Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរ​ជប៉ុន មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ជិត​៧​ភាគរយ ឯ​ទេសចរ​កម្ពុជា ទៅ​ជប៉ុន​កើន​១៩​ភាគរយ​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាងថា រយៈពេល ៩​ខែ ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៣,៩ លាន​នាក់ ក្នុង​កំណើន ១១,៥% ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ១៤​ម៉ឺន ៦​ពាន់​នាក់ ក្នុង​កំណើន ៦,៨% ប៉ុន្តែ​បើ​យោងតាម​ស្ថិតិ​អន្តោប្រវេសន៍​ជប៉ុន បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦ ប្រជាជន​កម្ពុជា​ចំនួន​១៣.០០០​នាក់ បានមក​ទស្សនា​ប្រទេស​ជប៉ុន បើ​ធៀប​ទៅនឹង​ឆ្នាំមុន កើនឡើង​១៩​ភាគរយ​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន លើក​ទី ១ និង​ពិធី​អបអរសាទរ​ខួប ១​ឆ្នាំ នៃ​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរ ANA នៅ​ផ្សារ​ទំនើប AEON រាជធានី​ភ្នំពេញ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ លោក បន្តថា ពិព័រណ៍​ដ៏​ល្អ​នេះ សំដៅ​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ជប៉ុន ដែលជា​ផ្នែក​មួយ ចូលរួម​ដល់​ការពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន​ដែលជា​សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​ដទៃទៀត ដែល​កើតចេញពី​សុខសន្តិភាព​ពេញលេញ​របស់​កម្ពុជា​។ នៅ​ឆ្នាំ​២០១៦ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៥​លាន​នាក់ ក្នុង​កំណើន ៥% ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ១៩​ម៉ឺន​នាក់​។ សម្រាប់​រយៈពេល ៩​ខែ ដើម ឆ្នាំ​២០១៧​នេះ យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង ៣,៩ លាន​នាក់ ក្នុង​កំណើន ១១,៥% ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ១៤​ម៉ឺន ៦​ពាន់​នាក់ ក្នុង​កំណើន ៦,៨%​។

កំណើន​ដ៏​ល្អ នៃ​ការមកដល់​របស់​ទេស​ចរ​អន្តរជាតិ ពិសេស​កំណើន នៃ​ការ​មក​ទស្សនា​កម្ពុជារ​បស់​មិត្ត​ជប៉ុន គឺ​ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការបង្កើន​ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ​រវាង​ប្រទេស​យើង​ទាំងពីរ​នោះទេ​។ ជាការ​ពិត យើង​ទទួលបាន​សមិទ្ធផល​ទេសចរណ៍​គួរ​ជាទី​មោទនៈ​នាពេលនេះ ក៏​អាស្រ័យ​លើ​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការបើក​ច្រកព្រំដែន​អន្តរជាតិ កាន់តែ​ទូលំទូលាយ​ជាមួយ​បណ្តា​ប្រទេសជិតខាង និង​កិច្ចប្រឹងប្រែង របស់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ជាក់ស្តែង ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ តូ​ក្យូ​-​ភ្នំពេញ​-​តូ​ក្យូ​របស់​ក្រុមហ៊ុន ANA ដែល​បាន​ចាប់ដំណើរការ​អស់​រយៈពេល​ជាង ១ ឆ្នាំ​កន្លងមកនេះ គឺ​មិន​ត្រឹមតែ​ផ្តល់នូវ​ជម្រើស​ដ៏​ពេញនិយម និង​កាន់តែ​ងាយស្រួល សម្រាប់​ភ្ញៀវទេសចរ​ជប៉ុន​ក្នុងការ​មក​ទស្សនា​កម្ពុ​ជា ក៏ដូចជា​សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា​ក្នុងការ​ទៅ​ទស្សនា​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​បង្កើន​ការតភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​យើង​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ផងដែរ​។ លើសពីនេះ​ទៀត ការសម្រួល​ការធ្វើដំណើ​រ ជា​កត្តា​គន្លឹះ​សម្រាប់​ជំរុញ​កំណើន​ទេសចរណ៍ ដោយ​បច្ចុប្បន្ន កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​ការផ្តល់​ទិដ្ឋាការ​អេឡិចត្រូនិក (E-visa) ទិដ្ឋាការ​ពេលមកដល់ និង​ទិដ្ឋាការ​ចេញចូល​ច្រើនដង​សម្រាប់​រយៈពេល ១​ឆ្នាំ ២​ឆ្នាំ និង​៣​ឆ្នាំ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ និង​វិនិយោគិន​ជប៉ុន​។​

​លោក​បាន​បន្ថែមថា នៅក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ ក៏ដូចជា​ការឆ្លើយតប​នឹង​តម្រូវការ របស់​ភ្ញៀវទេសចរ​ក្នុងស្រុក ក្រសួងទេសចរណ៍​បាន​នឹង​កំពុង​បន្ត​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែលមាន​ស្រាប់ រួម​ជាមួយនឹង​ការគៀងគរ​ឲ្យ​មានការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត កាន់តែ​សម្បូរបែប ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ​និយាយ​ជារួម និង​នៅ​រាជធានី​ភ្នំពេញ​និយាយ​ដោយឡែក ។​
​ជប៉ុន​ក៏​ជា​ដៃគូ​ជា​ដែ​គូ​វិនិយោគ ពាណិជ្ជកម្ម និង​ជា​ម្ចាស់ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​។ នៅក្នុង​ឆ្នាំ​២០១៦​កន្លងមក វិនិយោគទុន​ជប៉ុន នៅ​កម្ពុជា បាន​កើន​ឡើងដល់​ចំនួន​ជាង ៨០០​លាន​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ថា កម្ពុជា​នឹង​អាច​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​វប្បធម៌ ប្រពៃណី និង​សក្តានុពល​ទេសចរណ៍​របស់​ជប៉ុន ដែល​ពិតជា​នឹងចូលរួម​ដល់​ការបង្កើន​លំហូរ​ភ្ញៀវទេសចរ​ទៅវិញទៅមក (two-way visits) រវាង​កម្ពុជា​-​ជប៉ុន ជាពិសេស​ក្រុមហ៊ុន​អាកាសចរ ANA អាច​ពិចារណា​លើ​ការបង្កើន​ជើងហោះហើរ​ត្រង់ មក​កម្ពុជា​បន្ថែមទៀត ពិសេស​ការតភ្ជាប់ ទៅកាន់​សៀមរាប​អង្គរ និង​តំបន់ឆ្នេរ​។​

​ក្នុងឱកាស​នោះដែរ លោក​HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ជា​រៀងរាល់​ឆ្នាំមាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ​២​សែន​នាក់មក​កម្ពុជា ។ ចំណែក​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ក៏មាន​ការកើនឡើង​ពី​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០១០ រហូតដល់​១២.០០០​នាក់​នៅ​ឆ្នាំ​២០១៦​។ លោក​បន្តថា ប្រទេស​ជប៉ុន​មាន​សណ្ឋាន​ដី​លាតសន្ធឹង​យ៉ាង​វែង​ពី​ខាងជើង​ទៅខាង​ត្បូង ដូច្នេះ​តំបន់​នីមួយៗ​មាន​អាកាសធាតុ​ខុសៗ​គ្នា ទេសភាព​ក៏​ខុសគ្នា ហើយ​មាន​ទំនៀមទម្លាប់​និង​អាហារ​ក៏​ផ្សេង​ពីគ្នា​ផងដែរ ដូច្នេះ​ភាពខុសគ្នា​ទាំងនេះ បាន​បង្កើតជា​ភាព​ទាក់ទាញ​មួយ​របស់​ប្រទេស​ជប៉ុន​។

​ជាមួយគ្នា​នោះដែរ លោក SHIRAISHI Takuya អនុប្រធាន​ការិយាល័យ JNTO ប្រចាំ​ទីក្រុង Bangkok សង្ឃឹមថា​ភ្ញៀវទេសចរ​កម្ពុជា មក​ទស្សនា​ប្រទេស​ជប៉ុន នឹង​កាន់តែ​កើនឡើង​ថែមទៀត នាពេល​អនាគត ។ ប្រទេស​ជប៉ុន មាន​ភាពស្រស់ស្អាត​ដ៏​អស្ចារ្យ តាម​រដូវ​កាល​ជាច្រើន​ដូចជា ផ្កា​សាគូ​រ៉ា នៅ​រដូវ​ផ្កា​រីក ព្រិល​នៅ​រដូវរងា និង​ទីក្រុង​ធំៗ​ដូចជា ទីក្រុង​តូ​ក្យូ អូ​សា​កា ក្យូ​តូ ដែលមាន​ទេសភាព នៃ​ប្រាសាទ​ព្រះពុទ្ធសាសនា​បុរាណ ថែមទាំង​ធម្មជាតិ ក៏​ធំធេង នៅ​ហុក​កៃ​ដូ ការថតរូប​ជា​អនុស្សាវរីយ៍ ដោយ​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន យូ​កាតា និង​មាន​ផ្ទាំង​ទេសភាព​ភ្នំ​ហ្វូ​ជី ដែលជា​និមិត្តរូប​នៃ​ប្រទេស​ជប៉ុន ៕ ដោយ​៖​កូ​ឡាប​

spot_img
×