Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស៊ុន ចាន់ថុល​៖ អ្នកបញ្ជា​យានយន្ត​ត្រូវ​មាន​ប័ណ្ណបើកបរ ទាំង​អ្នក​មាន​សញ្ជាតិ​ខ្មែរ និង​បរទេស​

spot_img

​​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក បើកបរ​យានយន្ត​គ្រប់​ប្រភេទ​​សូម​​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ប្រុងប្រយ័ត្ន ម្ចាស់​យានដ្ឋាន​មិន ត្រូវ​កែ​ច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​បាត់បង់​ជីវិត ហើយ​ម្ចាស់​អាជីវកម្ម​នៃ​យានយន្ត​ដឹកទំនិញ​​មិន​ត្រូវ​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ជា​ហេតុនាំឱ្យ បំផ្លាញ​ផ្លូវថ្នល់ និង​បង្ក​គ្រោះថ្នាក់​ចរាចរ​ឡើយ​ជាពិសេស​អ្នកបើកបរ​បញ្ជា​យានយន្ត ត្រូវ​មាន​ប័ណ្ណបើកបរ​គ្រប់គ្នា​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​មណ្ឌល​ផ្តល់​សេវា​ប័ណ្ណបើកបរ ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ថា​ ​ការបង្កើត​មណ្ឌល​ផ្តល់​សេវា​ប័ណ្ណបើកបរ​ទី​២​នេះ គឺ​ដើម្បី​ពង្រីក និង​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែ​​ជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ជនបរទេស​​អាច​មក​ទទួល​សេវា​ប្តូរ ពន្យារ​ប័ណ្ណបើកបរ និង​ប្រឡង​យក​ប័ណ្ណបើកប​រយាន យន្ត​បាន​ផងដែរ ហើយ​មណ្ឌល​ផ្តល់​សេវា​នេះ​ បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​ថា​៖ ការផ្តល់សេវា​សាធារណៈ​នេះ​ធ្វើឡើង​យោង តាម​អនុសាសន៍​​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​៖ ធ្វើឱ្យ​បាន​លឿន​​ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​មាន​តម្លាភាព ដើម្បី​កាត់បន្ថយ ការចំណាយ​ថវិកា​ច្រើន របស់​បងប្អូន​ប្រជាពលរដ្ឋ​​និង​ចំណាយពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​ប្តូរ​ប័ណ្ណបើកបរ​បាន ទាំង​អ្នក​មាន​សញ្ជាតិ​ខ្មែរ និង​បរទេស​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ មណ្ឌល​ប្រឹក្សា​យោបល់​សេវាសាធារណៈ​​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​អាច​ផ្តល់ ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​សេវាសាធារណៈ​​ដោយ​មិន​ចាំបាច់​ពឹងពាក់​ឈ្មួញកណ្តាល ដែល​ត្រូវ​ចំណាយពេល​យូរ និង​អស់​ថវិកា​ច្រើន​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការ ដាក់ឲ្យ​ប្រើប្រាស់​បន្ថែម នូវ​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានយន្ត​ចល័ត​​នៅ​ទូទាំង​ប្រទេស មាន​គោលបំណង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ សម្រួល​ដល់​ការផ្តល់​សេវា​​សម្រាប់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស និង​បង្ខិត​សេវា​នេះ ឱ្យ​ជិត​ប្រជាពលរដ្ឋ​ជាមួយ​​នឹង​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត​។​

​លោក​ទេស​រដ្ឋ​ម​ន្ត្រ ក៏បាន​លើកឡើង​អំពី​គម្រោង ពង្រីក​បណ្ដាញ​ផ្លូវថ្នល់​បន្ថែមទៀត ពី​ពីរ​គន្លង​ទៅ បួន​គន្លង​​ដើម្បី​ឲ្យស្រប​ទៅ​នឹង​ស្ថានភាព នៃ​ការកើនឡើង​ចំនួន​យានយន្ត ជា​រៀងរាល់ថ្ងៃ ដែល​បណ្ដាល មក​ពី​កំណើន​សេដ្ឋកិច្ច​​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ អំពី​សារសំខាន់ នៃ​សុខសន្តិភាព​ក្រោម​ការដឹកនាំ​ដ៏​ត្រឹម​​ត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដល់​ឱកាស​ឲ្យ​រាជរដ្ឋាភិបា​ល​យើង អាច​ទាក់ទាញ​អ្នកវិនិយោគ ឲ្យមក​កម្ពុជា​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ អាច​ទាក់ទាញ​អ្នក​ទេសចរណ៍ មកលេង​កម្ពុជា និង​ផ្តល់ ឱកាស​រក​ទីផ្សារ​លក់​កសិផល​​នៅ​បរទេស​ផងដែរ​។​

​ជាទី​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ប្រឹង ប្រែង​កសាង​ផ្លូវ​​និង​បណ្តាញ​ត​ភ្ជាប់​បន្ថែមទៀត ដែល​ក្នុងនោះ​រួម​មាន​គម្រោង ជាច្រើន​ទៀត​ដូចជា​៖ គម្រោង​សាងសង់​ផ្លូវ​ពី បាត់ដំបង​ទៅ​ខេត្ត​កោះកុង​​ដើម្បី​កាត់បន្ថយ​ពេលវេលា នៃ​ដឹកជញ្ជូន​ពី​ខេត្ត​បៃលិន សំឡូត ទៅកាន់​កំពង់ផែ ទឹក​ជ្រៅ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​បី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ អាកាស​(AGT) ការដាក់ឱ្យ ដំណើរការ​បណ្តោះអាសន្ន នូវ​ផ្លូវដែក​ប៉ែក​ខាងជើង ពី​ប៉ោយប៉ែត​​មកដល់​ខេត្ត ពោធិ៍សាត់ ហើយ​នៅ​ថ្ងៃទី​៤ ខែ​កក្កដា​ខាងមុខនេះ នឹង​ដាក់​ឱ្យ​ដំណើរការ​បណ្តោះអាសន្ន ផ្លូវ​ដែក​ពី ភ្នំពេញ​​ត​ភ្ជាប់​ទៅ​ខេត្ត​សោធិ៍​សាត់ ដើម្បី​អបអរសាទរ ការដាក់ឱ្យ​ដំណើរការ​ផ្លូវដែក​ឡើងវិញ ដែល​ត្រូវបាន កាត់ផ្តាច់​ដោយសារ​សង្គ្រាម​អស់​រយៈ​ជាង​៤៥​ឆ្នាំ​កន្លងមកហើយ​៕​ ​ដោយ​៖​កូឡាប​

    

spot_img
×