Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង ដល់​អគ្គនាយកដ្ឋាន​គ​យ ដើម្បី​បង្ក្រាប​ការរត់ពន្ធ​ទំនិញ​លើ​លំហ​សមុទ្រ​

spot_img

​ព្រុច​សែ​ល​, បែលហ្ស៊ិក​៖ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ទំនិញរត់ពន្ធ​នៅលើ​លំហ​សមុទ្រ​។ ពិធី​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​នាវា​ល្បាត​ទាំង​ពីរ​គ្រឿង​នេះ ត្រូវបាន​ធ្វើឡើង​រវាង​អគ្គនាយក​គយ​ជប៉ុន លោក Iizuka Atsuhi និង​លោក បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែលហ្ស៊ិក​។​

​បើ​តាម​ការប្រកាស​របស់​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ មុនពេល​ចាប់ផ្ដើម នៃ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​សហ​ប្រតបត្តិការគយ នៅ​ការិយាល័យ​លេខាធិការដ្ឋាន នៃ​អង្គការ​គយ​ពិភពលោក នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្សិក លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គយ ជួបប្រជុំ​ទ្វេភាគី ជាមួយ​គណៈប្រតិភូ​គយ​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក​អគ្គនាយក Iizuka Atsuhi ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋបាល​គយ​ទាំងពីរ ជាពិសេស​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការអនុវត្ត​នីតិវិធី​ផ្ទេរ និង​ទទួល​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង ស្រប​តាម​ខ្លឹមសារ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះហត្ថលេខា ដោយ​លោក​រដ្ឋមន្ត្រី ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​ពីរ គឺ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក តា​រ៉ូ កូ​ណូ កាលពី​ថ្ងៃ​ទី​៨ ខែ មេសា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ។​

​អនុស្សរណៈ​នៃ​ការអនុវត្ត (Memorandom of Implementation) នេះ​សំដៅ​ការអនុវត្ត​នីតិវិធី​លម្អិត ក្នុង​ការរៀបចំ​ប្រគល់ និង​ទទួល នាវា​ល្បាត​ចំនួន​ពីរ​គ្រឿង រួមមាន ការបំពាក់​នូវ​ប្រព័ន្ធ​និង​ឧបករណ៍​ចាំបាច់​, ការ​លាប​ពណ៌​និង​ដាក់​ស្លាក​សញ្ញា​គយ​កម្ពុជា​, ការបណ្តុះបណ្តាល​បច្ចេក​ទេស​បញ្ជា និង​ថែទាំ​នាវា​ដល់​មន្ត្រី នៃ​ការិយាល័យ​នាវាចរ​គយ​, ការដឹកជញ្ជូន និង​ការប្រគល់​-​ទទួល​នាវា​ល្បាត​គយ​ទាំង​ពីរ​គ្រឿង ។​
​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឲ្យដឹងថា នាវា​ល្បាត​គយ​ទាំង​ពីរ​គ្រឿង​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ដល់​ការពង្រឹង​សមត្ថភាព ការិយាល័យ​នាវាចរ​គយ ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ នៅ​ភូមិសាស្ត្រ​សមុទ្រ​និង​តំបន់ឆ្នេរ ហើយ​ការបង្ក្រាប​អំពើ​រត់ពន្ធ​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​គយ​កម្ពុជា​ប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកា​ជាតិ កាន់តែ​ល្អប្រសើរ​ផង និង​ម្យ៉ាងទៀត ក៏​បង្ក​បរិយាកាស​ឲ្យ​ការប្រកួតប្រជែង ពាណិជ្ជកម្ម​លើ​ទីផ្សារ​កម្ពុជា មាន​សមភាព​ផង​៕ ​ដោយ​៖​កូឡាប​

 

spot_img
×