Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ ការដាក់ឱ្យ ប្រើប្រាស់ ផែនការមេ​លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨-២០២២

spot_img

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ការដាក់​ឱ្យ​ប្រើប្រាស់​ផែនការមេ លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ ឆ្នាំ​២០១៨-២០២២ នា​រសៀល នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ រាជធានី​ភ្នំពេញ​។​

​លោក​បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា បន្ទាប់ពី​បាន​អនុវត្តន៍​ប្រកបដោយ​ជោគជ័យ នូវ​ផែនការ​មេ​លើក​ទី​១ ស្តីពី​សុខភាព និង​សុវត្ថិភាព ការងារ ឆ្នាំ​២០០៩-២០១៣ ផែនការមេ​លើក​ទី​២​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បាន​រៀបចំ​ឡើង ដោយ​មាន​ការ​សិក្សា​ផ្អែកលើ​លទ្ធផល នៃ​ការអនុវត្ត​ផែនការមេ​លើក​ទី​១ ការពិគ្រោះ​យោបល់​ត្រីភាគី ការចូលរួម​ពី​ភាគី និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ រួម​ទាំង​​មន្ត្រី​ក្រោម​ឱវាទ​នាយកដ្ឋាន​ពេទ្យ​ការងារ និង អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​បាន​ឯកភាព និង​សម្រេច​ដាក់ចេញ​នូវ​សកម្មភាព​​ជា​អាទិភាព ចំនួន​៦ សម្រាប់​ចង្អុលបង្ហាញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ យក​ទៅ​ពង្រីក​ផែនការ​សកម្មភាព សំដៅ​បង្កើន​ប្រសិទ្ធភាព​​ការងារ​នៅក្នុង​វិស័យ​សុខភាព និង​សុវត្ថិភាព ការងារ​ឱ្យស្រប​តាម​ការវិវត្តន៍ នៃ​សង្គម​សេដ្ឋកិច្ច​សម្រាប់ កម្មករនិយោជិត​នៅ​គ្រប់​មុខ​វិជ្ជាជីវៈ​។​

​លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ផែនការមេ​លើក​ទី​២​នេះ នឹង​បំពេញ​តួនាទី​ជា​ផែនទី​បង្ហាញផ្លូវ និង​កាលានុវត្តភាព ដែល​ជា​ការប្តេជ្ញា របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គោលបំណង ដើម្បី​បង្កើត​ឱ្យមាន បរិយាកាស​ការងារ​ល្អ​ប្រកប​ដោយ​សុខភាព និង​សុវត្ថិភាព​ការងារ​សម្រាប់ កម្មករ​និយោជិត​ទាំងអស់ តាមរយៈ​ការធានា​ឱ្យបាន​នូវ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ការពិនិត្យ​តាមដាន និង​វាយតម្លៃ​ជា​ប្រចាំ​ដើម្បី​ស្វែងរក​មធ្យោបាយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត ក្នុង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​គោលបំណង​អាទិភាព​ចំនួន ៦​ចំណុច រួមមាន​៖
– គោលបំណង​ទី​១៖ ពង្រឹង​ប្រព័ន្ធ​សុខភាព និង​សុវត្ថិភាព​ការងារ​ជាតិ​។
– គោលបំណង​ទី​២៖ ពង្រឹង​ការងារ​អធិការកិច្ច និង​ការអនុវត្ត​បទដ្ឋាន​សុខភាព និង​សុវត្ថិភាព ការងារ​។
– គោលបំណង​ទី​៣៖ ជំរុញ​អង្គការ​និយោជក និង​អង្គការ​កម្មករនិយោជិត​ចូលរួម​សកម្មភាព សុខភាព និង​សុវត្ថិភាព​ការងារ​។
– គោលបំណង​ទី​៤៖ រៀបចំ និង​អនុវត្ត​កម្មវិធី​ពិសេស​សម្រាប់​មុខរបរ​គ្រោះថ្នាក់​។
– គោលបំណង​ទី​៥៖ ជំរុញ​ឱ្យមាន​ការការពា​រ​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ ដល់ សហគ្រាស ខ្នាត​តូច និង​មធ្យម និង​កន្លែង​ធ្វើការ​នៅ​តាម​ជនបទ និង​វិស័យ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​។
– គោលបំណង​ទី​៦៖ គាំទ្រ និង​ជំរុញ​កិច្ចសហការ​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងា​រលើ ការងារ​កុមារ ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជំងឺឆ្លង និង​ជំងឺមិនឆ្លង​នៅតាម​សហគ្រាស គ្រឹះស្ថាន​។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ផ្តល់​សេវា​សុខភាព​ដោយ​ឥត​គិត ថ្លៃ ជូន​កម្មករ​និយោជិត តាម​រោងចក្រ សហគ្រាស និង​តាម​តំបន់​ផ្ទះជួល​របស់​កម្មករ​និយោជិត​។ កម្មវិធី ពិនិត្យ និង​ព្យាបាល​ជំងឺ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ រួម​នឹង​សប្បុរសជន​នានា និង​ក្រសួង​សុខាភិបាល បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ផ្ទាល់​ជូន​បង ប្អូន​កម្មករ និយោជិត​ជា​បន្តបន្ទាប់​។​

​តាមរយៈ​ផែនការ​មេ​លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨-២០២២ ក្រសួង នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដៃគូ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដើម្បី អនុវត្ត​ផែនការ​មេ​លើក​ទី​២​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ សំដៅ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព និង សុវត្ថិភាព​ការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​សហគ្រាស គ្រឹះស្ថាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី អរគុណ​ដល់​ក្រសួង​ស្ថាប័ន អង្គការ​និយោជក អង្គការ​កម្មករនិយោជិត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ក្នុង​ការផ្តល់​យោបល់ និង​ធាតុ​ចូល ជាពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ​ជប៉ុន ដែល​បាន​គាំទ្រ​ទាំង​ថវិកា និង​បច្ចេក​ទេស​ដើម្បី​ឱ្យ​ផែនការមេ​លើក​ទី​២​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨-២០២២​លេច​ជា​រូបរាង​ឡើង​។​

​លោក​សង្ឈឹម​យ៉ាង​មុតមាំ​ថា ផែនការមេ​លើក​ទី​២​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​យ៉ាង​ទូលំ ទូលាយ និង​បង្ក​ភាពងាយស្រួល​ដល់​ភាគី​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់​សម្រាប់​យក​ទៅ​កសាង​ផែនការ សកម្មភាព​លម្អិត​ក្នុង​ការលើកកម្ពស់ និង​កែលំអ​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព និង​សុវត្ថិភាព​ការងារ​ឱ្យ​កាន់ តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធានា​ថា​កន្លែង​ធ្វើការ នឹង​រក្សាបាន​នូវ​បរិយាកាស​ការងារ​ល្អ​ដែល មាន​សុខភាព និង​សុវត្ថិភាព និង​កំណើន​ផលិតភាព​ឈានទៅ​កសាង​វប្បធម៌​សុខភាព និង​សុវត្ថិភាព ការងារ​នៅ​កន្លែងធ្វើការ​នាពេល​អនាគត​៕ ​ដោយ​៖ បញ្ញាស័ក្តិ

spot_img
×