Sunday, September 19, 2021

បាក់ស្រុត​ផ្លូវ​កៅស៊ូ ចូល​កង់ បី​ឥណ្ឌា នៅ​ស្តុប​ពេទ្យ​ចិន មុខ​ក្រុមហ៊ុន OMC

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង ពេល​កំពុង​ដឹក​ភ្ញៀវ ធ្វើដំណើរ​តាម​ផ្លូវ ភ្លើងស្តុប​ក៏​លោត​ពណ៌​ក្រហម ស្រាប់តែ​ចាប់​ហ្វ្រាំង​បម្រុង​ឈប់​ភ្លាម ផ្លូវថ្នល់​ក៏​ស្រុត​ផុង​កង់​មុខ​កប់​តែម្ដង ។​

​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន ឬ​ស្តុប​អគារ​៤២​ជាន់ (​មុខ​ក្រុមហ៊ុន OMC) តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ ម៉ូតូ​កង់​បី​ឥណ្ឌា មួយគ្រឿង ពណ៌​ក្រហម កំពុង​ដឹក​ភ្ញៀវ ធ្វើដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង លុះ​មក​ជិត​ដល់​ចំណុចកើតហេតុ ភ្លើងស្តុប​ក៏​លោត​ពណ៌​ក្រហម ហើយ​អ្នក​បើក​កង់​បី​ឥណ្ឌា​នោះ​ក៏​ចាប់​ហ្វ្រាំង​តិច​អបៗ​បម្រុង​នឹង​ឈប់ ដើម្បី​រង់ចាំ​ធ្វើ​ដំណើរ​បន្ត ស្រាប់តែ​ពេល​ឈប់​ភ្លាម ផ្លូវថ្នល់​ក៏​ស្រុត​ផុង​កប់​កង់​មុខ​តែម្ដង ទើប​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង ។​

​ម្ចាស់​កង់​បី​ឥណ្ឌា​ក៏​បាន​ចុះ​មក​មើល​ដែរ គ្រាន់តែ​កកិត​ថ្នាំ​ខាងក្រោម​បាត​ប៉ុណ្ណោះ ដោយសារតែ​មិន​ឃើញ​ខូចខាត​អី​ច្រើន ម្ចាស់​កង់​បី ក៏​បាន​ហៅ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ ជួយ​លើក​កង់​បី​ឥណ្ឌា​របស់គាត់​ឡើង​លើ​ចេញ​ជង្ហុក ដើម្បី​បន្ត​ដំណើ​រដឹក​ភ្ញៀវ​ទៅ​មុខ​ទៀត ។​

​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​និង​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​បាន​យក​អី​ទៅ​ដាក់​សម្គាល់​ហើយ ដើម្បី​ការពា​កុំអោយ​មាន​អ្នក​គ្រោះ​ដោយ​សារ ជង្ហុក​ដែល​ស្រុត​ទាំង​កណ្ដាល​ថ្ងៃនេះ ដោយ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ​។ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​រាយ​ការ​ប្រាប់​ទៅ​កាន់​សមត្ថកិច្ច​ដើម្បី​ទាក់​ព័ទ្ធ​ខាង​មន្ត្រី​ពាក់​ព័ទ្ធ​ចុះ​ត្រួតពិនិត្យ​ផង​ដែរ​៕​ ដោយ ៖ បញ្ញាស័ក្តិ