Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចោទថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​ឈ្មួញ​ឈើ​ឈ្មោះ​ប៊ុន ទូច កំពុង​ធ្វើ​សកម្មភាព​នៅ​ស្រុក​ជុំ​គី​រី​ទេ​..?

spot_img

​ខេត្ត​កំពត ៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជុំ​គី​រី ខេត្ត​កំពត បានឲ្យដឹងថា មូលដ្ឋាន​ស្រុក​ជុំ​គី​រី ក៏​មាន​បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ​កើតមាន​រាល់ថ្ងៃ ដូច​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ដែរ​។ ជាក់ស្តែង​រាល់​ថ្ងៃនេះ គេ​ឃើញ​មាន​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុន ទូច មាន​តួនាទី​ជា​គ្រូបង្រៀន បាន​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មូញ​តូចកាច នៅ​ស្រុក​ឈូក និង​ស្រុក​ជុំ​គី​រី ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​ទៅកាន់​កន្លែង​ផ្សេងៗ​ទៀត​។​

ប្រភព​ពី​មន្ត្រីរាជការ​មាន​ឋានៈ​ទាប បាន​អះអាង​ថា រាល់ថ្ងៃនេះ ឈ្មួញ​ឈើ​ឈ្មោះ ប៊ុន ទូច បាន​បន្ត​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ឈើ​តូចតាច​ដទៃ​ទៀត ដើម្បី​ដឹកចេញទៅ​លក់​នៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ដោយ​រលូន ដោយ​មិន​ឃើញ​មាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​រួមមាន​៖ មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជុំ​គី​រី ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ប្រចាំការ នៅ​ស្រុក​ជុំ​គី​រី និង​ស្រុក​ឈូក​ជាដើម ចេញមុខ​បង្ក្រាប​នោះទេ​។​

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជុំ​គី​រី ក៏​បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុន ទូច បាន​បន្ត​ប្រមូល​ទិញ​ឈើ​ដែល​ឈ្មួញ​តូចតាច​ដឹក​មក​ពី​តំបន់​ផ្សេងៗ យក​មក​ស្តុក​ទុក​នៅ​ចំណុច​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

ពលរដ្ឋ​ចោទថា សកម្មភាព​ប្រមូល​ទិញ​ឈើ​របស់​ឈ្មួញ​ឈើ ឈ្មោះ ប៊ុន ទូច នា​មូលដ្ឋាន​ស្រុក​ជុំ​គី​រី និង​ស្រុក​ឈូក អាច​ដំណើរការ​ទៅ​បានរ​លូន វា​ទាល់តែ​មាន​ការ​បើកដៃ​ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ជា​ថ្នូរ​ចែករំលែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ ពលរដ្ឋ​បន្តថា បើ​មិន​ដូច្នេះ​ទេ​បទល្មើស​ព្រៃ​អនាធិបតេយ្យ កំពុង​កើតមាន​នៅ​ស្រុក​ជុំ​គី​រី និង​ស្រុក​ឈូក ខេត្ត​កំពត គឺ​មិន​អាច​មាន​ដំណើរកា​ររ​លូន​បានទេ​។​

​ប្រជាពលរដ្ឋ​ស្រុក​ជុំ​គី​រី​បាន​កត់សម្គាល់​ទៀតថា កន្លង​មក​សកម្មភាព​ទិញ​លក់ និង​ដឹកឈើ​ស្ទើរ​ខូង​ផ្លូវថ្នល់​នា​មូលដ្ឋាន​ស្រុក​ជុំ​គី​រី គឺ​មិន​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប​រថយន្ត​ដឹកឈើ របស់​ឈ្មួញ​ឈើ ឈ្មោះ ប៊ុន ទូច ម្តង​ណា​ទេ​។​

​ត្រង់​ចំណុច​នេះ ទាំង​សមត្ថកិច្ច​ថ្នាក់ទាប និង​ពលរដ្ឋ​ស្រុក​ជុំ​គី​រី ចោទថា មូលហេតុ​មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​មូលដ្ឋាន​នេះ គឺ​ទំនង​ជា​មន្ត្រី​ស្ថាប័ន​មួយចំនួន​នោះ ទទួលបាន​ផលប្រយោជន៍​លុយកាក់​ប្រចាំថ្ងៃ ឬ​ប្រចាំខេត្ត​ពី​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុន ទូច ដែល​មាន​តួនាទី​ជា​គ្រូបង្រៀន នៅ​ស្រុក​ជុំ​គី ជា​បន្តបន្ទាប់ ជា​ថ្នូរ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​កន្លងមក​។​

​ពលរដ្ឋ​ស្រុក​ជុំ​គី​រី ខេត្ត​កំពត បានឲ្យដឹងថា រយៈពេល​ចុងក្រោយ​នេះ​គេ​ឃើញ​ឈ្មួញ​ឈើ​ឈ្មោះ ប៊ុន ទូច បាន​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​ចេញ​ពី​បណ្តា​ស្រុក​ផ្សេងៗ​យក​មក​ស្តុក​ទុក នៅផ្ទះ​របស់​គាត់ មាន​ទីតាំង​នៅ​ខាងត្បូង​ទីប្រជុំជន​ផ្សារ​ជុំ​គី​រី ខេត្ត​កំពត​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មាន​ឋានៈ​តូចតាច នៅ​ស្រុក​ជុំ​គី​រី ខេត្ត​កំពត បាន​សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​ថ្នាក់​ជាតិ​ជួយ​ចុះ​អង្កេត និង​មាន​វិធានការ​ទៅលើ​មន្ត្រី​ថ្នាក់ក្រោម ដែល​អនុញ្ញាត ឲ្យមាន​បទល្មើស​ព្រៃឈើ​អាច​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ស្រុក​ឈូក និង​ស្រុក​ជុំ​គី​រី អនា​ធិប​តេយ្យ​​រាល់ថ្ងៃ​នេះ​ឲ្យបាន​ឆាប់​។ ជា​ពិសេស​ត្រូវ​អង្កេត​ទៅលើ​សកម្មភាព របស់​នាយ​សង្កាត់​- នាយ​ខណ្ឌ​ព្រៃឈើ​ស្រុក​ជុំ​គី​រី និង​ស្រុក​ឈូក ត្រូវ​អនុវត្ត​ការងារ​ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ​។​

ទោះជា​បែប​នេះ​ក្តី អ្នកយក​ព័ត៌មាន​គេហទំព័រ cen.com.kh​ប្រចាំ​ខេត្ត​កំពត​មិនទាន់​ទាក់ទង ឈ្មោះ ប៊ុន ទូច ដែល​ត្រូវ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ឋានៈ​ទាប​ចោទប្រកាន់ថា ជា​ឈ្មួញ​ព្រៃឈើ​នៅ​ស្រុក​ជុំ​គីរិ ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​អង្គារ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨៕ ដែន សីមា​

spot_img
×