Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​នៃ​គ្រួសារ​មហាសេដ្ឋី ប្តី​ប្រពន្ធ​លែងលះ កូន​កំពុង​រៀន​ពូកែ បែរ​ជា​ញៀន​ថ្នាំ រួច​សោកនាដកម្ម​ក៏​បាន​កើតឡើង​

spot_img

​នៅ​កន្លែងកើតហេតុ​សាកសព​សេដ្ឋីនី​ជា​ម្តាយ​ដេក​នៅលើ​គ្រែ ជាមួយនឹង​ស្នាមរបួស​ខ្ទេចខ្ទាំ​ខណៈពេលដែល​ឃាតករ​បាន​ត្រូវ​គេ​ចង ប្រឹង​ស្រែក​ខ្លាំងៗ​ថា “​លែង​ខ្ញុំ ទុក​ឲ្យ​ខ្ញុំ​ទៅ​ជួយ​ម្តាយ​ខ្ញុំ សត្វ​សាហាវ​កំពុង​នៅក្នុង​ខ្លួន​គាត់​ឃើញ​ទេ​!

​ម្តាយ​នឹង​កូន​សេដ្ឋីនី Anastasia Sosina Novikova ។​

​នា​ព្រឹក​ព្រលឹម​មួយ​នៅ Kazan រដ្ឋធានី Katarstan ប្រទេស​រុស្ស៊ី ស្នងការ​ល្បាត​នគរបាល​ក្រុង​ទទួល​ព័ត៌មាន​ថា នៅ​សណ្ឋាគារ Korston មាន​ហេតុការណ៍​មួយ​កំពុង​កើតឡើង ។​

​មុន​នោះ​បន្តិច អ្នកស្នាក់នៅ​សណ្ឋាគារ​នោះ​បាន​ឃើញ​យុវជន​ម្នាក់​ដើរ​ទ្រេតទ្រោត ដើរ​បណ្តើរ​និយាយ​ម្នាក់ឯង​បណ្តើរ ភ្នែក​ហាក់​គ្មាន​ព្រលឹង ហើយ​អាវ​ក្រៅ​របស់​គេ​ប្រឡាក់​សុទ្ធសឹងតែ​ឈាម ហើយ​បាន​ទូរស័ព្ទ​ប្រាប់​បុគ្គលិក​សណ្ឋាគារ ។​

​មិន​យូរ​ប៉ុន្មាន​ក្រោយមក​ប៉ូលិស​ក៏​មាន​វត្តមាន​ហើយ​វាយតម្លៃ​ជាបឋម​ថា យុវជន​រូប​នេះ​កំពុង​ស្ថិតក្នុង​ស្ថានភាព​បែក​ថ្នាំ​យ៉ាងធ្ងន់ធ្ងរ ។​

​តាម​លទ្ធផល​ព័ត៌មាន​បឋម​ឲ្យដឹងថា គេ​ឈ្មោះ Yegor Sosin អាយុ ១៩​ឆ្នាំ ជា​កូន​របស់​មហាសេដ្ឋី​រុស្ស៊ី Igor Sosin ។ កាលពី​ព្រឹក​ម្សិលម៉ិញ Yegor Sosin រួម​នឹង​ម្តាយ Anastasia Sosina Novikova អាយុ ៤៤​ឆ្នាំ បាន​មក​ទីក្រុង​មូ​ស្គូ រួច​ជួល​បន្ទប់​ស្នាក់​នៅ​សណ្ឋាគារ​នេះ ដើម្បី​ចូលរួម​សិក្ខាសាលា​មួយ​អំពី​ជីវភាព​គ្រួសារ និង​ការព្យាបាល​គ្រឿងញៀន​តាម​វិធីសាស្ត្រ​ថ្មី នឹង​ប្រព្រឹត្តទៅ​នៅទីនេះ ។​

​ពេល​មាន​វត្តមាន​នៅ​បន្ទប់​របស់​អ្នកស្រី Anastasia ប៉ូលិស​បាន​ពិនិត្យ​ឃើញ​របស់របរ​ខ្ចាត់ខ្ចាយ​គ្រប់​ទីកន្លែង ហើយ​នៅ​លើ​ជញ្ជាំង​ប្រឡាក់​ទៅ​ដោយ​ស្នាម​ឈាម ។ សាកសព​របស់​អ្នកស្រី Anastasia ស្ថិត​នៅលើ​គ្រែ ខណៈ​លើ​មុខ និង​ក របស់​គាត់​មាន​ស្នាម​របួស​យ៉ាងច្រើន ។ តាម​ស្ថាប័ន​ស៊ើបអង្កេត គឺ Yegor ដែល​ជា​កូនប្រុស​បាន​វាយដំ រួច​ប្រើ​ខ្សែ​សាក​ទូរស័ព្ទ​រឹត​ក ម្តាយ​រហូត​ដល់​ស្លាប់ ។ Yegor Sosin ត្រូវបាន​ចាប់ខ្លួន​ពី​បទ​សម្លាប់​មនុស្ស ។​

​ពេល​នាំ​ទៅដល់​ប៉ុស្តិ៍​ប៉ូលិស យុវជន​បែក​ថ្នាំ​រូបនេះ បន្ត​មាន​ទង្វើ​ច្រ​ង៉េង​ង៉ាង ហើយ​និយាយ​ជាប់​មាត់​ថា ព្រលែង​ខ្ញុំ​ចេញ​ដើម្បី​ខ្ញុំ​ទៅ​ជួយ​ម៉ែ​ខ្ញុំ​ឲ្យចេញ​ពី​សត្វ​ចម្លែក ។​

​នៅ​ថ្ងៃ​បន្ទាប់​មក​ក្រោយ​ពី​ស្វាង​ថ្នាំ យុវជន​រូប​នេះ​ប្រាប់​ថា ខ្លួន​ពុំ​បាន​ចងចាំ​អ្វី​បន្តិច​ឡើយ​គ្រាន់តែ​ដឹងថា ម្តាយ​ខ្ញុំ​នាំ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ធ្វើការ​ព្យាបាល​គ្រឿងញៀន គាត់​បាន​ហុច​ថ្នាំ​ប៉ុន្មាន​គ្រាប់​ឲ្យ​ខ្ញុំ​ផឹក ។ អ្វីៗ​ដែល​កើតឡើង​ក្រោយមក ខ្ញុំ​ពុំ​ចាំ​ទេ វា​ហាក់ដូចជា​ស្រមោល សូម្បី​តែ​ពេល​នេះ ក៏​ខ្ញុំ​នៅមាន​អារម្មណ៍​រសាប់រសល់ ។ មុន​នោះ Yegor Sosin រៀន​នៅ​សាលា​ជំនួញ​អន្តរជាតិ Hult នា​ក្រុង​ឡុង​ប្រទេស​អង់គ្លេស ហើយ​ច្រើន​តែ​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​មិន​ចង់​ចំណុះ​លើ​ឪពុក​ម្តាយ ហើយ​នឹង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​សេដ្ឋី​ម្នាក់ តាម​មិត្តភក្តិ​របស់​យុវជន​នេះ​ឲ្យដឹងថា ថ្វី​ត្បិត​តែ​គាត់​ឆាប់​ខឹង ហើយ​ពុំ​គ្រប់គ្រង​បាន​ទង្វើ​របស់​ខ្លួន​ក្តី ប៉ុន្តែ​ជា​មនុស្ស​ចិត្ត​ល្អ មាន​ការយោគយល់​អធ្យាស្រ័យ ពិសេស​គឺ​មាន​គំនិត​ធ្វើ​ជំនួញ​ជាច្រើន ។ គ្មាន​នរណា​ស្មានថា Yegor អាច​លើក​ដៃ​សម្លាប់​ម្តាយ​របស់​ខ្លួន​ឡើយ ។​

​វិលត្រឡប់​មក​ជនរ​ង​គ្រោះជា​ម្តាយ អ្នកស្រី Anastasia គាត់​គឺជា​ប្រពន្ធដើម​របស់​លោក Igor Sosin ជា​មហាសេដ្ឋី​ម្នាក់ ។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ជីវភាព​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បាន​ឈាន​ដល់​ផ្លូវបំបែក ហើយ​គ្រាន់តែ​លែងលះ និង​ចែក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ភ្លាម បុរស​ជា​ប្តី​បាន​រៀបការ​ប្រពន្ធ​ក្មេង​ម្នាក់​ទៀត​ភ្លាម ។ ប្រការ​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់​ទៅ​លើ​អារម្មណ៍​កូនប្រុស​អ្នក​ទាំង​ពីរ​ស្ថិតក្នុង​វ័យ​ជំទង់ ។ Yegor លែង​រៀនសូត្រ ហើយ​ងាក​មក​រក​គ្រឿងញៀន ។​

​អ្នកស្រី Anastasia ជា​មនុស្ស​ស្រឡាញ់​កូន​ណាស់ ស្ត្រី​ជា​ម្តាយ​រូប​នេះ​បាន​សម្រេចចិត្ត​រក​គ្រប់​វិធី​ដើម្បី​រំដោះ​កូន​ចេញពី “​ឋាននរក​គ្រឿងញៀន​” ហើយ​ការចូល​មក​កាន់​ទី​នេះ​ដើម្បី​ឲ្យ​កូន​បាន​ទទួល​វិធីសាស្ត្រ​ផ្តាច់​គ្រឿងញៀន​ថ្មី ក៏​ជា​វេលា​ចុងក្រោយ ដែល​ជីវិត​គាត់​ត្រូវ​ផុតរលត់​ដោយសារ​ស្នាដៃ​កូនបង្កើត​របស់​ខ្លួន ៕ ចន្ទ្រា​

spot_img
×