Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល បាន​ផ្តល់​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ប្រមាណ​១៥​ម៉ឺន​ក្បាល​ដី​

spot_img

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ ចំនួន​៥៥៤​គ្រួសារ រស់នៅ ៣​សង្កាត់ នៃ​ខណ្ឌ​ដូនពេញ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ​​ដែល​ផ្តល់ជូន​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥ មិថុនា​នេះ នៅ​សាលាខណ្ឌ​ដូនពេញ ដែល​មាន​លោក​ឃួង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​អធិបតី​។ រាជរដ្ឋាភិបាល បាន​ផ្តល់​ជា​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​រាជធានី​ភ្នំពេញ បើ​គិត​មកដល់ពេលនេះ មាន​ប្រមាណ​ជាង​១៥​ម៉ឺន​ក្បាល​ដី​ហើយ ក្នុង​គម្រោង​ទិន្នន័យ សរុប​ជាង​២២​ម៉ឺន​ក្បាល​ដី​។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ មានប្រសាសន៍​លើកឡើង​ថា​ ​គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន​​គម្រោង​ចុះបញ្ជី​ដីធ្លី​បាន​៦០ សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ។ គម្រោង​ប្រមូល​ទិន្នន័យ​សរុប បាន​២២៧១៦៤​ក្បាលដី​ ​និង​ចែក​ជូន​ប្រជាពលេដ្ឋ​បាន​១៥២២៣០​ប័ណ្ណ។​

​លោក​បន្តថា កន្លងមក​ក្នុង​សង្កាត់​ទាំងនេះ បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​រួចហើយ​។ តំបន់​មួយចំនួន​ត្រូវបាន​ឃ្វៀល​ចេញ​​ពី​ដី​សាធារណៈ​របស់​រដ្ឋ​។ រាជរដ្ឋាភិបាល បានធ្វើការ​ប្រទានកម្ម ជូន​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​​បណ្តោះអាសន្ន​ជា​យូរ​មក​ហើយ​។ ជាក់ស្តែង​សម្រាប់​ពេលនេះ ពោល​គឺ​ក្រោយពី​បាន​ធ្វើ​ការបណ្តុះបណ្តាល គណៈកម្មការ​រដ្ឋបាល​ដីធ្លី ការបោះពុម្ព​ប័ណ្ណកម្មសិទ្ធិ កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី រាជធានី​ភ្នំពេញ បាន​សម្រេច​នូវ​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​១១ , ១២ , ១៣ សង្កាត់​ស្រះចក ភូមិ​១០ សង្កាត់​វត្តភ្នំ និង​ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​លោក សារិន វណ្ណា បាន​ថ្លែងបន្តថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជា​វិធីសាស្ត្រ​មួយ ដែល​យើង​អាច​ធ្វើ​ការចុះបញ្ជី​ដីធ្លី​​​បាន​យ៉ាង​ច្បាស់​មាន​ប្រសិទ្ធភាព មាន​តម្លាភាព និង​ធានាបាន​នូវ​ភាពកក់ក្តៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការកាន់កាប់​ដីធ្លី​ ​និង​ធានា​សុវត្ថិភាព​ដីធ្លី ។ ការ​គ្របគ្រង​ដីធ្លី​បាន​ល្អ ជា​មូលដ្ឋាន​ឲ្យ​រដ្ឋ គិតគូរ​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ និង​ផ្តល់​លក្ខណៈ​ងាយស្រួល​​ដល់​ការជំរុញ​កិច្ច​វិនិយោគ លើកស្ទួយ​សេដ្ឋកិច្ចជាតិ ។ ម្យ៉ាងទៀត គឺជា​ការរួមចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​ការអនុវត្ត​នយោបាយ​​របស់​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព ។​

លោក សារិន វណ្ណា បានឲ្យដឹង​ទៀតថា “​មុន​នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ សម្គាល់​អចលនវត្ថុ គឺ​ក្រុម​មន្ត្រី​ជំនាញ​សូរិយា​ដី​​បាន​ចុះមក​ធ្វើការ​វាស់វែង ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខែ មកហើយ រហូតមកដល់​ពេលនេះ ទើប​បងប្អូន​ទទួល​នូវ​ប័ណ្ណកម្មសិទ្ធិ​​ជា​ផ្លូវការ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍ថា កម្មសិទ្ធិ​មួយ​សន្លឹក​នេះ គឺ​មាន​តម្លៃ​ស្មើនឹង​តម្លៃផ្ទះ​ឬ​ក្បាលដី​នី​មួយៗ ។ ដូចនេះ​សូម​បងប្អូន​ថែរក្សា​ប័ណ្ណ ឲ្យបាន​ល្អ និង​មាន​សុវត្ថិភាព​បំផុត​។ ជាពិសេស​នោះ​​សូម​បងប្អូន​កុំ​យក​វា​ទៅ​អ៊ុត​រឹង ពីព្រោះ​វា​អាច​ធ្វើ​ប័ណ្ណ​នេះ​ខូច នៅពេលដែល​យើង​យក​ប័ណ្ណ​នេះ ទៅ​ចុះបញ្ជី​បន្ត ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​ប្រជាជន ពិចារណា​ឲ្យបាន​ម៉ត់ចត់ ក្នុងករណី​បងប្អូន យក​ប័ណ្ណកម្មសិទ្ធិ​នេះ​​យកទៅ​ដាក់​ធនាគារ ដើម្បី​យក​ថវិកា​ទៅ​ប្រើប្រាស់ ឬ​ដោះស្រាយ​បញ្ហា​អ្វីមួយ ។​

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា នេះ​គឺជា​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល លើ​វិស័យ​ដីធ្លី​​គឺ​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ គ្រប់​គ្នា​ទទួលបាន​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី និង​ក៏​ជា​យុទ្ធសាស្ត្រ កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

​ការ​ដែល​ចែក​ប័ណ្ណកម្មសិទ្ធិ ដល់​ប្រជាពលរដ្ឋ មាន​ការយឺតយ៉ាវ ដោយសារ​ប្រជាពលរដ្ឋ រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ ​ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រងចាំ​ការ​អនុញ្ញត​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​សម្បទាន ជូន​ដល់​ប្រជាពលរដ្ឋ​​ទាំងអស់គ្នា​៕ ​ដោយ ​៖ ​កូឡាប​

   

spot_img
×