Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​និង​កម្ពុជា ជំរុញ​បន្ថែមទៀត លើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​កាត់បន្ថយ​អតុល្យភាព​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ នូវ​បរិមាណ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី និង​បាន​ធ្វើ​ការកត់សម្គាល់​អំពី​អតុល្យភាព​ក្នុង​ជញ្ជីងពាណិជ្ជកម្ម ហើយ​គូសបញ្ជាក់​ពី​បំណង​របស់​កម្ពុជា ជំរុញ​បន្ថែមទៀត​លើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​កាត់បន្ថយ​អតុល្យភាព​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក SUDIRMAN Haseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៨​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ឥណ្ឌូនេស៊ី ដែល​ទើប​ត្រូវ​បាន​ជាប់ឆ្នោត ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០១៩-២០២០ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម ដ៏​សកម្ម​របស់​ឥណ្ឌូ​នេស៊ី ក្នុង​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា ព្រមទាំង​ការជួយឧ​ប​ត្ត​ម្ភ​ក្នុងដំណើរការ​អភិវឌ្ឍ​កម្ពុជា រយៈកាល​កន្លងមក​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​ជំរាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​ការវាយតម្លៃ​ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឥណ្ឌូនេស៊ី​-​កម្ពុជា ហើយ​និង​ចំពោះ​ការរីកចំរើន​ដែល​កម្ពុជា​សម្រេចបាន ពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច​។​

​លោក​ក៏​បាន​សំដែង​អំណរគុណ​របស់ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី សម្រាប់​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​បេក្ខភាព​ឥណ្ឌូណេស៊ី ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក​ឯកអគ្គរដ្ឋទូត​បាន​សំដែង​អំណរ​សាទរ ចំពោះ​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសតាំង ជា​អនុប្រធាន​សម័យប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ហើយ​និង​ដែល​ត្រូវ​បាន​ជាប់ឆ្នោត ជា​សមាជិក​របស់​អង្គការ​សេដ្ឋកិច្ច​និង​សង្គម​របស់ អ​.​ស​.​ប (ECOSOC) ដោយ​សំឡេង​គាំទ្រ​ដ៏​ច្រើន​លើសលុប ក្នុង​ការបោះឆ្នោត​កន្លង​មក​ថ្មីៗ​នេះ​។​

​នៅក្នុង​ជំនួប​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​បញ្ហា​ជាច្រើន​ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​អំពី​ការ​ស្រេច​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទទួលយក​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ថ្នាក់ដឹកនាំ របស់​អាស៊ាន (ASEAN Leaders’ Gathering) ក្នុង​ខែ​តុលា​ខាងមុខនេះ នៅ​ទីក្រុង​បាលី​ប្រទេស ឥណ្ឌូនេស៊ី​។ លោក​ឯកអគ្គរដ្ឋទូត​បាន​សម្តែង​អំណរគុណ និង​ការវាយតម្លៃ​ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចំពោះ​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​លោក​ទេសរដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​គ្នា​អំពី​ការត្រៀម​រៀបចំ សម្រាប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​សហប្រតិបត្តិការ​ទ្វេភាគី ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ពិនិត្យ​រក​វិធី​បង្កើន​ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។​

​នៅក្នុង​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកើនឡើង ជា​រៀងរាល់ឆ្នាំ​នូវ​បរិមាណ នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ធ្វើ​ការកត់សម្គាល់​អំពី អតុល្យភាព​ក្នុង​ជញ្ជីង​ពាណិជ្ជកម្ម ហើយ​បាន​គូសបញ្ជាក់​ពី​បំណង​របស់​កម្ពុជា ជំរុញ​បន្ថែម​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី និង​ការកាត់បន្ថយ​អតុល្យភាព​នេះ​។​

​នៅ​លើ​ផ្នែក​ទេសចរណ៍ លោក​ទេសរដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ការ​រិះរក​វិធី​ដើម្បី​ធ្វើ​ការជំរុញ​បន្ថែមទៀត ដោយ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​ជម្រាបជូន លោក​ទេសរដ្ឋមន្ត្រី​អំពី​បំណងប្រាថ្នា របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​មួយ របស់​ឥណ្ឌូណេស៊ី ក្នុង​ការបើក ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​បង្កើត​ជើងហោះហើរ​ត្រង់ កម្ពុជា​-​ឥណ្ឌូណេស៊ី ក្នុង​ពេល​អនាគត​ខាងមុខ​។ លោក​ទេសរដ្ឋមន្ត្រី​បានបង្ហាញ​ការស្វាគមន៍​ចំពោះ​គំរោង​នេះ ហើយ​បាន​អះអាង​ពី​ការខិតខំ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ អាច​សម្រេចបាន​នូវ​គម្រោង​ការងារ​របស់ខ្លួន​។​

​នៅ​លើ​ផ្នែក​អប់រំ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​បាន​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក ហើយ​ជាពិសេស​ក្នុង​ឆ្នាំ​២០១៦ ចំនួន ២៣៤​កន្លែង​។ លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​និស្សិត​ឥណ្ឌូណេស៊ី មក​បំពេញ​ការសិក្សា​នៅ​កម្ពុជា ដែល​មកដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៤០​នាក់​។ លោក​ទេសរដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។​

​លើ​វិស័យ​ការពារ​ប្រទេស លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​បាន​ជួយ​ធ្វើ​ការហ្វឹកហាត់ ដល់​កងទ័ព​កម្ពុជា​ហើយ​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិកា​រ ដ៏​ល្អ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ក្នុង​ប្រតិបត្តិកា​ររ​ក្​
​សា​សន្តិភាព​របស់​អ​.​ស​.​ប នៅ​តាម​ប្រទេស​នានា​។​

​លោក​ទេសរដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​គ្នា​ផងដែរ អំពី​ការ​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ទាំង​ពីរ នៅលើ​ឆាក​អន្តរជាតិ ៕ ដោយ​៖​កូឡាប​

spot_img
×