Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម លើកឡើង​ពី​កត្តា​ហានិភ័យ និង​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​ថ្នាំ និង​ជី​កសិកម្ម

spot_img

​សៀមរាប​៖ លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្សព្វផ្សាយ​ពី​កត្តា​ហានិភ័យ និង​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​ថ្នាំ និង​ជី​កសិកម្ម ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ស្នើ​សូម​បងប្អូន​ទាំងអស់ ប្រើប្រាស់​ទៅតាម​កាលកំណត់​នី​មួយៗ​ដែល ធ្វើ​ឡើង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្នុងពេល​បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ធាតុ ចូល​សម្ភារៈ​កសិកម្ម​នី​តិក​ម្ម​។​

​លោក វេង សាខុន បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម ការប្រើប្រាស់​ធាតុ​ចូល​សម្ភារៈ​កសិកម្ម បញ្ហា​ប្រឈម និង​លើកកម្ពស់ អភិបាលកិច្ច​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​ជំនាញ ពង្រឹង​សមត្ថភាព​ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម​ខុស​ច្បាស់ ការប្រើប្រាស់ ការថែរក្សា​ទុកដាក់​ខុស​បច្ចេកទេស ដែល​នាំឲ្យ​ប៉ះពាល់​ដល់​គុណភាព​កសិផល គុណភាព​ដី ទឹក សុខភាព​អ្នកប្រើប្រាស់ និង​អ្នក​បរិភោគ​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា បច្ចុប្បន្ន​តម្រូវការ​នៃ​ការប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​មាន​កំណើន គួរឱ្យកត់សម្គាល់​ស្របពេល​ដែល ដំណាំ​កសិឧស្សាហកម្ម ដូចជា​ដំឡូង​មី ម្រេច កៅស៊ូ ស្រូវ ពោត សណ្តែក ស្វាយចន្ទី​ជា​ដើម កំពុង​មាន​ការរីកចម្រើន ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ក្រសួង​បាន​ផ្សព្វផ្សាយ​អប់រំ​លើកកម្ពស់​ការយល់ដឹង ជា​សាធារណៈ​អំពី​សារប្រយោជន៍ និង​ហានិភ័យ​នៃ​ធាតុ​ចូល​កសិកម្ម ការគ្រប់គ្រង​ថ្នាំ និង​ជី​កសិកម្ម​ដល់​ពាណិជ្ជករ និង​អ្នកប្រើប្រាស់ នៅតាម​រាជធានី​-​ខេត្ត​ក៏​ត្រូវបាន​ពង្រឹង​ផងដែរ​។

​លោក​រដ្ឋមន្ត្រី ក៏​ទទួលស្គាល់​នូវ​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ថ្នាំ និង​ជី​កសិកម្ម (​នាំចូល លាយ​ផ្សំ វេច​ខ្ចប់ លក់​ចែកចាយ​) និង​ការប្រើប្រាស់​នៅ​តែ​ជួប បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការនាំ​ចូល​ថ្នាំ និង​ជី​កសិកម្ម​ខុសច្បាប់ ចរាចរ​លើ​ទីផ្សារ​ដោយ​គ្មាន ការធានា​គុណភាព ហើយ​ស្លាក​សញ្ញា​ព័ត៌មាន​ជា​ភាសាបរទេស​។ ជី​កសិកម្ម​មួយចំនួន ត្រូវ​បាន​ក្លែងបន្លំ​គុណភាព ក្លែង​សំបក​វេច​ខ្ចប់ ហួស​សុពលភាព​។ ការបណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់ ការថែរក្សា​ទុកដាក់ ការការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ការយល់ដឹង​ពី​ឥទ្ធិពល​របស់​ថ្នាំ និង​ជី​កសិកម្ម ហានិភ័យ គុណភាព និង​ប្រសិទ្ធភាព​នៃ​ធាតុ​ចូល​ទាំងនោះ ទៅ​តាម​ប្រភេទ​ដី ប្រភេទ​ដំណាំ ដំណាក់កាល​លូតលាស់​របស់​ដំណាំ​នៅមានកំរិត​។​

​លោក​វេង សាខុន បាន​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម ក៏ដូចជា​ការអនុវត្ត​ច្បាប់​ស្ដី ពី​ការគ្រប់គ្រង​ថ្នាំ និង​ជី​កសិកម្ម ដើម្បី​ធានា​សុវត្ថិភាព និង​សុខុមាលភាព​សាធារណៈ​។ លោក​បាន​ជំរុញ​ការ​ធ្វើ​អធិការកិច្ច និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​លើ​ការធ្វើ​អាជីវ​-​កម្ម​គ្រប់​រូបភាព ត្រួតពិនិត្យ​លើ​បមាណីយ​គុណភាព​ផលិតផល ស្លាក​សញ្ញា​ព័ត៌មាន និង​ប្រភពដើម​ស្របច្បាប់ នៃ​ផលិតផល​នាំចូល និង​ចរាចរ​លើ​ទីផ្សារ​។ បន្ដ​ពង្រឹង​សមត្ថភាព មន្ទីរពិសោធន៍​ជី និង​ថ្នាំ​កសិកម្ម​ដើម្បី​ធានា​គុណភាព ផលិតផល​ពិត គ្មាន​ការ​ក្លែងបន្លំ​គុណភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​តាម​បញ្ជិកា​ស្នើសុំ​។ ត្រូវ​ណែនាំ​ដល់​កសិករ ឱ្យ​ចេះ​សន្សំ និង​ប្រើ​ជី​ធម្មជាតិ ជីសរីរាង្គ​ឲ្យអស់​លទ្ធ​ភាព ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិត តាមរយៈ​ការចំណាយ​លើ​ជីគីមី ម្យ៉ាងទៀត​ដើម្បី​រក្សា​គុណភាព​ដី គុណភាព សុ​វត្ថ​ភាព​ផលិតផល និង​ជា​ពិសេស​ចូលរួម​កាត់បន្ថយ​ឱនភាព​ដី​កសិកម្ម​។ ត្រូវ​លើកកម្ពស់​អភិបាលកិច្ច​ល្អ ក្នុង​ការបម្រើ​សេវា​សាធារណៈ ត្រូវ​ពង្រឹង​ឆន្ទៈ​ការងារ និង​វិន័យ​ថ្លៃថ្នូរ​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ដោយ​ផ្អែក​តាម​គោលការណ៍​ការងារ និង​នីតិវិធី​ពាក់ព័ន្ធ​ជា​ធរមាន​​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×