Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់ បោក​លុយ​ស្ត្រី​ជនជាតិ​វៀតណាម ជាង​៣០​ម៉ឺន​ដុល្លារ ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ចាប់ខ្លួន​និង​បាន​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​បណ្តឹង​ស្ត្រី​របស់​វៀតណាម​ម្នាក់ បាន​ប្តឹង​ពីបទ ឆបោក​ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​។​

​សមត្ថកិច្ច​នគ​បាល បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN អាយុ​៤៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​។ ចំណែក​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ Darg Mai Nga ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អ្នកជំនួញ​។ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ នៅ​រាជធានី​ភ្នំពេញ យោងតាម​ពាក្យបណ្តឹង របស់​ស្ត្រី​ជនជាតិ​វៀតណាម ឈ្មោះ Darg Mai Nga បាន​ចោទប្រកាន់​ពី​ឆបោក​ប្រាក់​ចំនួន​៣៥៦.០០០​ដុល្លារ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨ ដោយ​ដើមបណ្តឹង​បាន​ស្គាល់​ជនសង្ស័យ តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។

លុះ​ថ្ងៃទី​១០ ខែ​មករា ជនសង្ស័យ​ឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN បាន​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សុំ​ជួប​ជាមួយ​ជនរងគ្រោះ ដោយនិយាយ​លួងលោម​បញ្ចុះបញ្ចូល ឲ្យ​ជនរងគ្រោះ ចូល​ហ៊ុន​បើក​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ នៅ​ប្រទេស​កម្ពុជា​។ ជនសង្ស័យ​បាន​ប្រើល្បិច​នាំ​ជនរងគ្រោះ មក​ប្រទេស​កម្ពុជា ដើម្បី​មើល​ទីតាំង​បង្កើត​សិប្បកម្ម​ផលិត​ឥដ្ឋ​ការ៉ូ ដោយ​អះអាង​ថា មាន​មិត្តភក្តិ​នៅ​ប្រទេស​កម្ពុជា​។ ដោយ​មាន​ការជឿ​ទុកចិត្ត ជនរងគ្រោះ​បាន​ផ្តល់​ប្រាក់​ឲ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​លើក សរុប​៣៥៦.០០០ ដុល្លារ តាមរយៈ​គណនេយ្យ​របស់​ពួកគេ ដែល​បាន​ផ្តល់ឲ្យ គ្នា​ទៅវិញទៅមក​។

ក្រោយពេល​បានវេរ និង​ទទួល​ប្រាក់​នោះ​ហើយ ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន​មិនអាច​ទាក់ទង​បាន​មួយរយៈ​។ លុះ​ថ្ងៃទី​១៥ ខែមិថុនា ជនសង្ស័យ​បាន ទូរស័ព្ទ​ទៅ​ជន​រងគ្រោះ​ថា សិប្បកម្ម​ធ្វើ​ជិត​រួចរាល់​ហើយ ឲ្យ​ជនរងគ្រោះ​ផ្តល់ប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​បន្ថែមទៀត តែ​ត្រូវ​ចាប់ខ្លួន​តែម្តង ពេល​ជនរងគ្រោះ​ប្តឹង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×