Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​ហិរញ្ញវត្ថុ​បន្ថែម​ចំនួន ១១០​លាន​ដុល្លារ ស្តារ​ផ្លូវជាតិ​លេខ​៤ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ឡើងវិញ​

spot_img

​ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨ ៖ ដោយសារ​តែ​សព្វថ្ងៃនេះ ផ្លូវជាតិ​លេខ​៤ ដែល​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ដោយ​ផ្ទាល់​ទៅ​កំពង់​ផៃ​សមុទ្រ​ទឹក​ជ្រៅ របស់​កម្ពុជា​តែមួយគត់ នៅក្នុង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​កំពុង​រង​សម្ពាធ​ចរាច​រណ៍ យ៉ាង​មមាញឹក​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច និង​តំបន់កសិកម្ម នឹង​ត្រូវ​ស្តារឡើងវិញ​។​

​ប្រទេស​កម្ពុជា នឹង​បន្ត​កែលម្អ​លក្ខខណ្ឌ សុវត្ថិភាព និង​ភាព​ធន់ នឹង​អាកាសធាតុ នៃ​ផ្លូវ​ជាតិ​ដ៏​សំខាន់​មួយ ជាមួយនឹង​ហិរញ្ញវត្ថុ​បន្ថែម​ចំនួន ១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​​ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ របស់​ធនាគារ​ពិភពលោក​បានអនុម័ត នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ការគាំទ្រ​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់គ្រង​ស​ម្ប​តិ្ត​ផ្លូវថ្នល់ ជំហាន​ទី​២ (Road Asset Management Project ll/RAMP ll) ​នេះ​ក៏​នឹង​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ផ្តល់​ដល់​ការឆ្លើយតប​ភ្លាមៗ និង​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងករណី​មាន​ស្ថានភាព​បន្ទាន់​។​

​ផ្លូវជាតិ​លេខ​៤ ដែល​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ដោយ​ផ្ទាល់​ទៅ​កំពង់​ផៃ​សមុទ្រ​ទឹក​ជ្រៅ របស់​កម្ពុជា​តែមួយគត់​​នៅក្នុង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច មួយចំនួន និង​តំបន់កសិកម្ម​ជាច្រើន​​ក្នុងនោះ​រួមមាន​កសិដ្ឋាន​ខ្នាត​ធំ​ផងដែរ ។ នៅ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ បណ្តោយ​ផ្លូវ​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ​​នឹង​ទទួលបាន​ការបង្កើន​គុណភាព ឲ្យ​ល្អ​ជាង​មុន តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពី​លើ និង​ការរៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សងខាង​ផ្លូវ​​ការដាក់​លូ​បង្ហូរទឹក និង​ការធ្វើ​ស្ពាន នៅក្នុង​តំបន់​ងាយ​លិច​ទឹក នៅតាម​ដងផ្លូវ​នេះ​។​

​លោក​ផែង សុ​វិជ្ជានោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គម្រោង មានប្រសាសន៍ថា “ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ពឹងផ្អែក​លើ​ផ្លូវជាតិ​លេខ​៤​នេះ​ ​ដោយសារ​ថា​ វា​ជា​ផ្លូវ​តែមួយ​គត់​សម្រាប់​ត​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ជាមួយ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​។​

​ការកែលម្អ​ស្ថានភាព​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ការចំណាយ​លើ​ការដឹកជញ្ជូន​​ដែល​អាច​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​ថែមទៀត​នៅក្នុង​តំបន់​”​។​

​ក្រៅ​ពី​ការរៀបចំ​គម្រោង​បែប​ច្នៃប្រឌិត​ដែល​ធន់​នឹង​អាកាសធាតុ​ជាង​មុន ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ផង ដែរ ដើម្បី​បង្កើន​សមត្ថភាព​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​បច្ចុប្បន្ន និង​ជួយ​កាត់បន្ថយ​ហានិភ័យ ដែល​អាច​បណ្តាលមកពី​ការដឹក​ទំនិញ​លើស​ទម្ងន់​អនុញ្ញាត​។ សុវត្ថិភាព​ផ្លូវ​នឹង​ត្រូវបាន​ចាត់ទុក​ជា​អាទិ​ភាព​ចម្បង តាម រយៈ​ការកំណត់​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត ផ្លូវ​មាន​សុវត្ថិភាព និង​កែលម្អ​ផ្លូវ​ខ្នាតតូច​ភ្ជាប់​ផ្លូវ​ឡើង​មក​ផ្លូវជាតិ ដែល​រួមមាន​ទាំង​ការដំឡើង​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ បង្គោល​ភ្លើង​ប្រើ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ និង​កាម៉េ​រ៉ាចាប់​ល្បឿន​របស់អ្នក​បើកបរ​ទៀតផង​។ កិច្ចសន្យា​ម៉ៅការ​ផ្អែក​លើ​គុណ​ផល​ការងារ​នឹង​ត្រូវ​បាន​យកមក​ប្រើប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​ហិរញ្ញប្បទាន​នេះ​ឱ្យបាន​ដល់​កម្រិត​អតិបរមា​។​

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​៖ “​ការខ្វះ ចន្លោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ជាការ​ប្រឈម​ដ៏​ធំ​មួយ ដល់​សមត្ថភាព​ប្រកួតប្រជែង និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​។ គម្រោង​ដែល​នឹង​កែលម្អ ស្ថានភាព​ផ្លូវជាតិ​លេខ​៤​នេះ នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈម​ទាំងនោះ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​កម្ពុជា​”​។​

ហិញ្ញប្បទាន​បន្ថែម​នេះ បាន​ពង្រីក​វិសាលភាព​របស់​គម្រោង RAMP II ដែល​បាន​អនុម័ត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ ក្នុង​គោលដៅ​កែលម្អ​ផ្លូវជាតិ នៅក្នុង​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ និង ខេត្ត​ក្រចេះ​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​សម្រួល​ដល់​ការឆ្លើយតប​ភ្លាមៗ​ផងដែរ ក្នុងករណី​ស្ថានភាព មាន​វិបត្តិ ឬ​ស្ថានភាព​បន្ទាន់​ណាមួយ​ដែល​ចាំបាច់​។​

មូលនិធិ​បន្ថែម សម្រាប់​គាំទ្រ​គម្រោង​ដែល​ពង្រីក រហូត​ដល់​រយៈពេល​ប្រាំបី​ឆ្នាំ​កន្លះ​នេះ បាន​ផ្តល់​ហិរញ្ញវត្ថុ ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​របស់ ក្រុម​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ​។ មូលនិធិ​នេះ ជា​ឥណទាន​ដែល​គ្មាន​ការប្រាក់ ហើយ​នឹង​ត្រូវ​សង​ទូទាត់ ក្នុង​រយៈពេល​៣៨​ឆ្នាំ រាប់ទាំង​ដំណាក់កាល​អនុគ្រោះ​រយៈពេល ៦ ឆ្នាំ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​ស្នើសុំ​កម្ចី​ពី​ធនាគារពិភពលោក ប្រមាណ ១០០​លាន​ដុល្លារ ដើម្បី​ស្តារ និង​ថែទាំ​ផ្លូវជាតិ​លេខ​៤​ឡើងវិញ​។ លោក​បាន​លើកឡើង​ថា ផ្លូវជាតិ​លេខ​៤ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុងការ​ដឹក​ទំនិញ​ទៅ​លក់​នៅ​បរទេស ដោយ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ និង​ការ​នាំចូល​ទំនិញ​ពី​បរទេស​ផង​ដែរ​។ លោក​បន្តថា ផ្លូវ​នេះ​មាន​ការខូចខាត​មួយចំនួន ដែល​ត្រូវ​សុំ​កម្ចី​ពី​ធនាគារពិភពលោក ក្នុងការ​អ៊ុត​ឡើងវិញ ដោយ​មិន​រង់ចាំ​នោះទេ​។ ចំពោះ​សំណើ​លើ​ប្រាក់​កម្ចី​នេះ ក្រុមប្រឹក្សាភិបាល​ធនាគា​រ​ពិភពលោក នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​។​

​ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ កាត់​តាម​ខេត្ត​កំពង់ស្ពឺ មាន​ប្រវែង ២៣២ គឺ​ឡូ​ម៉ែត ដែល​ស្ថាបនា​ឡើង​ដោយ​សហរដ្ឋ​អា​មរិក ក្នុង​សម័យ​សង្គមរាស្ត្រនិយម ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×