Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ រិះគន់​អភិបាលក្រុង​-​ខេត្ត​ព្រះសីហនុ បានកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ឲ្យ​ក្រុមហ៊ុន K.S.W.M.​យកលុយ​ប្រចាំខែ​កើន​ខ្ពស់​

spot_img

ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ទី​ប្រជ​ន​ជន​ក្រុងព្រះសីហនុ បាន​រិះគន់​ចំពោះ​ការកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ របស់​ក្រុមហ៊ុន ខេ អេស ដាប់​បិ​ល​យូ អឹម (K.S.W.M.) ដែល​រដ្ឋបាល​ក្រុងព្រះសីហនុ ទើបបាន​ផ្តល់​សិទ្ធិ​វិនិយោគ​ថា បានកំណត់​តម្លៃ​សេវា​កើន​ខ្ពស់ បើ​ប្រៀបធៀប​អតីត​ក្រុមហ៊ុន​ប្រមូល​សំរាម​ចាស់ ក្រុមហ៊ុន​ស៊ិន​ទ្រី​។​

មន្ត្រីរាជការ​មាន​ប្រាក់បៀវត្ស​ទាប និង​ប្រជាពលរដ្ឋ​ភាគច្រើន មាន​លំនៅឋាន នៅក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ជាថ្មី របស់​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ ពួកគេ​បានស្នើ​ដល់ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ពិចារណា​ជាថ្មី​ឡើងវិញ ទៅលើ​ការកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ ដែលមាន​តម្លៃ​កើន​ខ្ពស់ជាង​តម្លៃ​កំណត់​កាលពីពេល​កន្លងទៅ​។​

​បញ្ហា​តម្លៃ​សំរាម​នេះ ប្រជាពលរដ្ឋ បាន​រិះគន់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ​ទាំង​នៅតាម​តុ​កាហ្វេ ឬ​តុ​គុយទាវ និង​ហាង​ផឹកស៊ី​ជាដើម ជាពិសេស​បាន​រិះគន់​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វ្រែ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​សប្តាហ៍​មកនេះ ដោយ​ពួកគេ​បាន​អះអាងថា សេវា​តម្លៃ​ប្រមូល​សំរាម ដែល​រដ្ឋបាល​ក្រុងព្រះសីហនុ បានផ្តល់​សិទ្ធិ​វិនិយោគ ទៅ​ឲ្យ​ក្រុមហ៊ុន K.S.W.M. គឺមាន​តម្លៃ​ខ្ពស់ កើន​លើស​អតីត​ក្រុមហ៊ុន​ចាស់​ស៊ិន​ទ្រី ១​ទ្វេ​ជា ៣ ឬ​ច្រើនជាង​នេះ​។​

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ

​ចំណែក​ក្រុមអាជីវករ មាន​តូប ឬ​ហាង​លក់ដូរ ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ក្បែ​រង្វង់​មូល​តោ​ពីរ តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ និង​ឆ្នេរ​អូរ​ឈើទាល​ជាដើម បាន​បន្ត​រិះគន់ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ថា បាន​ឃុបឃិត​គ្នា កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ ដែល​ក្រុមហ៊ុន K.S.W.M. បាន​ដើរ​ប្រមូល​លុយ​នៅតាម​ផ្ទះ និង​ទីតាំង​ប្រកប​អាជីវកម្ម​ផ្សេងៗ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​មានតម្លៃ​ខ្ពស់ ដែល​ពួកគេ​មិនអាច​ទទួលយក​បានទេ​។​

​ក្រុមអាជីវករ និង​ពលរដ្ឋ​ទាំងនោះ បាន​អះអាងថា កាលពី​ក្រុមហ៊ុន​ស៊ិន​ទ្រី នៅមាន​សិទ្ធិ​វិនិយោគ​ប្រមូល​សំអាត​សំរាម នាទី​ប្រជ​ន​ក្រុងព្រះសីហនុ នៅ​មុនពេល​ក្រុមហ៊ុន K.S.W.M. ទទួលបាន​សិទ្ធិ​ប្រមូល​សំរាម​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ គឺ​ក្នុង​១​ខែ ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ដើរ​ប្រមូល​លុយ មិន​កំណត់​ឲ្យ​បង់លុយ​ច្រើន​ដូច​ក្រុមហ៊ុន K.S.W.M.​ដើរ​យក​រាល់ថ្ងៃនេះ​ទេ​។ ឧទាហរណ៍​៖ ផ្ទះមួយ​ខ្នង ឬមួយ​ល្វែង នៅក្នុង​អំឡុងពេល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី នៅមាន​សិទ្ធិ​ដើរ​ប្រមូល​សំរាម គឺ បានកំណត់​ឲ្យ​បង់​ត្រឹម ១​ម៉ឺន​រៀល​ជូន​ក្រុមហ៊ុន ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន K.S.W.M. បានកំណត់​កើន​តម្លៃ​ទ្វេ គឺ​១ ទ្វេ​ជា ២ ជា ៣ ឬ​ច្រើនជាង​នេះ​ទៅវិញ​។​

​ក្រុម​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ទីតាំង របស់ខ្លួន​មាន​បើក​ធ្វើ​អាជីវកម្ម​ផ្សេងៗ បាន​អះអាងថា មាន​ទីតាំង​ប្រកប​អាជីវកម្ម​ខ្លះ ដែល​ពីមុន​ក្រុមហ៊ុន​ស៊ិន​ទ្រី តម្រូវ​ឲ្យ​បង់ ៣០​ដុល្លារ​អាមេរិក ប៉ុន្តែ​ពេលនេះ​ត្រូវ K.S.W.M. តម្រូវ​ឲ្យ​បង់​ដល់ ១០០​ដុល្លារ ឬ​ច្រើនជាង​នេះ​ក៏មាន​។ ពិសេស​ជាង​នេះ ក្រុមហ៊ុន K.S.W.M. បាន​ដើរ​ប្រមូល​សំរាម នៅតាម​ផ្លូវ​សាធារណៈ ឬ​តាម​ផ្ទះ និង​ទី​ទាំង​ធ្វើ​អាជីវកម្ម​ភាគច្រើន មិនបាន​ទៀងទាត់​ទេ ដោយមាន​ពេលខ្លះ​សំរាម​ត្រូវបាន​គេ​គរ​ទុកចោល​ច្រើន​ថ្ងៃ ឬ​ជិត ១​សប្តាហ៍ ហើយ​ជះក្លិន​ស្អុយ នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកធ្វើដំណើរ ពិសេស​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ​។ ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ភាគច្រើន បានស្នើ​ដល់ លោក អ៊ី សុខ​ឡេង អភិបាលក្រុង និង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ពិចារណា ចំពោះ​ការកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ របស់ ក្រុមហ៊ុន​K.S.W.M.​ជាថ្មី​ឡើងវិញ និង​ត្រូវ​ពិនិត្យ​សកម្មភាព​ដើរ​ប្រមូល​សំរាម របស់​ក្រុមហ៊ុន​នេះ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​មានការ​យឺតយ៉ាវ​ក្នុងការ​ប្រមូល​សំរាម ដើម្បី​ជៀសវាង​កើតមាន​ប្រតិកម្ម​តវ៉ា ពី​ប្រជាពលរដ្ឋ​នា​ថ្ងៃ​ខាងមុខ​។​

​ឆ្លើយតប​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង អភិបាលខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វ្រែ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ការកំណត់​តម្លៃ​សំរាម​ប្រចាំខែ​ជាថ្មី ដែល​ក្រុមហ៊ុន K.S.W.M. បាន​ដើរ​ប្រមូលយក​ពី​ប្រជាពលរដ្ឋ​រាល់​ខែ​នេះ គឺ​ការកំណត់​តម្លៃ​សេវា​សំរាម​នេះ មានការ​ចូលរួម ប្រជុំ​ជាច្រើនលើក​ច្រើនសារ និង​បាន​ឯកភាព​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​មានដូចជា​៖ តំណាង​រដ្ឋបាល​ក្រុង​-​ខេត្ត​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​កិច្ចប្រជុំ​សម្រេច​ក្រុមប្រឹក្សា​ក្រុង​-​ខេត្ត តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ឬ​អាជីវករ​មួយចំនួន ជាពិសេស​មានការ​ចូល​រួម​សម្រេច ដោយ​តំណាង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ជាដើម​។​

​លោក អ៊ី សុខ​ឡេង បន្តថា កិច្ចប្រជុំ​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ជាថ្មី​នៅពេលនេះ គឺ​ភាគី​ពាក់ព័ន្ធ បានអនុម័ត ដោយ​លើកដៃ​ឯកភាព​យល់ព្រម​ទាំងអស់គ្នា​។​


​លោក អ៊ី សុខ​ឡេង អះអាងថា ការកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ជាថ្មី​នេះ គឺ​មិនមាន​វត្តមាន ក្រុមហ៊ុន K.S.W.M. ចូលរួម​កំណត់​នោះទេ​។ លោក​សំណូម​ដល់​ពលរដ្ឋ ស្នើ​កុំ​ចោទ​ក្រុមហ៊ុន ខេ អេស ដាប់​បិ​ល​យូ អឹម (K.S.W.M.) ថា​ជា​អ្នកកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ថ្មី​នេះ​ឲ្យ​សោះ ព្រោះ​ក្រុម​ហ៊ុ​នេះ មិនបាន​ចូលរួម ក្នុង​កិច្ចប្រជុំ កំណត់​តម្លៃ​សេវា​សំរាម​ប្រចាំខែ​នេះ​ទេ គឺ​មានតែ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មួយ​ទេ​បាន​ចូលរួម ដោយសារ​ក្រុមហ៊ុន​នេះ ទើបបាន​ដាក់ពាក្យ​ដេញថ្លៃ និង​ទទួលបាន​សិទ្ធិ​វិនិយោគ​ប្រមូល​សំរាម​នៅក្រោយ​ការកំណត់​តម្លៃ​សេវា​នេះ​។​

​ជាងនេះទៀត លោក អ៊ី សុខ​ឡេង ពន្យល់​ជូន​សាធារណៈជន ពិសេស​ពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្រុងព្រះសីហនុ​ថា ការកំណត់​តម្លៃ​សំរាម​ជាថ្មី​នេះ គឺ រដ្ឋបាល​ក្រុង បាន​អនុវត្ត​ស្របតាម សេចក្តីណែនាំ របស់​អន្តរក្រសួង គឺ​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋ និង​ហិរញ្ញវត្ថុ និង​ក្រសួងបរិស្ថាន​។​

​បញ្ហា​នេះដែរ មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំខេត្ត​ព្រះសីហនុ រួមមាន​៖ សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ជាដើម ប្រចាំខេត្ត​ព្រះសីហនុ បានស្នើ ដល់​រដ្ឋបាល​ក្រុង​-​ខេត្ត ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បើ​កិច្ចប្រជុំ​ពិភាក្សា​ទៅលើ​ការកំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ នាទី​ប្រជ​ន​ជន​ក្រុងព្រះសីហនុ​ជាថ្មី​ឡើងវិញ ដើម្បី​ជៀសវាង​មានប្រតិកម្ម​តវ៉ា​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ទេសចរណ៍​មួយ​នេះ​នា​ថ្ងៃ​អនាគត​។​

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក និង លោក ស្រេង វ៉ាន់​លី អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អង្ក​ការ​លីកាដូ ប្រចាំខេត្ត​ព្រះសីហនុ បានស្នើ​ដល់ អភិបាលក្រុង​ព្រះសីហនុ និង​អភិបាលខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ រួមជាមួយ​ក្រុមហ៊ុន K.S.W.M. ជាដើម​ផង ត្រូវ​ជួបជុំគ្នា​ពិភាក្សា​ទៅលើ​ការកំណត់​តម្លៃ​សំរាម​ជាថ្មី ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​រាល់ថ្ងៃនេះ គេ​សង្កេតឃើញថា កាកសំណល់​សំរាម​ត្រូវបាន​គេ​យក ទៅ​គរ​ទុកចោល នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ​ភាគច្រើន​នាទី​ប្រជុំជន​ក្រុងព្រះសីហនុ មាន​រយៈពេល​យូរថ្ងៃ និង​បាន​ជះ​ក្លឹ​ន​ស្អុយ នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ ជាពិសេស​ប៉ះពាល់​ដល់​អារម្មណ៍ របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ​។​

​បញ្ហា​សំរាម​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ទីប្រជុំជន​ក្រុងព្រះសីហនុ បាន​រិះគន់​ដល់​ថ្នាក់ដឹកនាំ នៃ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ថា​អសមត្ថភាព ក្នុងការ​គ្រប់គ្រង​កាកសំណល់​សំរាម​នាទី​ប្រជុំជន​ក្រុងព្រះសីហនុ ឲ្យ​បានល្អ​នៅឡើយ​ទេ​។ ជាពិសេស ក្រុមហ៊ុន K.S.W.M. ដែល​រដ្ឋបាល​ក្រុង ផ្តល់​សិទ្ធិ​និ​វិយោគ​ប្រមូល​សំអាត​សំរាម នាទី​ប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ រាល់ថ្ងៃនេះ មិនទាន់មាន​បុគ្គលិក​ឬ​កម្មករ និង​រថយន្ត សម្រាប់​បំរើ​ឲ្យ​ការងារ ប្រមូល​សំរាម​ឲ្យ​បាន​គ្រប់​ចំនួន​ទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×