Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​ជាង ២៥០​នាក់ មក​សាងសង់​លំនៅឋាន​ចំនួន​២៣​ខ្នង ក្នុង​ខេត្តបាត់ដំបង​

spot_img

បាត់ដំបង​៖ អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​ជាង ២៥០​នាក់ មកពី​ប្រទេស​នានា​ដូចជា សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស នូ​វេ​សេ​ឡង់ ហុងកុង និង​អូស្ត្រាលី នឹង​ធ្វើការ​រួមគ្នា​ជាមួយនឹង​គ្រួសារ​ចំនួន ២៣​គ្រួសារ ដើម្បី​ធើ្វ​អោយ​ជីវិត​របស់គេ​បាន​ប្រសើរឡើង​តាមរយៈ​ការសាងសង់​លំនៅឋាន​ដ៏​សមរម្យ​សម្រាប់​ពួកគាត់​។ ពួកគេ​នឹង​ចាប់ផ្តើម​ការសាងសង់​នេះ​ពីថ្ងៃ​ទី ១២ ដល់ ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ភូមិ​បែក​ចាន​ថ្មី និង​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​កម្មវិធី Cambodia Big Build នឹង​ប្រារព្វ​កម្មវិធី​ស្វាគមន៍​ពិសេស​មួយ​ចំពោះ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ អាជ្ញាធរខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុង​បរិវេណ​សាលាខេត្ត​បាត់ដំបង រួមជាមួយ​នឹង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ផងដែរ​។ ក្នុង​ឪ​កាស​នោះ​ផងដែរ​ក៏មាន​វត្តមាន លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ជា​គណៈអធិបតី និង​គណៈប្រតិភូ​មួយចំនួនទៀត​រួមមាន លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង តំណាង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​អង្គការ​ដៃគូ​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង ក៍​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ​។​

​លោកស្រី ប៊ឺ​ណា​ដេ​ត បូ​ឡូ ឌូ​ធី នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា​មានប្រសាសន៍​ពេល​បើក​កម្មវិធី​ថា “​គ្រួសារ​ដែល​យើង​កំពុងធ្វើការ​ជាមួយ គឺជា​គ្រួសារ​ដែល​កំពុង​រស់នៅ​លើ​ទីតាំង​ដី​ដែល​មិនមាន​សុវត្ថិភាព និង​មិនមាន​ស្ថេរភាព​។ ដំណើរ​ឆ្ពោះទៅរក​ការទទួលបាន​សុវត្ថិភាព​ដីធ្លី និង​លំនៅឋាន​សមរម្យ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​គ្រួសារ​ផ្ទាល់ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​។ ដោយ​ទទួលបាន​នូវ​ការគាំទ្រ និង​ចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ នោះ​គ្រួសារ​ទាំងអស់​នឹងមិន​មាន​អារម្មណ៍​ថា​ពួកគាត់​ឯកា​ម្នាក់ឯង​ទេ​។​

​គម្រោង​មួយ​ដែល​យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​គឺ​គម្រោង​សាងសង់​ផ្ទះ​ដែលមាន​តំលៃ​សមរម្យ​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប ដោយសារ​វា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​លំនៅឋាន​ថ្នាក់ជាតិ​ដែល​បានអនុម័ត​រួច​។ យើងទាំងអស់គ្នា រួមគ្នា កសាង​ភាពរឹងមាំ ស្ថេរភាព និង​ការពឹង​ផ្អែកលើ​ខ្លួនឯង​តាមរយៈ​ការគាំទ្រ​លំនៅឋាន និង ជម្រក​មនុស្សជាតិ​សមរម្យ​។​

​ជាមួយគ្នានេះដែរ លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ក៏បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​លំនៅឋាន​ដែល​មិនមាន​ស្តង់ដារ​ផងដែរ ប៉ុន្តែ​កិច្ចការ​នេះ​វា​បន្ទុក​ដ៏​ធំ និង​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា ដែល​បានធ្វើការ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ ដើម្បី​ដោះស្រាយ​បញ្ហា​លំនៅដ្ឋាន​នេះ​ជា​បន្តបន្ទាប់​។ ការជួប​ជុំគ្នា​ក្នុង​ពិធី​ទទួលទាន​អាហារ​សាមគ្គី​នា​រាត្រី​នេះ បានបង្ហាញ​អោយឃើញថា យើងទាំងអស់គ្នា​អាច​សម្រេច​នូវ​រឿង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​រយៈពេល​៥​ថ្ងៃ​ខាងមុខនេះ និង​ថ្ងៃ​បន្តបន្ទាប់ ដើម្បី​អភិវឌ្ឍ​ក្នុង​ភាពជា​ដៃគូរ​យូរអង្វែង និង​ទំនាក់ទំនង​ការងារ​ដែលមាន​ប្រយោជន៍​ដល់​មនុស្សជាតិ​នាពេល​អនាគត​។​

​ការគាំទ្រ​ផ្នែក​លំនៅឋាន​គឺ​សំខាន់​យ៉ាងខ្លាំង​ចំពោះ​គ្រួសារ​ចិន្តា និង​ភរិយា​ឈ្មោះ​យ៉ាណា​។ កូនស្រី​របស់​ពួកគេ​ឈ្មោះ លា​ភា មាន​អាយុ​៧​ឆ្នាំ​។ ដែលជា​កុមារី​រស់ក្នុង​ពិការភាព​ដែល​បណ្តាលមកពី​ជំងឺ​ក្រិន ហើយ​ធ្វើអោយ​នាង​មិនអាច​ដើរ​និង​បរិភោគ​អាហារ​ដោយ​ប្រក្រតី​ដូច​ក្មេង​ដ៏​ទៃ​ឡើយ​។ មិត្តភក្តិ និង អ្នកជិតខាង​របស់​ចិន្តា​ណែនាំ​ចិន្តា​ឲ្យ​យក​លា​ភា​ទៅ​ទុក​នៅ​មណ្ឌល​ជនពិការ ក៏​ប​ន្តែ​ចិន្តា​មិនបាន​ធ្វើតាម​ទេ គាត់​មិនដែល​គិត​បោះ​ចង់​កូនស្រី​ទេ​ទោះជា​នាង​ស្ថិតក្នុង​ពិការភាព​ក៏ដោយ​។ ចិន្តា​បាន​លើកឡើងថា​៖ ការស្រលាញ់​ដែល​យើង​មាន​ចំពោះ​កូន​របស់​យើង ធ្វើ​ឲ្យ​យើង​មិន​ហត់នឿយ​ក្នុងការ​មើលថែទាំ​លា​ភា​។ ចំណូល​ដែល​ពួកគេ​រកបាន​គឺ​ភាគច្រើន​ចំណាយ​ទៅលើ​ថ្នាំ​ពេ​ទ្រ​របស់​លា​ភា និង​ថ្លៃ​ជួល​ផ្ទះ​។ ចិន្តា​បន្តថា នៅពេល​យើង​មានផ្ទះ​ផ្ទាល់ខ្លួន យើង​មិនបាច់​បារ​ម្មណ៍​ពី​រឿង​ថ្លៃឈ្នួល​ផ្ទះ​ទេ ហើយ​យើង​អាច​ផ្តោតលើ​សុខភាព​កូនស្រី​របស់​យើង​បាន​ច្រើនជាង​មុន​។​

​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា​បាន​ជួយ​ដល់​គ្រួសារ​ដែលមាន​ស្ថានភាព​ប្រហាក់ប្រហែល​ចិន្តា និង​យ៉ាណា ក្នុង​ខេត្តបាត់ដំបង​ចាប់តាំងពី​ឆ្នាំ​២០០៧​។ ក្នុងនោះ​ផងដែរ​អង្គការ​ក៏បាន​ជួយ​សម្របសម្រួល​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​សំណង់​បណ្តោះអាសន្ន អោយ​ទទួលបាន​សិទ្ធិ​សុវត្ថិភាព​ដីធ្លី​តាមរយៈ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​លំនៅឋាន​ពី​អាជ្ញាធរខេត្ត​បាត់ដំបង​។ អង្គការ​ក៏បាន​ជួយ​ជា​ជំនួយ​ផ្នែក​បច្ចេកទេស​សាងសង់​លំនៅឋាន​សមរម្យ ដល់​គ្រួសារ​ទទួលផល ហើយ​មកដល់​បច្ចុប្បន្ន​នេះ​គ្រួសារ​ចំនួន​ប្រមាណ​ជាង ៥០០ គ្រួសារ​ហើយ​ដែល​បានទទួល​ជំនួយ​បច្ចេកទេស​បែបនេះ​។​

​ដៃគូ​របស់​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា​ដែល​ចូលរួម​អនុវត្ត​កម្មវិធី Big Build នេះ​រួមមាន រដ្ឋបាល​មូលដ្ឋាន​ខេត្តបាត់ដំបង អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​អូស្ត្រាលី និង មូលនិធិ​ក្លី​វ​ហ្វ​ឆាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×