Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រូចថ្លុង​កោះ​ទ្រង់​

spot_img

​​ក្រចេះ​៖ ដើម្បី​រួមចំណែក​ការពារ​អត្តសញ្ញាណ​ផលិតផល​ប្រពៃណី សំដៅ​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ចជាតិ ក្រសួង​ពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃ​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រូចថ្លុង​កោះ​ទ្រង់ ដែល​ជា​ឈើ​ហូប​ផ្លែ​ធម្មជាតិ​ដ៏​ពេញនិយម មានឱជារស​ឆ្ងាញ់​ពិសា និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។​

​ពិធី​ប្រកាស​ត្រូវបាន​រៀបចំឡើង​នៅលើ​កោះ​ទ្រង់ ក្នុង​ខេត្ត​ក្រចេះ ក្រោម​គណៈ​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភព លោក ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ពាណិជ្ជករ និង​និស្សិត​ប្រមាណ ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​អត្ថប្រយោជន៍​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដែល​ឧបករណ៍​ទីផ្សា​ដ៏​មាន​សក្តានុពល និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ហើយ​ការ​ដាក់ឲ្យ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រទំ​និ​ញ ក្រូចថ្លុង​កោះ​ទ្រង់ ថ្ងៃនេះ នឹង​ជួយ​បង្កើន​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាជន​មូលដ្ឋាន ព្រមទាំង​ទាំង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ​ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ខិតខំ​ថែរក្សា​បរិស្ថាន​ធម្មជាតិ ហើយ​បន្ត​គោរព និង​អនុវត្តន៍​តាម​សៀវភៅ​បន្ទុក​ក្រូចថ្លុង​កោះ​ទ្រង់ ដើម្បី​ទទួលបាន​សិទិ្ធ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រទំ​និ​ញ ក្រូចថ្លុង​កោះ​ទ្រង់ សម្រាប់​បិទ​នៅ​លើ​ផលិតផល​របស់​ខ្លួន ដែល​នឹង​ធានាបាន​នូវ​ការបញ្ជាក់​ប្រភពដើម រសជាតិ និង​គុណភាព ជូន​អ្នក​បរិភោគ ក៏ដូចជា​ការជំរុញ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​លោក វ៉ា ថន បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការបង្កើត​សមាគម​ក្រូចថ្លុង​កោះ​ទ្រង់ ដែល​បាន​ជួយ​ទប់ស្កាត់​ការ​ក្លែងបន្លំ​អត្ត សញ្ញាណ និង​ប្រភព​ដើម​របស់​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ព្រមទាំង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​កាន់តែច្រើន​នៅក្នុង​ខេត្ត​ក្រចេះ ជាពិសេស​ទឹកដី​កោះ​ទ្រង់​។ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​ប្រជាកសិករ បង្កើន​ការដាំ​ដំណាំ​ក្រូចថ្លុង និង​ចូលរួម​ជា​សមាជិកសមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់ ដើម្បី​ទទួលបាន​នូវបាន​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​។​

​លោកស្រី អេ​ឡិច ហ្គ្រា​ស្យូលី (Alexandra Grazioli) តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) បានចាត់ទុក​ការចុះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ក្រូចថ្លុង​កោះ​ទ្រង់​» ថ្ងៃនេះ គឺជា​ជោគជ័យ​មួយទៀត សម្រាប់​ក្រសួង​ពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រើប្រាស់​កម្មវិស័យ​សិទ្ធិ​បញ្ញា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការផ្សាភ្ជាប់​ផលិតផល​ប្រពៃណី ទៅ​នឹង​ការគោរព​បរិស្ថាន សម្រាប់​ទុកជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​

​សូមបញ្ជាក់​ថា នៅលើ​កោះ​ទ្រង់​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូចថ្លុង​សរុប ៣៣១​គ្រួសារ ដែល​ក្នុងនោះ ១៥៥​គ្រួសារ ទើបតែ​បាន​ចូល​ជា​សមាជិកសមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​។ តាមរយៈ​សមាជិកភាព​នេះ បាន​ធ្វើឲ្យ​ប្រជាកសិករ រីករាយ​ជា​មួយ​ទិន្នផល​ប្រចាំឆ្នាំ​យ៉ាងតិច ១០០​ផ្លែ ក្នុង​មួយ​ដើម ចេញ​ពី​ដើម​ក្រូចថ្លុង​ចំនួន ២,៤៧៤​ដើម ក្នុងចំណោម​ដើម​ក្រូចថ្លុង​សរុប ១៣,៧៩០​ដើម​។​

​ការប្រឹងប្រែង​ដាក់បញ្ចូល​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ឲ្យទៅ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ថ្ងៃនេះ គឺ​មិន​អាច​កាត់ផ្តាច់​ពី​កិច្ច​ប្រឹងប្រែង​របស់​នាយ​កដ្ឋានកម្ម​សិទ្ធិបញ្ញា ដែល​ជា​សេនាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញប្បទាន​របស់​អង្គកា​រក​ម្ម​សិទិ្ធ​បញ្ញា​ពិភពលោក​។ ហើយ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួង​ពាណិជ្ជកម្ម បន្ថែម​ពី​លើ​សមិទ្ធផល​ជាច្រើន ដែល​ក្រសួង​ទទួលបាន​នា​ពេលកន្លងមក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

       

spot_img
×