Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រមណីយដ្ឋាន​អង្គរ​នឹង​បង្កើន​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​កាន់តែ​ទូលំទូលាយ​

spot_img

​សៀមរាប​៖ ជា​យូរ​មក​ហើយ​ដែល​តំបន់​អង្គរ​ពុំ​សូវ​មាន​សេវា​ទូរស័ព្ទ​គ្រប់គ្រាន់ ដោយសារ​តំបន់​នេះ​គ្របដណ្តប់​ដោយ​ប្រាសាទ និង​ព្រៃឈើ​ជាច្រើន​។ ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន​ធ្លាប់​បាន​ស្នើ​មក​អាជ្ញាធរ​ជាតិ​អប្សរា សុំ​លើក​បង្គោល​អង់​តែ​ន ក្នុង​តំបន់​អង្គរ ដើម្បី​បង្កើន​ប្រព័ន្ធ​សេវា​របស់​ខ្លួន​។​

​ដោយ​តម្រូវការ​បច្ចុប្បន្ន​លើ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​កាន់តែខ្លាំង ជាពិសេស ដើម្បី​សម្រួល​ដល់​ការទំនាក់ទំនង របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​តំបន់​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ជាពិសេស ក្រោយ​ឆ្លង​យោបល់ ជាមួយ គណៈកម្មាធិការ ICC-Angkor រួចមក បាន​អនុញ្ញាត​ឲ្យមាន​កា​រ​សាងសង់​បង្គោល​សិប្ប​និមិត្ត ដែល​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ផ្សេងៗ អាច​បំពាក់​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​របស់​ខ្លួន​បាន​។​

​កាលពី​ឆ្នាំ​២០១៦ បង្គោល​សិប្ប​និមិត្ត​នេះ​ត្រូវ​សាងសង់​ឡើង​ចំនួន​៦​ទីតាំង​សំខាន់ៗ​នៅក្នុង​តំបន់​អង្គរ និង​មាន​ក្រុមហ៊ុនទូរស័ព្ទ​ចំនួន​៤ ក្នុងប្រទេស​កម្ពុជា​បាន​ជួល​បំពាក់​សេវា​។ ប៉ុន្តែ ចំនួន​បង្គោល​នេះ នៅតែ​មិន​អាច​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​អង្គរ​បាន​គ្រប់គ្រាន់​នៅឡើយ​។ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស ICC-Angkor នា​ដើមខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ អាជ្ញាធរ​អប្សរា​បាន​ស្នើយោបល់​ជូន​គណៈកម្មាធិការ​នេះ ដើម្បី​សាងសង់​បង្គោល​សិប្ប​និមិត្ត​ចំនួន​១២​ទីតាំង​បន្ថែមទៀត​។​

​លោក សុខ សង្វា​រ អគ្គនាយករង និង​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ទាក់ទង​ការរៀបចំ​ដំឡើង​អង់​តែ​ន ក្នុង​តំបន់​អង្គរ មាន ប្រសាសន៍ថា ទោះបីជា​ការងារ​នេះ​មាន​ភាពស្មុគស្មាញ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​ធ្វើការ​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​អស់រយៈ ពេល​យូរ​ក៏ដោយ តែ​យើង​បាន ស្វែងរក​ឃើញ​នូវ​ចំណុច​រួមគ្នា ពាក់ព័ន្ធ​នឹង​បច្ចេកទេស សម្ភារៈ និង​មធ្យោបាយ​ជាដើម ដើម្បី​រក្សា​នូវ​ទេសភាព​វប្បធម៌ នៃ​តំបន់​អង្គរ និង​តម្រូវការ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក​បន្ថែមថា នេះ​ជា​ការងារ​សំខាន់​សម្រាប់​អង្គរ ដើម្បី​បម្រើ​ការងារ​អាជ្ញាធ​រ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ ព្រម​ទាំង​ភ្ញៀវ ទេសចរ គ្រប់​ជាតិ​សាសន៍​ដែល​មក​ទស្សនា​អង្គរ​។ ការងារ​នេះ​នឹង​ជួយ​ដល់​កិច្ចការ​ប្រចាំថ្ងៃ​ក្នុង​ការទំនាក់ទំនង និង​ជួយ​សម្រួល​ដល់​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​អង្គរ​ផងដែរ​។​

​ឆ្លង​តាម​កិច្ចពិភាក្សា​យ៉ាង​ល្អិតល្អន់​រួចមក គណៈកម្មាធិការ ICC-Angkor បានអនុញ្ញាត​លើ​គម្រោង​សាងសង់​បង្គោល​ថ្មី​នេះ ជាមួយ​នឹង​អនុសាសន៍​ណែនាំ ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា ជា​មុន​នៅ​គ្រប់​ទីតាំង​ដែល​គ្រោង​នឹង​សាងសង់ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ផ្នែក​បុរាណ​វិទ្យា និង​តម្រូវ​ឲ្យ​រចនា​បង្គោល​និង​ពណ៌ ស៊ីគ្នា​នឹង​ស្ថានភាព​ជាក់ស្តែង នៃ​ដើមឈើ​ធម្មជាតិ​ដែល​មាន​នៅ​ទីនោះ ក្នុងន័យ​ថែរក្សា​នូវ​ទេសភាព​វប្បធម៌​ដែល​មាន​ស្រាប់​។​

​ចំពោះ​ទីតាំង​ដែល​ត្រូវ​ដំឡើង​អង់​តែ​ន​ដើមឈើ​សិប្ប​និមិត្ត ទាំង​១២​កន្លែង ស្ថិតនៅ​ទីតាំង​នៃ​តំបន់​ការពារ​ទី​១ និង​តំបន់​ការពារ​ទី​២ នៃ​រមណីយដ្ឋាន​អង្គរ ដូចជា នៅ​ភូមិ​ស្រះស្រង់ ភូមិ​ប្រដាក ភូមិ​គោក​ស្នួល ជិត​ចំណត​ភ្នំ​បាខែង ភូមិ​លាងដៃ ភូមិ​មណ្ឌល​៣ ជិត​ព្រះ​លាន ជល់ដំរី ក្បែរ​ព្រលានយន្តហោះ ជិត​ចំណត​នាគព័ន្ធ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ភូមិ​ទឹក​វិល និង​ក្បែរ​ប្រាសាទ​បាយ័ន​។ បង្គោល​ទាំងនេះ​មាន​កម្ពស់​ចន្លោះ​ពី​១៨​ម ទៅ​៤០ តាម​ស្ថានភាព​ជាក់ស្តែង និង​មាន​ទ្រង់ទ្រាយ​ដូច​ដើមឈើ​នៅក្បែរៗ​នោះ​ស្រាប់​។​

​បច្ចុប្បន្ន ក្រុមការងារ​កំពុង​ពិភាក្សា​លម្អិត ជាមួយ​ក្រុមហ៊ុន​ដំឡើង​បង្គោល ដើម្បី​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​មួយ ហើយ​អាច​នឹង​ដំណើរការ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ដូច្នេះ មិនយូរ​ទៀត​ទេ ភ្ញៀវ​ទេសចរ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ នឹង​ទទួលបាន​សេវា​អ៊ិន​ធើ​ណិ​ត​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​លើ​ប្រព័ន្ធ​ទូរ​សព្ទ និង​តម្រូវការ​ផ្សេងៗ​ទៀត​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ដែល​ផ្តោត​លើ​ការផ្តល់ជូន​នូវ​សុខដុមភាព ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ គ្រប់​ជាតិ​សាសន៍ ហើយ​រក្សាបាន​នូវ​តម្លៃ​អង្គរ​ដោយ​ចីរភាព​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×