Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​ប្រជាជន​ខ្មែរ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​?

spot_img

​​ប្រជាជន​ខ្មែរ​រស់នៅ​ក្នុង​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ខេត្ត​សុរិន្ទ ស៊ីសាកេត និង​ខេត្ត​បុរី​រម្យ ក្នុង​ប្រទេស​ថៃ​នាពេល បច្ចុប្បន្ន​នេះ​ដែរ ពួកគេ​នៅតែ​មាន​ជំនឿ​ថា ខ្នាយតាន់​របស់​ជ្រូកព្រៃ​គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ ដែល​នាំមក​នូវ​សិរី​មង្គល​និង​សេចក្ដីសុខ​ចម្រុងចម្រើន​។​

​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ ក៏​កើត​មាន​ទៅ​ដល់​ប្រជាជន​ខ្មែរ​ភាគតិច​ដែល​រស់នៅ​តាម​ច្រករបៀង​នៃ​ព្រំដែន ខ្មែរ​-​ឡាវ​ផងដែរ​។ ជនជាតិ​ខ្មែរ​លើ​ទាំងនេះ មានដូចជា​ពួក​ទំ​ពួន ព្នង និង​ស្ទៀង​ជាដើម ដែល​ភាគច្រើន​នៃ​ពួក​នេះ​ពាក់​ខ្នាយតាន់​ជ្រូកព្រៃ​ជា​ប្រចាំ​ថ្ងៃ​ទៀតផង​។​

​ការ​និយម​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​របស់​ប្រជាជន​ខ្មែរ​ស្ទើរតែ​ជាទូទៅ​ក៏ដោយ ក៏​គេ​នៅតែ​មាន​ជំនឿ ខ្លាំងជាងគេ​គឺ​ខ្នាយតាន់​ជ្រូកព្រៃ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​។ ជួរ​ភ្នំ​ដងរែក​ជា​តំបន់​អាថ៌កំបាំង ដែល​គេ​យល់ថា ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ដ​របស់​សត្វ​ជ្រូក​ព្រៃ ព្រោះ​នៅ​ទីនោះ​មាន​សម្បូរ​ចំណីអាហារ​ដ៏​គាប់ចិត្ដ​របស់ ហ្វូង​ជ្រូក គឺ​មើមដំឡូង​ព្រៃ​។​

តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូងៗ​របស់​វា​។ នៅក្នុង​ហ្វូង​ជ្រូកព្រៃ​នីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល ដែល​មិន​ត្រឹមតែ​មាន​មាឌធំ ហើយ​ខ្លាំងជាងគេ​ទេ វា​ថែមទាំង​កាច​សាហាវ​ទៀតផង​។ នៅក្នុង​ខណៈ​ដែល​មាន​កូន​ជ្រូកព្រៃ​ទើប​នាង​កើតមក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​នេះ​សម្លាប់​នូវ​កូនជ្រូក​ឈ្មោល​ណា​ដែល​វា​ទទួលស្គាល់ថា​មាន​មហិទ្ធិរិទ្ធិ​ដូចវា​។​

​អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​បានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួន​ឯង​ដូច្នេះ បណ្ដាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅក្នុង​ហ្វូង​នោះ​ដណ្ដើម​អំណាច​ធ្វើ​ជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ​។​

​ទម្លាប់​របស់​ជ្រូកព្រៃ​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​នៅក្នុង​សង្គម​សត្វ​ដែល​ធ្វើឱ្យ​មាន​ការ​រន្ធត់​ចិត្ដ​នោះ​ទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ​។​

​ពេល​មេហ្វូង​ជ្រូកព្រៃ​ជិត​ងាប់ ទើប​វា​ទុក​កូនឈ្មោល​ណា​ដែល​ប្រកប​ដោយ​លក្ខ​ណស​ម្ប​តិ្ដរឹង​មាំ មាន​ដុះ​ខ្នាយ​វែង​ជា​គេ​បន្ដិច ដើម្បី​ទុក​ឱ្យ​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​ជា​បន្ដ​ពី​វា​ទៀត​។ ចំពោះ​មេហ្វូង​ជ្រូកព្រៃ​ដល់ ពេលវេលា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅ​រក​កន្លែង​ស្ងាត់​និង​មាន​ដើមឈើ​ផង​ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំង ពីរ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង​ដើមឈើ​នោះ​។​

​មហិទ្ធិរិទ្ធិ​របស់​ខ្នា​យតាន់​នៅត្រង់ថា បារមី​ឬ​វត្ថុ​ស័ក្ដិសិទ្ធិ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែរក្សា​គាំពារ ជានិច្ចកាល​។ បារមី​នេះឯង​ដែល​ពិបាក​នឹង​មាន​នរណា​មួយ​អាច​សម្លាប់​វា​ដោយ​ងាយៗ​បានឡើយ​។ ហេតុដូច្នេះ​ហើយ ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត​មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយតាន់​ជ្រូកព្រៃ​យក​មក​ពាក់ គឺ​គេ​នឹង​មាន​សេចក្ដីសុខ សិរី​សួស្ដី​ជាពុំខាន​។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិន​ឱ្យ​សត្រូវ​ជិត​ឆ្ងាយ​មក​បៀតបៀន​ឬ​យក​ឈ្នះ​លើ​ខ្លួន​គេ​បានឡើយ​។​

​អ្នក​មាន​ខ្នាយតាន់​ជ្រូក​ព្រៃ គេ​តែងតែ​កាន់​ត្រណម​មួយចំនួន​ឱ្យបាន​ខ្ជាប់ខ្ជួន គួបផ្សំ​នឹង​មន្ដ​អាគម​បន្ថែម​ទៀត​ផង ដែល​កាន់តែ​ធ្វើឱ្យ​ខ្នាយតាន់​ជ្រូកព្រៃ​មាន​បារមី​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរ​លើ​ក៏មាន​ជំនឿ​ដូចគ្នានេះដែរ​។ គេ​បាន​ចាត់ទុក​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​និង ប្រពៃណី​ប្រចាំ​ជនជាតិ​ផងដែរ​។ គេ​យល់ឃើញ​ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ការពារ​នឹង​សត្វព្រៃ​ដ៏ កាច​សាហាវ​ផ្សេងៗ​ឬ​អាវុធ ដូចជា​ព្រួញ​សរ​ជាដើម​។ ដោយហេតុ​ថា នៅ​តំបន់​ព្រៃ​ភ្នំ​ពុំមាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ​។​

​សរុបសេចក្ដី​មក ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូកព្រៃ​របស់​ជនជាតិ​ខ្មែរ​យើង​អាច​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ថា ទស្សនៈ​របស់​មនុស្ស​ពេល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​ណាមួយ គេ​មាន​ប្រាថ្នា​តែ​សេចក្ដីសុខ​និង​មាន ភាពត្រជាក់ត្រជុំ​តែប៉ុណ្ណោះ​។​ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​និង​អារ្យធម៌​របស់​ជនជាតិ មួយចំនួន​ផង​ដែរ​។​

​គប្បី​ជម្រាប​ផងដែរ​ថា ចំពោះ​ខ្មែរសុរិន្ទ​បុរីរម្យ​សព្វថ្ងៃ ឆ្អឹង​ថ្គាម ខ្នា​យ​និង​ឈាម​សត្វព្រៃ​មួយចំនួន​មាន តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរក្សា​រោគ​ឬ​ជំងឺ​។ ឧទាហរណ៍​គេ​យក​ថ្គាមដំរី​ទៅ​ដុស​នឹង​ថ្ម ហើយ​ស្រង់​យក​ទឹក​ទៅ​បរិភោគ​ដើម្បី​ការពារ​ពុល​ថ្នាំ និង​ធ្វើឱ្យ​ត្រជាក់​ខ្លួន​ប្រាណ​។ ខ្នាយ​ដំរី​និង​ខ្នាយតាន់​ជ្រូក​វិញ គេ​ប្រើ​សម្រាប់​កែ​ក្ដៅខ្លួន​ដែរ​។ ឆ្អឹង​ត្មាត និង​ឆ្អឹង​អ​ក កែរោគ​គ្រុនញាក់ រវើរវាយ​និង​កែ​ស្ដ្រី​សម្រាលកូន​មិន​ចេញ​ប្រក្រតី ។ ជួនកាល​គេ​ក៏​យក​ឈាមរ​មាស​ដើម្បី​កែ​ក្រំ និង​ជាំ ពេល​ដែល​ធ្លាក់​ពី​ខ្នង​ដំរី ឬ​ដើមឈើ​ជាដើម​។ ចំពោះ​ចង្កូមខ្លា គេ​យក​ដាក់​ពាក់​ជា​បន្ដោង​នៅ​ក ដើម្បី​ការពារ​នឹង​សត្វព្រៃ ហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង វា​កាន់តែ​មាន​ប្រសិទ្ធភាព ព្រោះ​ព្រាយ​បិសាច​ខ្លាច​ណាស់​។​

​តើ​មនុស្ស​នៅ​ភូមិ​ស្វាយ​មាន​ជំនឿ​ដូច​នៅ​ខាងលើ​នេះ​ដែរ​ឬទេ​? ចំពោះ​ចម្លើយ​និង​សំណួរ​នេះ តាម​ការស្រាវជ្រាវ​សិក្សា​ប្រៀបធៀប​របស់​យើង​បានឱ្យដឹងថា អ្វី​ដែល​ទើប​ពោល​ខាងលើ មិន​ខុសប្លែក​នឹង​ជំនឿ​របស់​សហគមន៍​ខ្មែរ​នៅ​ភូមិ​ស្នាយ​ប៉ុន្មាន​ឡើយ​។ ដោយហេតុ​ថា សំណល់​វប្បធម៌​ជា​វត្ថុ​បុរាណ​ជាច្រើន ដូច​ជា​ឆ្អឹង ចង្កូម​សត្វ ដែល​គេ​កប់​ជាមួយ​សព ពុំមែន​ជា​ការ​ចៃដន្យ​ទេ ក៏ប៉ុន្ដែ​ទាំងអស់នេះ​ឆ្លើយតប​តាម​ជំនឿ​ប្រពៃណី​របស់​មនុស្ស​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ​យ៉ាងពិតៗ​៕​ សុបិន្ត

 

spot_img
×