Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​គ្រោះថ្នាក់​ទៅលើ​សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង គឺជា​គ្រោះថ្នាក់​ចរាចរ​ពិតប្រាកដ​មែន​

spot_img

​​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​អគ្គស្នងការ​រង​នគរបាលជាតិ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ ដែល​កើតឡើង​ដោយសារ​ភាគី​ម្ខាង​ទៀត​បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ផ្ទុក​មនុស្ស​លើ​ចំណុះ និង​មាន​ល្បឿន​ហួសកំណត់​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏​បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ទាំងឡាយណា ដែល​បាន​លើកឡើង​ថា ករណី​នេះ​មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ព័ត៌មាន​នេះ​ផ្ទុយស្រឡះ​ពី​ការពិត និង​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ជំនាញ​។​

​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន​ថ្លែងថា លទ្ធផល​នៃ​ការស៊ើបអង្កេត​ដូចដែល​បាន​បង្ហាញ​ជូន​នេះ គឺជា​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​បដិសេធ​ទៅលើ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​លើកឡើង មិន​ត្រឹមត្រូវ​តាម​ការស៊ើបអង្កេត​នេះ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បង្ក​ឡើយ​ដោយ​រថយន្ដ Highlander ជា​ប្រភេទ​រថយន្ដ​ឈ្នួល ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ មក​កាន់​រាជធានី​ភ្នំពេញ ។ រថយន្ដ​បង្ក​នោះ បាន​ផ្ទុក​មនុស្ស​លើស​ចំណុះ ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​លើស​កំណត់ (១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​) ដែលនាំអោយ​មាន​ការពិបាក​ក្នុង​ការបញ្ជា​យានយន្ដ​។​

បើ​តាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ជំនាញ នៅ​មុនពេល​កើតហេតុ រថយន្ដ​បង្ក​បាន​ឡើង​វ៉ា​រថយន្ដ​មួយ​គ្រឿង ម៉ាក Lexus RX300 ស្រាប់តែ​ពេល​កំពុង​ឡើង​វ៉ា​នោះ ក៏​ពើបប្រទះ​នឹង​រថយន្ដ​ក្បូន​របស់​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែល​កំពុងតែ​បើក​ច្រាសទិស​គ្នា ហើយ​អ្នកបើកបរ​រថយន្ដ​បង្ក បាន​បន្ថែម​ល្បឿន​ដើម្បី​វ៉ា​អោយ​ផុត ហើយ​គេច​ចូល​មក​ខាងស្ដាំ​ដៃ​វិញ ។ ពេល​នោះ​រថយន្ដ​បាន​គេច​ជ្រុល​មក​ខាងស្ដាំ បណ្ដាលអោយ​ធ្លាក់​ផ្លូវ​មួយ​ចំហៀង ហើយ​អ្នកបើករថយន្ដ​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​វិញ ស្រាប់តែ​ព្រះទីនាំង​របស់​សម្ដេច​ក្រុមព្រះ​មកដល់ ក៏​បុក​ពេញទំហឹង​តែ​ម្ដង ។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​សម្រេច​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ឈ្មោះ ម៉ិ​ល សារ៉េត អាយុ​៣៤​ឆ្នាំ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើក​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាល​អោយ​ទ្រង់​រងរបួស​ធ្ងន់ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួលមរណភាព ។ តុលាការ​បាន​សម្រេច​ចោទប្រកាន់ អ្នកបើកបរ​រថយន្ដ​តាក់ស៊ី ពីបទ បើកបរ​ធ្វេសប្រហែស បណ្តាល​របួស និង​ស្លាប់​អ្នកដទៃ ។​

​សូមបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាឡឱ្យ អ្នក​ម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព​ពេល​បញ្ចូន​ដល់​មន្ទីរពេទ្យ ចំណែក​សម្តេច​ក្រុមព្រះ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។ ក្រៅពីនោះ​​ក៏​មាន​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​ជិះ​តាក់ស៊ី និង​អ្នករួមដំណើរ​ក្នុង​ក្បួន​ព្រះទីនាំង​មួយចំនួនទៀត រងរបួស​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×