Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២​ ឆ្នាំ​២០១៨ ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង

spot_img

ខេត្តស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។ ក្នុង​កិច្ចប្រជុំ​នេះ មាន​ការ​អញ្ជើញ​​​ចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា អភិបាលរង​ខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក​នាយក​រង​​រដ្ឋបាល​សាលាខេត្ត លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោក​តំណាង​ព្រះរាជអាជ្ញា​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ប្រធាន​ច្រក​ទ្វារ​ព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អប្រសើរ រួមចំណែក​ធ្វើឲ្យ​ខេត្ត​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ព្រមទាំង​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​នៅក្នុង​សកម្មភាព​សង្គម​នានា ជា​ពិសេស​ការសហការ​ក្នុង​ការរៀបចំ​ពិធី​ធំៗ តួ​យ៉ាង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ក្រោម​ព្រះ​រាជា​ធិប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិធី​សង្ក្រាន្ត​ស្វាយរៀង និង​ក្នុង​ឱកាស​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ក្នុង​ក្រុង​បា​វិតឲ្យ​ទទួល​បានល​ទ្ធ​ផល​គួរ​ជាទី​មោទនៈ ។​

​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ៖
-​ត្រូវ​បន្ត​បន្ត​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។​

-​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​គ្រោះថ្នាក់​សង្គម​ផ្សេងៗ និង​គ្រោះមហន្តរាយ​ធម្មជាតិ ដូច​ជា​អគ្គីភ័យ ខ្យល់​កន្ត្រាក់ ជំនន់​ទឹកភ្លៀង និង​រន្ទះ ជាដើម ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់ ព្រមទាំង​ត្រូវ​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព និង​ចុះ អន្តរាគមន៍​ជួយសង្គ្រោះ​ឲ្យបាន​ទាន់​ពេលវេលា ។​

-​មន្ទីរ​កសិកម្ម ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​អនុវ​ត្ត​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា ឲ្យបាន​ទាន់​ពេលវេលា និង​ទទួលបាន​ទិន្នផល​ខ្ពស់ ព្រមទាំង​ត្រូវ​ចាត់វិធានការ​ត្រៀម​បង្ការ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ ។​

-​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់ ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ញឹកញាប់ ដើម្បី​ក្តាប់​ឲ្យបាន​នូវ​តម្រូវការ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឲ្យបាន​សមស្រប ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

-​គ្រប់​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​ការពារ​ដំណើរការ​នេះ​ឲ្យបាន​ល្អ​ប្រសើរ ប្រព្រឹត្តទៅ​ដោយ​រលូន ទាំង​នៅក្នុង​ពេល​ឃោសនា ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយពេល​បោះឆ្នោត ៕ ​វ៉ៃកូ​


spot_img
×