Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពង្រឹង​ប្រសិទ្ធភាព​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការជួញដូរ​ឆ្លងដែន នូវ​ផលិតផល​ក្លែងក្លាយ​

spot_img

​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ស្នើ​ឲ្យមាន​ការចូល​រួម​ចំណែក ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការជួញដូរ​ឆ្លងដែន នូវ​ផលិតផល​ក្លែងក្លាយ ដែល​រំលោភ​កម្មសិទ្ធិបញ្ញា ក្នុង​គោលបំណង ប្រឆាំង​ការប្រកួតប្រជែង មិន​ស្មោះត្រង់​លើ​ទីផ្សារ ព្រោះថា​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ ខ្វះ​គុណភាព ផ្តល់​គ្រោះថ្នាក់​ទៀតផង​។​

​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​ពិធី​បើក​សិក្ខាសាលា​ស្តីពី​កម្មសិទ្ធិបញ្ញា លោក នួន ច័ន្ទរិ​ទ្ធ អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អនុលោម​តាម​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ និង​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព និង​ចំណេះដឹង​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​កម្ពុជា លើ​ការងារ​កម្មសិទ្ធិបញ្ញា​។

​ថ្លែង​ក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា លោក នួន ច័ន្ទរិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​គូសបញ្ជាក់ថា ទន្ទឹម​នឹង​ការងារ​ប្រមូល​ចំណូល ការការពារ​សន្តិសុខ​និង​សុវត្ថិភាព​សង្គម ព្រមទាំង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏​ជា​ការងារ​អាទិភាព​សម្រាប់ អគរ ផងដែរ​។ សិក្ខាសាលា​នេះ​ត្រូវបាន​រំពឹងថា នឹង​ចូលរួម​ចំណែក​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការជួញដូរ​ឆ្លងដែន​នូវ​ផលិតផល​ក្លែងក្លាយ​ដែល​រំលោភ​កម្មសិទ្ធិបញ្ញា ក្នុង​គោលបំណង​ប្រឆាំង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​លើ​ទីផ្សារ ការការពារ​របកគំហើញ​ថ្មី លើកទឹកចិត្ត​ដល់​ការស្រាវជ្រាវ​បច្ចេកវិទ្យា និង​ការពារ​សង្គម​ពី​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​ដែល​ពេល​ខ្លះ​មិន​ត្រឹមតែ​ខ្វះ​គុណភាព​ទេ គឺ​ថែមទាំង​ផ្តល់​គ្រោះថ្នាក់​ទៀតផង​។​

​ទន្ទឹមនេះ លោក​អគ្គនាយករង​ក៏បាន​លើកឡើង​ផងដែរ​ថា សិក្ខាសាលា​នេះ គឺជា​ឱកាស​ល្អ​សម្រាប់​សិក្ខាកាម​ទាំងអស់ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត តាមរយៈ​ការពិភាក្សា​ផ្លាស់ប្តូរ​មតិ​យោបល់ ដោយ​ផ្ទាល់​ជាមួយ​គ្រូ​ឧទ្ទេស​នាម លើ​ប្រធានបទ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា ច្បាប់​និង​បទ​ប្បញ្ញត្តិ​កម្ពុជា​ទាក់ទង​នឹង​កម្ម​សិទ្ធ​បញ្ញា នីតិវិធី​នៃ​ការអនុវត្ត​ច្បាប់​សម្រាប់​គ្រប់គ្រង​ទំនិញ​នាំចេញ​-​នាំចូល​ជាប់​កម្មសិទ្ធិបញ្ញា និង​ជំនាញ​ពាក់ព័ន្ធ​នឹង​ការកំណត់​អត្តសញ្ញាណ ទំនិញ​ក្លែងក្លាយ​។ លោក​អគ្គនាយករង ក៏​បាន​ជំរុញ​ឱ្យ​សិក្ខាកាម​ទាំងអស់ ចូលរួម​សកម្ម​ក្នុង​ការសិក្សា​ស្វែងយល់ ពិភាក្សា និង​ចែករំលែក​នូវ​បទពិសោធន៍​ទៅវិញទៅមក ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ផ្លែផ្កា​ដ៏​ល្អ​ពី​សិក្ខាសាលា​នេះ​៕ ដោយ​៖​កូឡាប​

spot_img
×