Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បំភ្លឺ​ពាក្យ​ចចាមអារ៉ាម​ស្តីពី​ស្ត្រី​ម្នាក់​សំរាលកូន​ស្លាប់​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍​បំភ្លឺ​ក្រោយ​មាន​ពាក្យ​ច​ចាម​រាម ដែល​លោក​អះអាងថា ផ្សាយ​ខុសពី​ការពិត​ស្តីពី​ស្ត្រី​សំរាលកូន​បាន​ស្លាប់ នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

​លោក​វេជ្ជបណ្ឌិត មានប្រសាសន៍ថា ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ជៀសវាង​ការភាន់ច្រឡំ នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស​មន្ទីរពេទ្យ​សាធារណៈ និង​កិត្តិយស​ក្រុមគ្រួសារ​នៃ​សព ដូចខាងក្រោម​៖ កាលពី​ថ្ងៃ​22/6/2018 ម៉ោង​6​ព្រឹក ស្ត្រី​ឈ្មោះ ធា ណា​រី អាយុ​29​ឆ្នាំ ត្រូវបាន​ម្តាយ​នាំមក​កាន់​មន្ទីរពេទ្យ​នេះ ដោយសារ​ឈឺពោះ​សំរាលកូន​ទី​2​។ ហើយ​​ពេលមកដល់ ឆ្មប​បាន​ពិនិត្យឃើញ​ស្បូន​បើក ហើយ​នៅពេល​ស្ត្រី​ឈឺពោះ​រូបនោះ កំពុង​ប្រឹង​សំរាល​ម៉ោង​6:30 ក៏​ស្រាប់តែ​ដាច​ស្បូន (Uterus ruptures) បណ្តាល​កូន​ចេញមក​នៅក្នុង​ពោះ ហើយ​ភ្លាមៗ ក្រុមគ្រូពេទ្យ​ក៏បាន​រៀបចំ​បញ្ជូន​ទៅធ្វើ​ការវះកាត់​ជាបន្ទាន់ រួមទាំង​ការសង្គ្រោះ​បន្ទាន់​ដូចជា​ដាក់​សេរ៉ូម បញ្ចូល​ឈាម​អស់​ចំនួន​3​ប្លោក​។ លោក​ថា បន្តម​កទៀត រហូតមកដល់​ម៉ោង​7 ក៏​ចាប់ផ្តើម​ធ្វើការ​វះកាត់ ដោយ​ធ្វើការ​ដេរ​បិទ​កន្លែង​ដាច និង​រក្សាទុក​ស្បូន ហើយ​ក្រោយ​ការវះកាត់ ក្រុមគ្រូពេទ្យ​បាន​នៅ​ប្រចាំ​ការតាមដាន​អ្នកជំងឺ​ជាប់​ជានិច្ច​។

​លោក​វេជ្ជបណ្ឌិត សេង ណុង បន្តថា ​នៅពេល​គ្រូពេទ្យ​ស​ង្គេ​ត​ឃើញថា អ្នកជំងឺ​នៅ​ឃើញ​មាន​ហូរឈាម (​ហូរ​តាម​drainage ចូល bag) ក្រុមគ្រូពេទ្យ​ក៏​សំរេច​បញ្ជូន​ទៅធ្វើ​ការវះកាត់​ម្តងទៀត ដោយ​ធ្វើការ​កាត់​ស្បូន​ចោល និង​បញ្ចូល​ឈាម​ចំនួន​3​ប្លោក​បន្ថែមទៀត​។

​លោក​ថា ករណី​ខាងលើនេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ទៅតាម​បច្ចេកទេស​គ្រប់​មធ្យោបាយ​ទាំងអស់ ប៉ុន្តែ​ដោយមាន​ការបាត់បង់​ឈាម​ច្រើនពេក បណ្តាល​ឲ្យ​អ្នកជំងឺ​សន្លប់​បាត់បង់​ស្មារតី​យូរពេក ពុំ​អាច​ធ្វើការ​សង្គ្រោះបាន ហើយ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​នៅ​ម៉ោង​14:40​នាទី​។​

​ទាក់ទិន​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង បាន​បញ្ជាក់ថា នៅ​ថ្ងៃ​26 មិថុនា ឆ្នាំ​2018 ក្រុមការងារ​ស្រាវជ្រាវ​មរណៈ​មាតា របស់​មន្ទីរ​សុខាភិបាល ដែល​បាន​ចុះ​គ្រប់​ករណី​ស្លាប់​ជំវិញ​ការ​សំរាល បាន​ចុះ​ស្រាវជ្រាវ ដល់​គេហដ្ឋាន​គ្រួសារ​សព​។

​លោក​បន្តថា មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល បាន​សួរនាំ​ពី​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ ពិសេស​ពី​ការវះកាត់​ពីរដង ពី​ឆ្មប​ដែល​គាត់​ព្រួយបារម្ភ​ថា ជា​ឆ្មប​ធ្វើ​កម្មសិក្សា ក្រុមការងារ​បាន​ពន្យល់​ពី​ហេតុផល នៃ​ការវះកាត់ ពី​ឆ្មប​មាន​ជំនាញ របស់​មន្ទីរពេទ្យ និង​ការខិតខំ​ជួយសង្គ្រោះ​របស់​ក្រុមគ្រូពេទ្យ គ្រួសារ​សព​បានទទួល​យក​ដោយ​ពុំមាន​ប្រតិកម្ម​អ្វី​ឡើយ​។ ជាង​នេះ គ្រួសារ​ស្ត្រី​រងគ្រោះ ក៏បាន​ជូន​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​បុណ្យ និង​បាន​បញ្ជាក់ថា​ពុំ​មានការ​ប្តឹងផ្តល់ និង​ពុំមាន​ការអំពាវនាវ​ដ​ល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឲ្យ​ជួយ​អន្តរាគមន៍ ឬ​ពុំ​ចង់បាន​សំណង​អ្វី​ឡើយ ដោយ​សុំអោយ​ខាង​ពេទ្យ​ចួ​ល​រួម​បុណ្យ​7​ថ្ងៃ និង​ចូល​បូ​ណ្យ​តាម​សទ្ធា​។​

លោក សេង ណុង ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា តាំង​ពីថ្ងៃ​ស្ត្រី​ស្លាប់​រហូតដល់​ពេលនេះ គឺមាន​អ្នកសារព័ត៌មាន​មួយចំនួន បាន​ទៅ​សួរនាំ តែ​ក្រុមគ្រួសារ​សព ហើយ​គ្រួសារ​សព ក៏បាន​ហាម​មិនអោយ​សារព័ត៌មាន​ទាំងនោះ​ចុះផ្សាយ​ថែម​ទៀតផង​។​

​លោក​ថា ករណី​ខាងលើនេះ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មានការ​សោកស្តាយ​ចំពោះ​ការជួយ​អន្តរាគមន៍ ជួយសង្គ្រោះ​ពុំបាន​ជោគជ័យ និង​សូម​ចូល​មរណទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​សព ដោយ​ក្តី​គោរព​អាណិត​ស្រលាញ់​គ្រប់ៗ​គ្នា​៕ ដែន សីមា​

spot_img
×