Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាវិន វិបុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​ព្រះសីហនុ បដិសេធន៍​ថា មិន​បាន​យក​ដី​រដ្ឋ​ពុះ​ឡូត៍​លក់​ទេ​? (មានវីដេអូ)

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ បង្ហាញ​ការសង្ស័យថា ទីតាំង​ដី​មួយកន្លែង ដែល​ពួកគាត់​ធ្លាប់​រស់នៅ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​បណ្តេញចេញ និង​គំរាម​ចាប់​ដាក់គុក ដោយ​ចោទ​ថា ពួកគាត់​បាន​ទៅ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​។ ប៉ុន្តែ​ពេល​នេះ​ពួកគាត់​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ទីតាំង​ដី ដែល​បណ្តេញ​ពួកគាត់​ចេញ​នោះ បែរជា​ធ្លាក់​ទៅ​ដល់​ដៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​ទៅវិញ​។ ពិសេស​ជាង​នេះ​ទៀត ដី​ទីតាំង​ដី​ដដែល​នោះ កំពុង​ត្រូវបាន​គេ​ពុះ​ច្រៀក​ដីឡូត៍ៗ និង​ប្រកាស​ដាក់​លក់​បន្ត​ឲ្យ​អតិថិជន​នៅ​តាម​បណ្តាញ​សង្គម​ហ្វែ​ស​ប៊ុ​ក​ទៅវិញ​..?​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជា​ពល​មួយចំនួន​ដែល​អះអាង​ថា ធ្លាប់បាន​រស់នៅ​លើ​ដី​ទីតាំង​ក្នុង​សង្កាត់​លេខ​១ ហើយ​ត្រូវបាន​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ទីតាំង​ធ្លាប់​រស់នៅ ក៏​បាន​បន្ត​នាំ​គ្នា​ប្រមូលផ្តុំ​តវ៉ា​ដល់​មុខ​សាលាខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើ​ជួប​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជួយ​បំភ្លឺ​លើ​ករណី រឹបអូស​យក​ដី​ពី​ពួក​គាត់​យក​ទៅ​ពុះ​ច្រៀក​ជា​ឡូត៍ និង​ប្រកាស​ដាក់​លក់​នៅ​តាម​បណ្តាញ​សង្គម​ហ្វែ​ស​ប៊ុ​ក​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ ពិសេស​ក្រសួង​ការពារជាតិ ឲ្យ​ចុះ​អង្កេត​លើ​ករណី​ខាងលើ​នេះ​ឲ្យ​ច្បាស់លាស់ និង​បង្ហាញ​ការ​ពិត​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង​ជា​សាធារណៈ ព្រោះ​វា​អ​យុត្តិធ៌ម​បំផុត​សម្រាប់​ប្រជាពល​រដ្ឋ​ពួកគាត់​។

​ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ​មាន​មន្ទឹល​ថា ទីតាំង​ដី​ដែល​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បណ្តេញ​ពួកគាត់​ចេញ ឬ​បាន​យក​ដី​នោះ​ទៅ​ផ្តល់ជូន​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា ទំនងជា​មាន​អ្នកធំ​មាន​ឋានៈ​បុណ្យស័ក្តិ​ពាក់​ផ្កាយ​ព្រោង​ព្រាត​លើ​ស្មា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ឬ​យក​ដី​មាន​ទីតាំង​នៅ​ម្តុំ​តំបន់​អូរ​អា​រ៉េ​វ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ យកទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ ព្រោះ​បាន​ឃើញ​ពុះ​ច្រៀក​ជា​ឡូត៍ៗ និង​បាន​ប្រកាស​ដាក់​លក់​នាពេល​កន្លងមកនេះ​។​

​យ៉ាងណា​ក​ដ៏​ដោយ​ចុះ យោងតាម​លិខិត របស់​លោកនាយ​ឧត្តមសេនីយ៍ទោ សាវិន វិបុល មេបញ្ជាការ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ យោធភូមិភាគ​ទី​៣ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។ លោក​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​ដែលថា អង្គភាព​លោក​បាន​ស្នើសុំ​ដី​រដ្ឋ​ពី ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​យក​ទៅ​ពុះ​ច្រៀក​ជា​ឡូត៍ៗ​លក់ដូរ​បន្ត មាន​ទីតាំង​នៅ​ភូមិ​២ សង្កា​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជា​រឿង​មិន​ពិត​ទេ​។

​ផ្ទុយទៅវិញ នាយ​ឧត្តមសេនីយ៍ទោ សាវិន វិបុល បាន​អះអាង​ថា ដី​ដែល​ពុះ​ឡូត៍​នោះ គឺ​ទុក​សម្រាប់ ចែក​ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន​ចំនួន​២៤០​នាក់ ឬ​ស្មើ​៨០​ឡូត៍ ដោយ​ក្នុង​១​ឡូត៍​មាន​ទំហំ ៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ​។​

​នៅក្នុង​លិខិត​បំភ្លឺ​ផ្ញើជូន ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក សាវិន វិបុល បញ្ជាក់ថា អង្គភាព​ខ្លួន​ពិតជា​បាន​ធ្វើការ​ពុះ​ដី​ស្នើ​សុំ​នោះ​ជា​ឡូត៍ៗ ដើម្បី​ត្រៀម​ចែកជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ចំនួន​២៤០​នាក់ ឬ​ស្មើ​៨០​ឡូត៍ ដោយ​ក្នុង​១​ឡូត៍ៗ​មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​ពិតមែន ប៉ុន្តែ​មិនមែន​ពុះ​ឡូត៍​លក់​ដូច​ការចោទប្រកាន់​នោះទេ​។​

លិខិត​បដិសេធ​របស់ លោកនាយ​ឧត្តមសេនីយ៍ទោ សាវិន វិបុល មេបញ្ជាការ នៃ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​ព្រះសីហនុ យោធភូមិ​ភាគ​ទី​៣​ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អះអាង​ថា​ធ្លាប់​រស់នៅ​លើ​ដី​ខាងលើ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​អាជ្ញាធរ​បណ្តេញ​ចេញ​ទាំង​បង្ខំ ដោយ​អះអាង​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​។ ប៉ុន្តែ​ពេល​នេះ ពួក​គាត់​សង្ស័យ​ថា ទំនងជា​មាន​បុគ្គល​មាន​អំណាច​ពាក់​ផ្កាយ​ដាប​ស្មា នៅក្នុង​ជួរ​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ ឬ​ពីរ​នាក់ បម្រុង​យក​ទីតាំង​ដី​ទីតាំង​ខាង​លក់​ឲ្យ​ឈ្មួញ​ដី ដើម្បី​ពុះ​ឡូត៍​លក់ដូរ​បន្ត ដោយ​សំអាង​ថា ទីតាំង​ដី​នោះ គឺជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ឯកជន ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ឬ​ទិញ​ពី នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​កន្លងមក​។​

ទាក់ទិន​បញ្ហា​នេះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ដែ​ថា ក្រុមការងារ​សាលាខេត្ត ក៏​កំពុង​ចុះ​អង្កេត​ពី​ភាពមិនប្រក្រតី​ខាងលើ​នេះ​ដោយ​យកចិត្តទុកដាក់​។ ប៉ុន្តែ​យ៉ាងណា​នោះ គឺ​មិន​ទាន់​បង្ហាញ​លទ្ធផល​ឲ្យ​ប្រជាពលរដ្ឋ ឬ​សាធារណៈជន​បាន​ដឹង​នៅឡើយ​ទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨៕​ ដោយ ៖ ដែនសីមា

  

spot_img
×