Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជា​ទៅ​គ្រប់​បណ្តា​មេ​អង្គភាព​នានា​ទាំង​អស់ មិន​ត្រូវ​កាត់​ប្រាក់បៀវត្សរ៍​របស់​នាយ​ទាហាន​

spot_img

​បាត់ដំបង ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ មាន​រៀបចំ​ពិធី​អបអរសាទរ នៃ​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ ស្ថិត​នៅក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ពិធី​អបអរសាទរ​រំលឹក​ខួប​៣០​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការចូលរួម​ពី​សំណាក់​នាយទាហាន ពលទាហាន ចំនួន​២០៨៨​នាក់​។​

​ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បានឱ្យដឹងថា​៖ យោធភូមិភាគ​ទី​៥ មាន​ចំនួន​៤​ខេត្ត រួមមាន​៖ ខេត្ត​បាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្ត​ពោធិ៍សាត់​,​និង​ខេត្ត​បន្ទាយមានជ័យ ហើយ​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​៣០​ឆ្នាំនេះ មាន​ការចូលរួម​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​មក​ពី​បណ្តាល​ស្ថាប័ន និង​កង​ឯកភាព​ចំណុះ​ជាច្រើន​ដូចជា​៖ កង​ព្រំដែន​, តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​ខេត្ត និង​កងពល​តូច​ទាំង​៣, កង​នគរបាលជាតិ​, កងរាជអាវុធហត្ថ​ជា​ដើម​។ សូមជម្រាបថា​៖ យោធភូមិភាគ​ទី​៥ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៨៨ ដើម្បី​បុព្វហេតុ​ការពារ​មាតុភូមិ​ប្រឆាំង និង​ការឈ្លានពាន​ពី​សំណាក់​បរទេស និង​ទប់ស្កាត់​សង្គ្រាម​នៅ​ផ្ទៃ​ក្នុង​ប្រទេស ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បទ​បញ្ជា​ទៅ​គ្រប់​បណ្តា​មេ​អង្គភាព​នានា​ទាំង​អស់ មិន​ត្រូវ​កាត់​ប្រាក់បៀវត្សរ៍​របស់​នាយ​ទាហាន ពលទាហាន​របស់ខ្លួន​នោះ​ជាដាច់ខាត ទោះ​ក្នុង​ន័យ​ណាក៏ដោយ សូម្បី​តែ​ប្រាក់​មួយ​រៀល ក៏​មិនបាន​ដែរ​។​

​សម្តេច​ពិជ័យ​សេនា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ មាន​អង្គភាព​ខ្លះ កន្លែង​ខ្លះ មាន​កិច្ចការផ្ទាល់ខ្លួន​មេបញ្ជាការ​អង្គភាព​ខ្លះ ទៅ​កាត់​ប្រាក់​បៀរ​វ​ត្ស ប្រាក់រ​បប​របស់​បង​ប្អូន​ទៅវិញ ក្នុង​កិច្ច​អ្វី​ក៏ដោយ​ទោះ​បី​ត្រូវ​ធ្វើ​អ្វី ក៏​ដោយ​មិន​ត្រូវ​កាត់​ប្រាក់​បៀរ​វត្ស​របស់​ទាហាន​នោះ​ទេ សូម​ចាំ​ឱ្យ​ច្បាស់​រឿងនេះ មាន​ច្រើនលើក​ច្រើនសារ​ហើយ នៅតែ​មាន​បញ្ហា​ហ្នឹង​កើតឡើង​ទៀត​។ ត្រង់នេះ​សូមបញ្ជាក់​ឱ្យ​ហើយ សូម្បីតែ​មួយ​រៀល ដែល​យក​ទៅ​បម្រើ​ដល់​អង្គភាព គឺ​ហាម​ដាច់ខាត ទោះ​ធ្វើ​អ្វី​ក៏ដោយ គឺ​មិន​ត្រូវ​កាត់​ប្រាក់បៀវត្សរ៍​ឡើយ ខ្ញុំ​និយាយ​ម្តងទៀត​។​

​មាន​សេចក្តីរាយការណ៍​ថា ថ្នាក់​ដឹកនាំ​អង្គភាព​ខ្លះ នៅក្នុង​ជួរ​កងទ័ព បាន​ប្រើ​អំណាច​កាត់​ប្រាក់បៀវត្ស​កូនទាហាន​តូចតាច ដោយ​យក​លេស​ថា ប្រាក់​ទាំងនោះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្រូវការ​ផ្សេងៗ​របស់​អង្គភាព​។ ការ​កាត់​ប្រាក់បៀវត្សរ៍​បែបនេះ បានធ្វើឱ្យ​កូនទាហាន​ខ្លះ​ដែល​មាន​តែ​ប្រាក់បៀវត្ស​តិចតួច មាន​ការបាក់​ទឹកចិត្ត និង​ជួប​បញ្ហា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ទន្ទឹម​នឹង​ការ​ដាក់​បទបញ្ជា​ជា​ថ្មី​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ជំរុញ​ឱ្យ​គ្រប់​បណ្តា​អង្គភាព​លើកទឹកចិត្ត​ដល់​កូនទាហាន តាមរយៈ​ការពង្រឹង​កិច្ច​ការងារ​កសាង​ធនធានមនុស្ស អប់រំ​ចិត្តសាស្ត្រ ជំនាញ​វិជ្ជាជីវៈ​កងទ័ព និង​បទដ្ឋាន​គតិ​យុទ្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​ក្លាយជា​កងទ័ព​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​មាន​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​កិច្ចការ​ការពារ​ជាតិ​មាតុភូមិ និង​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សម្តេច​ពិជ័យ​សេនា បាន​បន្ថែមទៀតថា កង​កម្ពុជា នៅក្នុង​បណ្តា​អង្គភាព​ត្រូវតែមាន​សីលធម៌​ល្អ ដើម្បី​សហការ​ជាមួយ​បណ្តា ប្រទេសជាតិ​ខាង​គ្នា ចូលរួម​រក្សា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព​រវាង​ពលរដ្ឋ នៅតាម​បណ្តោយ​ព្រំដែន និង​បង្កើន​ទំនាក់ទំនង​ឱ្យ​បានល្អ​បន្ថែមទៀត រវាង​កងទ័ព​នៅតាម​បណ្តា​កងពល​នានា ចូលរួម​សហការ​ជា​ដោះស្រាយ​បញ្ហា​ណា​ដែល​បាន​កើតឡើង​ជា​យថាហេតុ​។ មិនតែប៉ុណ្ណោះ​គ្រប់​បណ្តាល​អង្គភាព​ត្រូវ​ជ្រើសរើស​នាយទាហាន​បន្តវេន នឹង​អ្នក​មាន​សមត្ថភាព​ដើម្បី​ដឹកនាំ​អង្គភាព និង​គ្រប់គ្រង​ប្រមូល​កិច្ចខិតខំ​ប្រឹងប្រែង​លើ​មូលដ្ឋាន​កំណែទម្រង់កងទ័ព​ផងដែរ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×