Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម និង អាជ្ញាធរ​មូលដ្ឋាន ពង្រឹង​ការប្រមូល​សំរាម​

spot_img

​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង បាន​ជម្រុញ​ឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការពង្រឹង​ការងារ​ប្រមូល​សំរាម​ឱ្យបាន​គ្រប់​ទីកន្លែង នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង តាមរយៈ​ការ​តាម​មើល​ជា​ប្រចាំ ថា​តើ​នៅ​ទីតាំង​ណា មាន​សំរាម​គរ​ចោល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី មិន​បាន​ទៅ​ដឹកជញ្ជូន ហើយ​ត្រូវ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យ​ទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យបាន​ទាន់​ពេលវេលា ចៀលវៀង​ទុក​សំរាម​ឱ្យនៅ​គរ​ចោល​ស្អុយរលួយ ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មិថុនា​នេះ បាន​កោះប្រជុំ មន្ត្រី​ពាក់ព័ន្ធ ភ្នាក់ងារ​ប្រមូល សំអាត​សំរាម និង​អាជ្ញាធរ សង្កាត់ ខ័ណ្ឌ ទាំងអស់​មក​ប្រជុំ ដើម្បី​ពង្រឹង​លើ​ការងារ​ប្រមូល​សំរាម នៅតាម​បណ្តារ​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ឱ្យ​មាន​បរិស្ថាន​ល្អ ធានាបាន​ថា រាជធានី​ភ្នំពេញ​មាន​សោ​ភណ្ឌ​ភាព ស្អាត​ល្អ សក្តិសម​ជា​ទីក្រុង​ទាន់សម័យ​នៅ​អាស៊ីអាគ្នេយ៍​។​

​នា​ឱកាស​នោះ​លោក អភិបាល បាន​លើកឡើង​ទៀត​ថា រដ្ឋបាល​រាជធានី នឹង​ធ្វើ​ឡ​ដុត​សំរាម នៅតាម​តំបន់​ជាយក្រុង​មួយ​ចំនួន ពិសេស​ទីតាំង​ណា ដែល​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​មិន​ដល់ ដើម្បី​កុំឱ្យ​មាន​សំរាម​រាយប៉ាយ និង​គរ​ចោល​កាន់តែ​ច្រើនឡើងៗ​។​

ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់ នឹង​ចាត់វិធានការ​ឱ្យបាន​តឹងរឹង​បំផុត ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​បង្ករ​ឱ្យមាន​ជ្រុះ​រាយប៉ាយ​តាម​ដងផ្លូវ ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​សុខភាព សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​។​

ជាមួយគ្នា​នោះ​ដែរ លោក​បាន​មើលឃើញ​ថា ការដាក់រ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​ខុស​បច្ចេក​ទេស ដែល​ទាមទារ​ឱ្យ​មាន​ការកែសម្រួល​ឡើងវិញ គឺ​កាត់​ឱ្យ​មាន​ចន្លោះ​ខាង​ក្រោម​ឱ្យ​បាន​ធំ​ជាង​នេះ ដើម្បី​ឱ្យ​ទឹក​អាច​ហូរ​ចេញចូល​នាំយក​សំរាម និង​ដី​ចេញពី​ទ្រូងផ្លូវ​កុំ​ឱ្យ​ទៅ​ក​កនៅ​កណ្តាល​ទ្រូងផ្លូវ​តទៅទៀត​។ ក្រៅពីនេះ ក៏​បាន​ស្នើ​ឱ្យ អាជ្ញាធរ សង្កាត់ ខណ្ឌ សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​យុទ្ធនាការ បោស​កើប ឬ​ប្រមូល​ដី និង​ខ្សាច់​ទាំងនោះ​ចេញ​ឱ្យបាន​ជា​ប្រចាំ​។​
​ទាក់ទិន​នឹង​ការរំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម របស់​ប្រជាជន​ពលរដ្ឋ​វិញ ក៏​ត្រូវតែ​មាន​វិធាន​ជា​ប្រចាំ​ផង​ដែរ កុំ​គិត​ថា ការធ្វើ​រដ្ឋបាល​តាម​មូលដ្ឋាន វា​នាំ​ឱ្យ​មាន​ផលប៉ះពាល់ ឬ ពាន់​ព័ន្ធ​ដល់ ការបោះឆ្នោត ត្រូវ​រួមគ្នា​គិត​ពី​បញ្ហា​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ជា​រឿង​សំខាន់​សំរាប់​យើងទាំងអស់គ្នា​៕ ដោយ​៖​កូឡាប​

   

 

spot_img
×