទឹកចិត្ត​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​ការលើកកម្ពស់​អភិបាលកិច្ច ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​គោ​នយោបាយ​ជាតិ​នេះ មាន​ចក្ខុវិស័យ​លើកកម្ពស់​ជីវភាព​រស់​នៅ សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ បង្កើនបាន​នូវ​កម្លាំង​ពលកម្ម ឬ​ធនធានមនុស្ស​កម្ពុ​ជា ប្រកបដោយ​ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ​ការងារ សីលធម៌​វិជ្ជាជីវៈ ផលិតភាព​ខ្ពស់ និង​មាន​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយជីវិត​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×