Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ចំណត​រថយន្ត​ក្រោម​ដី នៅក្រោម​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​

spot_img

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ចំណត​រថយន្ត​ក្រោម​ដី នៅ​សួនច្បារ​មិត្តភាព កម្ពុជា​-​ថៃ ដែល​ស្ថិតនៅ​ខាងលិច​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​ជំនួប​សម្តែង​ការគួរសម ជាមួយ លោក​ប៉ានីយ៉ា​រ៉ាក់ ពូ​ល​ធុប ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ថៃឡង់​ដ៏ ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មិថុនា​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា នៅ​រាជធានី​ភ្នំពេញ មាន​សួនច្បារ​ជាច្រើន ក្នុងនោះ​មាន​សួនច្បា​មួយ ដែល​ជា​សួនច្បារ​និមិត្តរូប នៃ​ចំណង​មិត្តភាព​និង​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​- ថៃ ដោយ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បានរួម​គ្នា​ដាំ​ដើមឈើ​ជា​និមិត្តរូប នៅលើ​សួន​នេះ​។ ប៉ុន្តែ​ជា​គម្រោង​សម្រាប់​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​រាជរដ្ឋាភិបាល ទីតាំង​សួនច្បារ​នេះ ត្រូវ​សាងសង់​ចំណត់​រថយន្ត នៅ​ផ្នែក​ខាងកើត ដែល​ទាមទារ​ឱ្យ​មាន​ការរុះរើ​សួនច្បារ​នេះ​ចេញ ។​

​លោក​អភិបាល​រាជធានី បានបញ្ជាក់​ថា ក្រោយ​ការស្ថាបនា ចំណត​រថយន្ត​ក្រោម​ដី​ហើយ នឹង​ស្ថាបនា​សួន​ឡើងវិញ ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម ហើយ​មាន​ក្រុម​អ្នកបច្ចេកទេស មកពី​ប្រទេស​ថៃ មក​មើល​ផងដែរ​។ ការរុះរើ​សួនច្បារ ដើម្បី​សាងសង់​ចំណត​រថយន្ត​ក្រោម​ដី​នេះ វា​មិន​ប៉ះពាល់ ដល់​ដើមឈើ​ប្រភេទ​ធំៗ ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ដាំ​នោះទេ ដោយហេតុ​ថា ដើមឈើ​ទាំងនោះ ស្ថិតនៅ​លើ​សួនច្បារ​ប៉ែក​ខាងលិច​ប៉ុណ្ណោះ​។​

ក្រៅ​ពី​ការលើកឡើង​ខាងលើ លោក ឃួ​ង ស្រេង នូវ​បានលើកឡើង​ពី​ការរីកចម្រើន របស់​រាជធានី​ភ្នំពេញ ដែល​ចេញពី​បាតដៃ​ទទេ នៃ​របប​ប្រល័យ​ពូជសាសន៍ ដែល​ពេល​នេះ​មាន​សំណង់​អគារ​ខ្ពស់ៗ ផ្លូវថ្នល់ ស្ពាន​អាកាស ជាច្រើន ខណៈ​ដែល​កំណើន​ប្រជាពលរដ្ឋ មាន​ការកើនឡើង​ជា​លំដាប់ ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការរីកចម្រើន ពិសេស​លើ​វិស័យ​អចលនទ្រព្យ​។ ទន្ទឹម​នឹង​ការរីកចម្រើន​ដូច្នេះហើយ បានជា​រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា បញ្ហា​កកស្ទះ​ចរាចរ បញ្ហា​សំរាម និង​បញ្ហា​គ្រឿងញៀន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​គិតគូរ និង​ដោះស្រាយ​ជា​បន្តបន្ទាប់​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឯកអគ្គរាជទូត​ថៃ បាន​លើកឡើង​ថា ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង របស់​រាជធានី​ភ្នំពេញ ដែល​មាន​កង្វះ​ចំណតរថយន្ត នៅ​ចំពោះមុខ​នោះ ភាគី​ថៃ មិនមាន​អ្វី​ទំ​ទាស់​នោះឡើយ គ្រាន់តែ​ស្នើ​ឱ្យ​អ្នកជំនាញការ រួម​គ្នា​សិក្សា​ឱ្យបាន​ល្អិន​ល្អ​ន់ ដើម្បី​រក្សា​ឱ្យបាន​នូវ​ទ្រង់ទ្រាយ​ដើម របស់​សួន​មិត្តភាព កម្ពុជា​-​ថៃ​នេះ​។​

ជាមួយគ្នា​នោះ លោក ឯកអគ្គរាជទូត ក៏​បាន​ស្នើ​ឱ្យ​ប្រតិភូ រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធន៍ នៅ​ទីក្រុង​បាងកក នៅពេល​ខាងមុខ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក បាន​ចង​សម្ព័ន្ធមេត្រីភាព ជាមួយគ្នា តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​ភាគី​ទាំង​ចង់ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​ល្អប្រសើរ​ថែម​ទៀត​៕​ ដោយ​៖​កូឡាប​

spot_img
×