Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥​ខែ​ដើមឆ្នាំ​២០១៨ ពន្ធដារ ប្រមូល​ចំណូល​ពន្ធ បាន​ជាង​១​ពាន់​លាន​ដុល្លារ

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ថា នៅក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨ ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកា​ជាតិ បាន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក កើតឡើន​ឡើងជាង​១២​ភាគរយ ស្មើនឹង ៥៤,២៣​ភាគរយ នៃ​ផែន​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ប្រមូល​ចំណូល​ពន្ធ​នេះ ត្រូវបាន​ប្រកាស​ក្នុង កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៨ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក គង់ វិបុល បានបញ្ជាក់​ថា នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០១៨ លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ ទទួលបាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូលបាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៥៣៧,៣៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១៣៤,៣៤ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៦,៩៨​ភាគរយ នៃ​ផែនការ​ច្បាប់​ឆ្នាំ​២០១៨​។ ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ខែ​ឧសភា ឆ្នាំ​២០១៧ (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online) ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៨ កើនឡើង​ចំនួន ៦៥,៩២ ប៊ី​លាន​រៀល (​ប្រមាណ ១៦,៤៨ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ១៣,៩៨​ភាគរយ​។​

​សរុប​ក្នុង រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន ចំនួន ៤.១៧១,៨២ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១.០៤២,៩៦​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៥៤,២៣​ភាគរយ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​៥​ខែ ដើមឆ្នាំ​២០១៧ ឃើញ​ថា​ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ (​តាម​ប្រព័ន្ធ​អន​ឡាញ​) ក្នុង​៥​ខែ ឆ្នាំ​២០១៨ កើនឡើង ចំនួន ៤៥២,០៥ ប៊ី​លាន​រៀល (​ប្រមាណ​១១៣ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១២,១៥​ភាគរយ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​រំពឹងថា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ អាច​ប្រមូល​បាន​គ្រប់​ផែនការ​កំណត់ដោយ​ច្បាប់​។​

​លោក​អគ្គនាយក ក៏​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា នូវ​ការ​រអ៊ូរទាំ​របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ។​

​ជាមួយគ្នានេះ លោក​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ត្រូវ​បន្ត​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត សម្រាប់​ឆ្នាំ​ចុងក្រោយ​នេះ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨​។ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ ផ្សាយ​បន្ត​ផ្ទាល់​នៃ​កិច្ចប្រជុំ ដែល​ផ្តល់​លទ្ធភាព​ដល់​ថ្នាក់់ដឹកនាំ និង​មន្ត្រី​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​នានា អាច​មើល​និង​ទទួលបាន​ព័ត៌មាន​ផ្ទាល់ អំពី​កិច្ចប្រជុំ​នានា របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។ បន្ត​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន សហគ្រាស ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដោយ​ក្នុង​នោះ ក៏​ត្រូវ​ពង្រឹង​តាមដាន សហគ្រាស​ទាំងឡាយ ដែល​ប្រើប្រាស់​រូបភាព មាន​អ្នក​ឈរ​ឈ្មោះ​ជំនួស ព្រមទាំង​បន្ត​ការងារ​ជំរុញ​ការ ចុះបញ្ជី​ពន្ធដារ​ចំពោះ សហគ្រាស​ដែល​មិនទាន់​បាន​ចុះបញ្ជី នៅតាម​បណ្តា​ខេត្ត​-​ខណ្ឌ​ទាំង​អស់​។ បន្ត​ពង្រឹង​ចាត់​វិធានការ​ចំពោះ ការ​គេចវេះ​ពន្ធ​គ្រប់​រូបភាព ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ពន្ធ ចំពោះ​ក្រុមហ៊ុន ដែល​ប្រកាស​បង់ពន្ធ​មិន​ស្មោះត្រង់ ឬ​គេចវេះ​ពន្ធ​តាម​គ្រប់​រូបភាព​។ ពង្រឹង​តាមដាន​ការចាត់ចែង លិខិត​ប្រកាស ជាពិសេស នៅតាម​បណ្តា​ខេត្ត​-​ខណ្ឌ​នានា​។​
​បន្ត​ពង្រឹង និង​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត លើ​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម ជូន​ស្ថានទូត អង្គការ​អន្តរជាតិ ក៏ដូចជា​សហគ្រាស​នានា ក្នុងនោះ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បាន​សម្រួល​នីតិវិធី នៃ​ការ​បង្វិល​សង ស្រប​តាម​ប្រកាស​លេខ ៥៧៦ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ និង​ប្រកាស​លេខ ៥៧៧ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។ សហការ​ជាមួយ​អគ្គនាយកដ្ឋាន គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ កែទម្រង់​ពន្ធដារ ដោយ​ផ្តោត​ការយកចិត្តទុកដាក់ ជា​សំខាន់​លើ​កិច្ចការ​កៀរគរ​ចំណូល និង​ការលើកទឹកចិត្ត​ពន្ធចំពោះ​វិស័យ​ធុរកិច្ច​មួយចំនួន​។ បន្ត​កែទម្រង់​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​វាយតម្លៃ ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស និង​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់ នូវ​ប្រព័ន្ធ​វាយតម្លៃ ធនធានមនុស្ស​ពេញលេញ ដែល​នឹង​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ព្រមទាំង​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ កែប្រែ​ផ្តត់គំនិត របស់​មន្ត្រី​ពន្ធដារ​ឱ្យក្លាយ ជា​អ្នកបម្រើ​សេវា​ជូន​អ្នក​ជាប់ពន្ធ​បានល្អ ក្លាយ​ជា​មន្ត្រី​ដែល​ពោរពេញ​ដោយ​សមត្ថភាព ជំនាញ និង​ទេពកោសល្យ ស្មោះត្រង់ មាន​ភាពម្ចាស់ការ ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​ការបំពេញ​ភារកិច្ច​ការងារ​។ បន្ត​ជំរុញ​អនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ ថែម​ទៀត នូវ​កំណែទម្រង់​សំខាន់ៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព នៃ​ការ​ផ្ត​
​ល់​សេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ​។ បន្ត​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​ពង្រឹង​នូវ​ការប្រើប្រាស់ ការធ្វើ​សវនកម្ម​សហគ្រាស តាម​ប្រព័ន្ធ ពង្រី​ការប្រើប្រាស់​ប្រព័ន្ធ តាមដាន​ឯកសារ (Tracking Document System) គ្រប់​អង្គភាព​ក្រោម​ឱវាទ អគ្គនាយកដ្ឋាន​ពន្ធដា​រ ទូទាំង​ប្រទេស ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ជា​ប់ពន្ធ​។ បន្ត​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ដែល​ជា​កម្មវត្ថុ នៃ​ពន្ធ​លើ​អចលនទ្រព្យ​។ បន្ត​ខិតខំ​ប្រមូល​បំណុល​ពន្ធ ដែល​នៅ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ និង​ពង្រឹង​ការយកចិត្តទុកដាក់ ក្នុងការ​ធ្វើ​សវនកម្ម ចំពោះ​សហគ្រាស​ធំៗ ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការបាត់បង់​ចំណូល​ពន្ធ ដោយសារ​តែ​ប្រកាស​បង់ពន្ធ ក្នុង​កម្រិត​ទាប មិន​ឆ្លើយតប​នឹង​សកម្មភាព អាជីវកម្ម​របស់​ខ្លួន ឬ​ប្រកាស​ខាត​ជាច្រើន​ឆ្នាំ​៕ ​ដោយ​៖​កូឡាប​

spot_img
×