Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុក​ជា​មាស​បៃតង​

spot_img

​ភ្នំពេញ​៖​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុក​ជា​មាស​បៃតង ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ប្រាក់ចំណូល និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ នៅ​ក្នុង​ស្មារតី​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​អត្តសញ្ញាណ​ស្អាត និង​បៃតង​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​និរន្ត​ភាព និង​ទំនួល​ខុស​ត្រូវ​ដែល​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍន៍ និង​អភិរក្ស​ជា​គោល​គំនិត​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខ្លួន​។​

​នៅ​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​(ASEAN MRA-TP) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា​អាស៊ាន​ទាំង​អស់ ជា​ពិសេស​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ ដែល​បាន​រៀបចំ​ឡើង​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​តំណាង​មកពី​ក្រសួង ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នៅ​កម្ពុជា​។​

​ក្នុង​ឆ្នាំ ២០១៧ ពិភពលោក​ទាំងមូល​បាន​ទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ ១៣០០​លាន​នាក់​ក្នុង​អត្រា​កំណើន​៧%​។ គេ​រំពឹងថា​ចំនួន​ភ្ញៀវទេសច​រណ៍​ពិភពលោក​នឹង​កើនឡើង​ដល់ ១,៤​ពាន់​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០២០ និង ១,៨​ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៣០ ។ នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​នៅ​ឆ្នាំ​២០១៧​គឺ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ១២៥ លាន​នាក់ គឺ​កើនឡើង ៨,៤% ជា​ចំនួន​ដែល​បាន​ព្យាករណ៍​ទុក​។​

​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​មាន​ការរីកចម្រើន​ផង​ដែរ​នៅ​ឆ្នាំ ២០១៧​គឺ​យើង​ទទួល ៥,៦ លាន​នាក់​ក្នុង​អត្រា​១១,៨%​។ នៅ​ឆ្នាំ​២០២០​ប្រទេស​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់​, ហើយ​នៅ​ឆ្នាំ​២០២៥ នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ ១០​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១៥​លាន​នាក់​ផងដែរ​។​

​សមិទ្ធផល​ទាំងអស់នេះ​បានមក​ពី​គោលនយោបាយ​ឈ្នះ – ឈ្នះ​ដែល​បាន​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ ជាមួយនឹង​ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ​និង​ទឹកដី និង​សន្តិសុខ​ពេញ​ផ្ទៃ​ប្រទេស​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​គ្រប់​ទី​កន្លែង​ដោយ​គ្មាន​ការភិតភ័យ ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ផ្សារភ្ជាប់​គ្នា​ហើយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់បន្ថយ​យ៉ាង​ខ្លាំង​។ ជាមួយ​នឹង​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​អង្គការ​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ពិភពលោក​សន្តិសុខ​និង​ភាពរុងរឿង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដូចជា​៖

១)​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​និន្នាការ​វិទ្យាសាស្ត្រ និង​ប​ច្ចក​វិទ្យា​នាពេល​បច្ចុប្បន្ន​ជាពិសេស​ការ​បដិវត្ដន៍​ឧស្សាហកម្ម ៤.០ និង​ការអភិវឌ្ឍន៍​ចំនុច​សិប្បកម្ម សិប្បនិម្មិត កន្លែង​ស្នាក់នៅ​, និង​ការដឹកជញ្ជូន​។ ក្នុងន័យនេះ​យើង​គួរតែ​ធ្វើ​ឱ្យបាន​ច្រើន​ដើម្បី​ចែករំលែក​បទពិសោធន៍​និង​រឿងរ៉ាវ​ជោគជ័យ​ដើម្បី​រៀបចំ​ធនធានមនុស្ស​ឱ្យបាន​ល្អ​ប្រសើរ​។​

២)​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​គឺជា​យន្តការ​មួយ​សម្រាប់​កែលម្អ​ប្រព័ន្ធ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ដែល​រួមចំណែក​ដល់​ការកាត់បន្ថយ​ចំណេះដឹង និង​ភាពខុសគ្នា​រវាង​អ្នកជំនាញ​ទេសចរណ៍​នៅក្នុង​តំបន់​ដោយ​ជួយ​សម្រួល​ដល់​ការចែករំលែក​បទពិសោធ​ន៍​ក្នុង​ការអភិវឌ្ឍ​ជំនាញ​នៅក្នុង​ប្រទេស​ជា​សមាជិក​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ធនាគារ​ឯកទេស​ឯកជន​ទាំងអស់​ត្រូវ​មាន​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ទាប​សម្រាប់​អ្នកវិនិយោគ​លើ​វិស័យ​ទេសចរណ៍​ពិសេស​ផ្តល់​ប្រាក់​កម្ចី​ដល់​និស្សិត​សម្រាប់​ប្រើប្រាស់​ក្នុង​ការសិក្សា​ផងដែរ​។​

៣)​ជំរុញ​បន្ថែមទៀត​ដើម្បី​បង្កើត​យន្តការ​មួយ​សម្រាប់​ការទទួលស្គាល់​គ្នា​ទៅវិញទៅមក​នូវ​បទពិសោធ​ផ្អែកលើ​គុណភាព និង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ប្រទេស​និមួយៗ​។ ទន្ទឹមនឹងនេះ​ដែរ​សម្តេច​តេជោ​សូម​ស្នើឱ្យ​ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន​ពិចារណា​លើ​ការបន្ថែម​ជំនាញ​ទេសចរណ៍​បន្ថែម​ទៀត​ទៅ​ឱ្យ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ខណៈ​ដែល​បច្ចុប្បន្ន នេះ​មាន​ជំនាញ​ត្រឹមតែ​៣២​ប៉ុណ្ណោះ​។​

៤)​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុក​ជា​សកល​ថា​ជា​វិស័យ​មួយ​ដែល​មាន​ការចូលរួម​ចំណែក​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សូម​អំពាវនាវ​ដល់​គ្រ​ប់​ដៃគូ​អភិវឌ្ឍន៍​អង្គការ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ចូលរួម​ដើម្បី​គាំទ្រ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​គោលបំណង​សម្រេច​គោលដៅ​ទាំងនោះ​។​

​សម្តេ​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ នេះ ដែល​បាន​ផ្តល់​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​រួម​គ្នា​នៃ​អ្នកជំនាញ​ទេសចរណ៍​របស់​អាស៊ាន​ដើម្បី​លើកកម្ពស់​ការងារ និង​អ្នកជំនាញ​នៅក្នុង​តំបន់​ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​និង​ទប់ស្កាត់​រាល់​ផលវិបាក​អវិជ្ជមាន​ដើម្បី​ធានា​សន្តិភាព ស្ថិរភាព​ការអភិវឌ្ឍ និង​វិបុលភាព​នៅក្នុង​អាស៊ាន ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×