Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចែករំលែក​បទពិសោធ​ន៍​និង​វិធីសាស្ត្រ​ពង្រីក​វិសាល​ភាពឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​

spot_img

​ខេត្ត​បាត់ដំបង​៖ តំណាង​ក្រសួង​ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២២​គម្រោង ដែល​កំពុង​ធ្វើកា​រលើ​ផ្នែក​បន្ស៊ាំ កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន ក្រុម​ការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ សរុប​ចំនួន​៩៥​នាក់ ក្នុងនោះ​ស្ត្រី​២៨​នាក់ បាន​ចូលរួម​នៅក្នុង “​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍ ស្តីពី​គម្រោង​ប្រែប្រួល​អាកាសធាតុ​” រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ខេមរា​បាត់ដំបង ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង ដែល​ទទួល​មូលនិធិ​ពី​កម្មវិធី​សម្ព័ន្ធភាព ប្រែប្រួល​អាកាសធាតុ​កម្ពុជា (Cambodia Climate Change Alliance: CCCA) សំដៅ​ស្វែងរក​តម្រូវការ​ចាំបាច់ ក្នុង​ការបង្កើន​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គម្រោង ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ទាំង​នៅ​ថ្នាក់ជាតិ​និង​សហគមន៍ នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការអនុវត្ត​គម្រោង​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា លោក ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​CCCA បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល របស់​គម្រោង​ទាំង​២២ ដែល​បាន​កំពុង​អនុវត្ត ដើម្បី​បង្កើន​សមត្ថភាព​មន្ត្រី ក៏ដូចជា​ស្ថាប័ន ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​នៅ​មូលដ្ឋាន ជាពិសេស​គឺ​ការ​ចងក្រង​នូវ​មេរៀន បទពិសោធន៍​ជា​ច្រើន ទាំង​ការរៀបចំ​គោលនយោបាយ ការសិក្សា​ស្រាវជ្រាវ និង​ការងារ​អនុវត្ត​សាកល្បង​។​

​លោក ជូ​លៀន ឆេ​វីឡាដ មន្ត្រី​ត្រួតពិនិត្យ​មូលនិធិ​គម្រោង​ប្រែប្រួល​អាកាសធាតុ និង​ជា​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បានបញ្ជាក់​ថា​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន​១៤ បាន​ទទួល​មូលនិធិ​ជំនួយ​ឥត​សំណង​ពី​កម្មវិធី​CCCA សម្រាប់​អនុវត្ត​សកម្មភាព​អាទិភាព ដែល​មាន​ក្នុង​ផែនការ​សកម្មភាព ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ តាម​វិស័យ​របស់​ខ្លួន ក្នុងនោះ​គម្រោង​ចំនួន​៨ បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៥ ចំណែក​ចំនួន​៦​ទៀត​នៅ​ឆ្នាំ​២០១៧​។ ក្រៅពីនេះ គម្រោង​ស្ថាប័នរដ្ឋ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៨ ក៏​បាន​ទទួល​មូលនិធិ​លើ​ផ្នែក​ស្រាវជ្រាវ និង​ច្នៃប្រឌិត ដោយ​ផ្តោត​លើ​អាទិភាព​ប្រែប្រួល​អាកាសធាតុ នៅ​ឆ្នាំ​២០១៦ ផងដែរ​។​

​អ្នក​អនុវត្តន៍​គម្រោង និង​មន្ត្រី​រៀបចំ​ផែនការ បានរួម​គ្នា​ពិភាក្សា​ទៅលើ​ទិដ្ឋភាព សំខាន់ៗ​ចំនួន​៣ រួមមាន ១) បទពិសោធន៍​ល្អៗ ដែល​អនុវត្ត​កន្លង​មក បញ្ហា​ប្រឈម និង​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ ២) យុទ្ធសាស្ត្រ​ធានា​និរន្តរភាព​គម្រោង ផែនការ​ពង្រីក​វិសាលភាព និង​៣) ការគ្រប់គ្រង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​គម្រោង​៕ ដោយ​៖​កូឡាប​

 

spot_img
×