Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនី​កម្ពុជា ពន្យល់​រឿង​ផល​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ចាម ខណៈ​មាន​ពលរដ្ឋ​មក​តវ៉ា​នៅ​មុខ​អគ្គិសនី​កម្ពុជា ជិត​មួយ​អាទិត្យ​

spot_img

ភ្នំពេញ​៖ ពាក់ព័ន្ធ​ជំវិញ​ករណី​តំណាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ នៅ​ខេត្ត​កំពង់ចាម ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបោះបង្គោល​អគ្គិសនី​លើ​ដីស្រែ និង​ដី​លំនៅឋាន នៅ​ថ្ងៃ​ទី​២១ មិថុនា​បាន​នាំ គ្នា​បន្ដ​ការទាមទារ​នៅមុខ​អគ្គីសនី​ជាតិ​កម្ពុជា និង​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាច្រើន​ថ្ងៃ​មក​នោះ អគ្គិសនី​កម្ពុជា (EDC) នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​ពន្យល់​យ៉ាង​លម្អិត ចំពោះ​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម តវ៉ា​រឿង​សង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ឆ្លងកាត់ និង​ប៉ះ​ដី​របស់​ពួកគាត់​។​

​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ថា​៖ នៅ​ឆ្នាំ​២០១៤ អគ្គិសនី​កម្ពុជា ក្នុងនាម​រាជរដ្ឋាភិបាល​ត្រូវ​សាងសង់ ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០​គីឡូ​វ៉ុល ភ្ជាប់​ពី​ខេត្ត​កំពង់ចាម​ទៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រុញ​ថាមពល​ពី​ប្រភព ផ្សេងៗ​ក្នុង​បណ្តាញ​ជាតិ​ទៅ​ជួយ​ដល់​តំបន់​នៃ​ភាគ​ខាងជើង និង​ឦសាន និង​បន្ទាប់មក​យក​ប្រភព​ថ្មី​ចេញពី​វា​រី អគ្គិសនី​សេ​សាន​ក្រោម​២ មក​ជួយ​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​វិញ​ផងដែរ​។ ខ្សែ​បញ្ជូន​ដែល​មាន​ប្រវែង​២៤០​គីឡូម៉ែត្រ​នេះ មាន​អ្នក​រង​ផលប៉ះពាល់​សរុប​ចំនួន​១.០៥៤ គ្រួសារ ហើយ​ប្រជាពលរដ្ឋ​១.០៤៦ គ្រួសារ បាន​ជួយ​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ដ៏​មាន​ប្រយោជន៍​នេះ ដោយ​ទទួលយក​សំណង​តាម​គោលការណ៍​ដែល​សម្រប សម្រួល​ដោយ​គណៈកម្មការ​ចម្រុះ​មួយ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ពាក់ព័ន្ធ​។ មកទល់​ពេល​នេះ​មាន ៨ គ្រួសារ​តែ ប៉ុណ្ណោះ ដែល​ពុំ​ទទួលយក​សំណង​។ គ្រួសារ​ទាំង​នេះ​ពុំ​មាន​ដី​ដែល​រង​ការប៉ះពាល់​ដោយ​ការ​ដាំ​បង្គោល​អគ្គិសនី នោះឡើយ ដោយ​ការប៉ះពាល់​គឺ​គ្រាន់តែ​ជា​ចំណែក​ខ្លះ​នៃ​ដី​របស់​ពួកគាត់​ស្ថិតនៅក្រោម​គន្លង​ខ្សែ​តែប៉ុណ្ណោះ​។ ក្នុង ស្ថានភាព​គ្រាន់តែ​ខ្សែ​រត់​កាត់ ពីលើ​ដែល​មាន​កម្ពស់​ប្រមាណ ១០ ម៉ែត្រ នៅ​ចំណុច​កណ្តក់​ទាប​បំផុត និង​មាន​ទទឹង ៣០ ម៉ែត្រ (១៥ ម៉ែត្រ​សងខាង​ពី​ខ្សែ​អ័ក្ស​បង្គោល​) បាន​លើស​ពី​ស្តង់ដា​បច្ចេកទេស​អគ្គិសនី​ដែល​អនុវត្ត​ជា​ទូទៅ​លើ ពិភពលោក ហើយ​ជា​គោលការណ៍​សំណង​ត្រូវ​ផ្តល់ជូន ៣០% នៃ​តម្លៃ​ដី​នាពេល​សាងសង់​គម្រោង (​ចំពោះ ទីតាំង​ដី​ដែល​ត្រូវ​សាងសង់​គ្រឹះ​បង្គោល​អគ្គិសនី គឺ​ត្រូវ​ផ្តល់​សំណង​ជូន ១០០% នៃ​ផ្ទៃក្រឡា​ដី​ប៉ះពាល់​គិត​ទាំង​គ្រឹះ​កប់ ក្នុង​ដី​)​។​

ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​លើសលប់ និង​អាជ្ញាធរ​ដែនដី ការសាងសង់​ខ្សែ​បញ្ជូន​ត្រូវបាន​បញ្ចប់ ហើយ​ខ្សែ​បញ្ជូន​នេះ​បាន​នឹង​កំពុង​ជួយ​ផ្គត់ផ្គង់​ថាមពល ជូន​តំបន់​ខាងលើ​ក្នុងតម្លៃ និង​ស្ថិរភាព​ល្អ​ជាង​មុន​យ៉ាង ច្រើន ដែល​បើកផ្លូវ​ឲ្យមាន​ការដាក់ពង្រាយ​រោងចក្រ ឧស្សាហកម្ម​ជា​ច្រើន និង​សម្រួល​ជីវភាព​ជូន​ប្រជាពលរដ្ឋ​រាប់ លាន​នាក់​។​

​នា​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ វិទ្យុ​អាស៊ីសេរី​បាន​ចុះផ្សាយ​ដូចខាងក្រោម​៖

១៖ អះអាងថា​មាន​ប្រជាជន ៣០ គ្រួសារ ដែល​កំពុង​រងគ្រោះ​ដោយសារ​ការបោះបង្គោល​អគ្គិសនី​លើ​ដីស្រែ និង ដី​លំនៅដ្ឋាន ។​
២៖ អះអាងថា អគ្គិសនី​កម្ពុជា​បាន “​បោះបង្គោល​ធំៗ ខ្លះ​ចំ​ដីស្រែ និង​ខ្លះ​ចំ​ដី​ផ្ទះ​តែ​ម្តង​”​។ វិទ្យុ​អាស៊ីសេរី​ដែល ញុះញង់​ជាប្រចាំ​នេះ ក៏​លើក​ទៀត​ថា “​ក្រុម​ប្រជាពលរដ្ឋ ៣០ គ្រួសារ មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ចាម បន្តថា ការតវ៉ា​ប៉ុន្មាន​ថ្ងៃនេះ ពួកគាត់​អស់​ប្រាក់​ទិញ​ម្ហូប​ហើយ ប៉ុន្តែ​ពួកគាត់​នៅសល់​អង្ករ​ដែល​ដាក់​មកពី​ស្រុក​”​។ មាន​ការចោទប្រកាន់​បន្ថែម​ដោយ​គ្មាន​មូលដ្ឋាន ពី​សំណាក់​លោក​ស្រី​ដែលជា​អ្នកសម្របសម្រួល​សមាគម​សិទ្ធិ មនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម​ផងដែរ ក្នុង​ន័យ​ថា អគ្គិសនី​កម្ពុជា​មិន​ចង់​ដោះស្រាយ​ជូន​ប្រជាជន ដោយ​លើក លេខ​៣០ គ្រួសារ​មក​និយាយ​ដូចគ្នា ហើយ​ចោទ​ថា “​បដិសេធ និង​មិន​ទទួលខុសត្រូវ​”​។​

​អគ្គិសនី​កម្ពុជា​សូម​បំភ្លឺថា ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​ក្រោម​ការរៀបចំ​របស់​លោក​ស្រី មិត្ត គឹម​ថា ដែល​ស្វាមី មានឈ្មោះ ស៊ុ ដា​រិទ្ធិ ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម និង​លោកស្រី ចាប សុខ​ជា ដែល​ស្វាមី​មានឈ្មោះ ហ៊ី លី ជា​មន្ត្រី​ផ្នែក​ជលផល​នៃ​សាលា​ជាតិ កសិកម្ម​កំពង់ចាម​នេះ​គឺ​៖
១៖ ជាក់ស្តែង​មាន ៨ គ្រួសារ​ប៉ុណ្ណោះ ដែល​នៅ​មិន​ទាន់​ព្រម​ទទួល​សំណង ដែល​អ្នកខ្លះ​រង​ផលប៉ះពាល់ តិចតួច​បើ​ធៀប​នឹង​ដី​របស់​គាត់​ដែល​មាន ដូច្នេះ​មិនមែន ៣០ គ្រួសារ​ទេ​។​

២៖ គ្មាន​បង្គោល​ណា​ស្ថិត​ក្នុង​ដី​ពួកគាត់​ទេ មានតែ​ខ្សែ​រត់​កាត់​ពីលើ​ដែល​មាន​កម្ពស់​ប្រមាណ ១៥ ម៉ែត្រ នៅ​ចំណុច​កណ្តក់​ទាប​បំផុត​ដែល​ជា​កម្ពស់​លើសពី​ស្តង់ដា​បច្ចេកទេស​អគ្គិសនី (​ដី​ទាំង​ពីរ​របស់​ពួកគាត់ មាន​កណ្តក់​ខ្សែកម្ពស់​ប្រមាណ ២០ ម៉ែត្រ​ដោយ​សារ​នៅក្បែរ​បង្គោល​) ហើយ​ប្រជាពលរដ្ឋ​អាច​ទទួល បាន​សំណង ៣០​ភាគរយ ជាការ​ប៉ះប៉ូវ រីឯ​កម្មសិទ្ធិ​ពួកគាត់​នៅ​រក្សា​ដដែល និង​អាច​ប្រកប​រប​ដែល​ពួកគាត់ ធ្លាប់​ធ្វើ​ពី​មុន​ក្រោម​ខ្សែ​បាន កុំឲ្យ​តែ​ប៉ះពាល់​ដល់​សុវត្ថិភាព​ខ្សែ ដែល​ធម្មតា​ត្រូវ​មាន​គម្លាត ៤,២ ម៉ែត្រ​។​
៣៖ ទីតាំង​ដី​របស់​ពួកគាត់​មិនមែន ស្ថិតនៅក្នុង​តំបន់​ប្រជុំជន ដែល​ថ្លៃ​ដូច​ពួកគាត់​ចង់បាន​នោះ​ឡើយ​។ ដី​របស់​ប្រជាពលរដ្ឋ​មេ​តវ៉ា​ក្នុង​ការរៀបចំ​ការតវ៉ា​មិន សមស្រប​ទាំងពីរ​ខាងលើ គឺ​មាន​ស្ថានភាព​ដូច​រូប​ភ្ជាប់​ជូន​។​

​គួរឲ្យ​សោកស្តាយ ម្ចាស់​ដី​ទាំង​ពីរ​ខាងលើ លោកស្រី មិត្ត គឹម​ថា និង​លោកស្រី ចាប សុខ​ជា ទាំង​ពីរ​គ្រួសារ បាន​ធ្វើ​ការប្រឆាំង​តវ៉ា​ជា​ហូរហែរ រហូត​ដល់​ការ​អង្គុយ​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​អគ្គិសនី​កម្ពុជា ក្បែរ​រមណីយដ្ឋាន វត្តភ្នំ មាន​អម​ដោយ​សារព័ត៌មាន​
​ឈ្មោះ សាន ប៊ុនធឿន និង​សារព័ត៌មាន Swiftnews (Best TV) ហើយ​ផ្តល់​ការ សម្ភាសន៍​ពុំមាន​មូលដ្ឋាន​សមរម្យ​។​

​ទោះបីជា​យ៉ាងនេះក្តី អគ្គិសនី​កម្ពុជា​នៅតែ​មាន​ជំហរ​បន្ត​ការចរចា និង​ដោះស្រាយ​តាម​គោលការណ៍ ក៏ដូចជា នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន ទោះបីជា​ការសាងសង់​បង្គោល និង​អូស​ខ្សែបណ្តាញ​ត្រូវបាន​បញ្ចប់​រួចរាល់​ក៏ដោយ​។ ចំពោះ​ទីតាំង​ដែល​បាន​ផ្តល់ជូន ១,៨$/​ម​២ គឺជា​ទីតាំង​ក្រោម​គន្លង​ខ្សែ​តែប៉ុណ្ណោះ ដែល​នៅតែ​ជា​កម្មសិទ្ធិ​របស់​ពួក គាត់​ដដែល​ដែល​ត្រូវបាន​ទូទាត់​ជូន​៣០% ដូច្នេះ​តម្លៃ​ពេញ​គឺ ៦$/​ម​២ ដែល​ផ្តល់ជូន​នៅ​រវាង​ឆ្នាំ​២០១៤-២០១៥​។ ក្នុងករណី​តម្លៃ​ថ្លៃ​លើសពី​គោលការណ៍ ដែល​បាន​យក​ទីផ្សារ​ជា​មូលដ្ឋាន​នៅក្នុង​ពេល​អនុវត្ត​ការសាងសង់​នោះ នឹង​មាន​ភាព​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​១,០៤៦​គ្រួសារ ដែល​បាន​ឯកភាព និង​ទទួលយក​សំណង​រួច​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ អគ្គិសនី​កម្ពុជា​សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​តែង​បាន​ចូល រួមចំណែក​គាំទ្រ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី ដែល​តាមរយៈ​នេះ​ជាតិខ្មែរ​ទាំងមូល​នឹង​បន្ត​ទទួល​បាន​ការ ផ្គត់ផ្គង់​អគ្គិសនី​ដែល​កាន់តែ​មាន​វិសាលភាព​ទូលាយ​ទៅៗ មាន​ស្ថិរភាព​កាន់តែ​ប្រសើរ​ជា​លំដាប់ ហើយ​ជាពិសេស​ថ្លៃ អគ្គិសនី​នឹង​បន្ត​ធ្លាក់ចុះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម ការអភិវឌ្ឍន៍​ផ្សេងៗ​ទៀត និង​ជួយ​កាត់ បន្ថយ​ចំណាយ​ផ្ទាល់​ជូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

​សូមបញ្ជាក់​ថា តំណាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ នៅ​ខេត្ត​កំពង់ចាម ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបោះបង្គោល​អគ្គិសនី​លើ​ដីស្រែ និង​ដី​លំនៅឋាន នៅ​ថ្ងៃ​ទី​២១ មិថុនា​បាន​នាំ គ្នា​បន្ដ​ការទាមទារ​នៅមុខ​អគ្គីសនី​ជាតិ​កម្ពុជា ក្រោយ​ពី​ពួកគាត់​បាន​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ជាច្រើន​ថ្ងៃ​មក​។ អ្នកការពារ​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ប្រធានអគ្គីសនី​ជាតិក​ម្ពុ​ជា និង ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី រក​ដំណោះស្រាយ​ជាមួយគ្នា ដើម្បី​បញ្ចប់​ទំនាស់​។​

​ពលរដ្ឋ​បាននាំគ្នា​បោះ​តង់ និង​ដាំបាយហូប នៅមុខ​អគ្គិសនី​ជាតិ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ ចេញ​មក​ដោះស្រាយ​ផល​ទំនាស់​ជាមួយ​ពលរដ្ឋ​។ តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ភាគច្រើន គឺជា​ស្ត្រី ពួក​គេ​ទាមទារ​ឲ្យ លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គិសនី​កម្ពុជា និង សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​អន្ដរាគមន៍​។​

​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៣០​គ្រួសារ ជាមួយនឹង​អាជ្ញាធរ​អគ្គិសនី​ខេត្តកំពង់ចាម បាន​កើត​ឡើង​តាំងពី​ឆ្នាំ ២០១៥ ស្ថិតនៅ​ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម គឺ​បន្ទាប់ពី​អគ្គិសនី​កម្ពុជា បាន​បោះបង្គោល​ធំៗ ខ្លះ ចំ​ដីស្រែ និង​ខ្លះ​ចំ​ដី​ផ្ទះ​តែ​ម្ដង​។ ប្រជាពលរដ្ឋ​នាំគ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​អាជ្ញាធរខេត្ត តាំងពី​ឆ្នាំ​២០១៦​។ ប៉ុន្តែ​បាន​ត្រឹម​សន្យា និង​ផ្ដល់​សំណង​ផលប៉ះពាល់​ជូន​ពួកគាត់​ក្នុង​កម្រិត​ដែល​មិន​អាច​រស់​បាន គឺ ១​ម៉ែត្រការ៉េ​តម្លៃ​ជិត ២​ដុល្លារ​។​

​ពលរដ្ឋ​អះអាងថា ពួកគាត់​បាន​នាំគ្នា​មករក​អន្ដរាគមន៍ ៤​ថ្ងៃ​ជាប់ៗ គ្នា​ហើយ នៅ​រាជធានី​ភ្នំពេញ គឺ​សុំ​ការអន្ដរាគមន៍​នៅ​ក្រសួង​រៀបចំ​ដែនដី និង​អគ្គិសនី​កម្ពុជា​។

​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់ គឺ លោកស្រី មិត្ត គីម​ថា ឲ្យដឹងថា កន្លងមក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តែងតែ​បង្ខិតបង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​ដី ជិត ២​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ ហើយ​គំរាម​ថា បើ​មិន​ទទួលយក​ទេ ទោះបី​ប្ដឹង​ដល់​ណា ក៏​មិន​បាន​លទ្ធផល​ដែរ ។ ពលរដ្ឋ​បន្ដថា ក្រៅពី​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង​មិន​សមរម្យ ក្រុម​មន្ត្រី​ថ្នាក់ក្រោម​ជាតិ បាន​ចោទ​ពួកគេ​ថា ជា​ក្រុមប្រឆាំង ឬ​ក្រុម​បដិវត្តន៍​ពណ៌​ជាដើម​។​

​លោក គួច ចំរើន បាន​លើកឡើង​ថា ដំណោះស្រាយ​គោលនយោបាយ​របស់​អគ្គិសនី​កម្ពុជា​នេះ គឺ​មាន​ការចូលរួម​វាយតម្លៃ ត្រឹមត្រូវ​ពី​ស្ថាប័ន​ឯករាជ្យ ហើយ​ការដោះស្រាយ​នេះ គឺ​មិន​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ខុសៗ គ្នា​នោះ​ទេ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×