Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ដាក់​ឲ្យដំណើរ​ការ ជា​ផ្លូវ​ការ នូវ​ការ​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និច លើ​រថយន្ត​ក្រុង​សាធារណៈហើយ​

spot_img

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយធនាគារឯកទេសវីង (Wing) បានប្រកាសដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវការ​ទូទាត់​ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច លើរថយន្តក្រុងសាធារណៈ ជាលើកដំបូងហើយ កាលពីព្រឹកថ្ងៃទី១៩មិថុនានេះ ដែល​ពិធីនេះ​បានធ្វើ​ឡើង​ក្រោម​វត្តមាន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកគិត ម៉េង ប្រធានប្រឹក្សាភិបាល នៃ​ធនាគារ​ឯកទេសវីង។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។

លោកបន្តថា ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន។

លោក អ៊ាន សុឃីម បញ្ជាក់ថា សម្រាប់កាតអ្នកជិះរថយន្តក្រុង មានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសម្រាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកម្ពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ដែលកាតលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សម្រាប់អ្នកដំណើរទូទៅ។

អគ្គនាយកធនាគារឯកទេសវីង បានឲ្យដឹងថា កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែល​អនុញ្ញាតឲ្យអតិថិជន ប្រើប្រាស់សេវារថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត តាមរយៈកាតរថយន្តក្រុង និង​បច្ចេកវិទ្យារបស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះរថយន្តក្រុង សាធារណៈ​ទាំង​១៥៥​គ្រឿង ដោយពុំចាំបាច់ព្រួយបារម្មណ៍ ពីរឿងមានសាច់ប្រាក់ក្នុងហោប៉ាវ និងរីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់​ជូនតាម​រយៈសេវាកម្មវីងនេះ។

លោកឃួង ស្រេង បានថ្លែងថា បច្ចុប្បន្ននេះ សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្ត ក្រុង​កំពុងដាក់ឲ្យដំណើរការ ក្នុងទីក្រុងចំនួន៨ខ្សែ មានរថយន្ត១៥៥គ្រឿង ដែលកំពុងទទួលបានការពេញនិយម ពីប្រជាពលរដ្ឋ និង​ងាកមកជិះឡាន ក្រុងកាន់តែច្រើនដែលមានចំនួនពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះ បាន​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង​ចូល​រួមកាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរ និងការបំពុលបរិស្ថាន ចំណេញពេលវេលា និងមានផាសុកភាព។

ទន្ទឹមនឹងការអបអរសាទរ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធកាតវីង លើរថយន្តក្រុងនេះ លោកអភិបាលរាជធានី ក៏បានកោតសរសើរ ដល់​អ្នក​បើកបររថយន្តក្រុង (City Bus) ដែលបានអនុវត្តក្រមសីលធម៌ អ្នកបើកបរបានល្អប្រសើរ និង​មិនបាន​ទទួលប្រាក់​ពីអ្នក​ដំណើរ​នោះឡើយ ហើយមកដល់ពេលនេះក៏មិនបានបង្កគ្រោះថ្នាក់ចរាចរនោះដែរ។

លោកឃួង ស្រេង ក៏បានណែនាំឧ្យិរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ពិនិត្យមើលតម្រាយផ្លូវណា ដែល​មាន​ភាព​មមាញឹកខ្លាំង គួរបន្ថែមរថយន្ត ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់​ជួយ​ពិនិត្យ​មើល​នឹងសំអាត តាមចំណតរថយន្តក្រុងឲ្យបានស្អាតជានិច្ច៕ ដោយ៖កូឡាប

   

spot_img
×