Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​អ្នក​បើក​ឡាន​តាក់ស៊ី បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​អ្នក​ម្នាង អ៊ុក ផល្លា ​ទទួលមរណភាព និង សម្តេចក្រុមព្រះ របួសធ្ងន់​

spot_img

ព្រះសីហនុ ៖ អ្នក​បើក​ឡាន​តាក់ស៊ី ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព និង​ធ្វើឱ្យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ រងរបួស​ធ្ងន់​នោះ នៅ​ព្រលប់​ថ្ងៃទី​១៨ ខែមិថុនា ត្រូវបាន​លោក ប្លង់ វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។​

​មន្ត្រី​តុលាការ ថ្លែងថា ជនបង្ក​ឈ្មោះ វ៉ុល សារ៉េត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ត្រូវបាន​ចោទប្រកាន់​ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យ​របួស​និង​ស្លាប់​អ្នក​ដទៃ តាម​មាត្រា​៨៣​និង​មាត្រា​៨៥​នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។​

​លោក​ចៅក្រម បាន​បង្គាប់​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែល​មានឈ្មោះ ម៉ុល សារ៉េត ទៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ការឃុំ​ខ្លួន​បណ្តោះ​អាន្ន ដោយ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​នីតិវិធី ។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់បន្ថែម​ថា អ្នកបើករថយន្ត​រូបនេះ ត្រូវបាន​លោក​ឲ្យកម្លាំង​យកចេញ​ពី​មន្ទីរពេទ្យ ទៅ​បង្ហាញខ្លួន​នៅ​តុលាការ ហើយ​នៅ​ល្ងាច​ថ្ងៃនេះ ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​តែម្តង​។​

​សូមបញ្ជាក់​ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួលមរណភាព​ដោយសារតែ​គ្រោះថ្នាក់​ចរាចរ​នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ ក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណប់ ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​រថយន្តឈ្នួល​ម៉ាក​ហាយ​ឡែន​ឌើ​មួយគ្រឿង បើក​បុក​ព្រះទីនាំង​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ព្រះអង្គ​កំពុង​យាង​ចុះទៅ​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ បាន​កើតឡើង​ដោយសារ​រថយន្ត​ឈ្នួល​ហាយ​ឡែន​ឌើ បាន​ព្យាយាម​បើក​ជែង​រថយន្ត​ធំ​មួយ​បើក​ក្នុង​ទិសដៅ​ស្របគ្នា​ក្នុង​ទិសដៅ​ពី​ព្រះសីហនុ មក​ភ្នំពេញ ក៏​ជ្រុល​ចូល​ទៅ​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​នោះ​តែម្តង​។​

​គ្រោះថ្នាក់​នេះ បាន​ធ្វើឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រី​ឯ​សម្តេច​ក្រុមព្រះ​បាន​រងរបួស​ធ្ងន់ធ្ងរ​។ ដោយឡែក ភាគី​រថយន្ត​ហាយ​ឡែន​ឌើ​វិញ ដែលមាន​អ្នក​ជិះ​រហូត​ដល់​ទៅ​៦​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល តែ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ជិះ​ក្នុង​រថយន្ត​ហាយ​ឡែន​ឌើ​ដែរ គឺ​រងរបួស​ធ្ងន់ធ្ងរ​ខ្លាំង ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយឡែក អ្នកបើកបរ​រថយន្ត​សម្តេចក្រុមព្រះ បាន​រងរបួស​ស្រាល​៕ ​ដោយ ៖ បញ្ញា​ស័ក្តិ​

    

spot_img
×