Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ មិនដឹងថាលន់ នល់ យកលុយអាមេរិក មកធ្វើអីនៅកម្ពុជា ក្នុងពេលដែលសម្តេច នៅក្មេងៗនៅឡើយ

spot_img

ហ្វីលីពីន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដោយផ្ទាល់មាត់ នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជាជំនួសវិញ ពីសម្តេចតេជោ មិនដឹងថា គេយកលុយទាំងនោះ មកធ្វើអី ហើយគេទិញអាវុធ មកធ្វើសង្រ្គាម នៅកម្ពុជា ក្នុងពេលដែលសម្តេចតេជោ នៅក្មេងៗនៅឡើយ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក ដូណាល់ ត្រាំ ថា “បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺប្រៀបដូចជាអាមេរិក យកញញួរមកវាយក្បាលកម្ពុជា ហើយឲ្យកម្ពុជាសងថ្លៃញញួរ”។

ក្នុងសុន្ទរកថា សម្តេចតេជោ បានបញ្ជាក់ប្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិកថា ខ្ញុំក៏សូមបញ្ជាក់ជូនឯកឧត្តមផងដែរថា បញ្ហាបំណុលដែលកម្ពុជាមានជាមួយសហរដ្ឋអាមេរិក គឺជាបញ្ហាមួយដែលខ្ញុំធ្លាប់បាននិយាយជាមួយប្រធានាធិបតី អូប៉ាម៉ា។ រឿងនេះ វាដូច្នេះ ៖ គឺ​នៅត្រង់ថា កម្ពុជា ត្រូវបានទម្លាក់ដោយរដ្ឋប្រហារមួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាប្រទេស ជំពាក់បំណុលសហរដ្ឋអាមេរិក ហើយបំណុលនោះទៀតសោត គឺយើងខ្ញុំ ជាអ្នកទទួលមរតក ដូច្នេះយើងខ្ញុំត្រូវមានភារកិច្ចសង។ យើងខ្ញុំបានស្នើសុំថា យើងខ្ញុំសង ប៉ុន្តែសុំស្នើអាមេរិកបង្វែរបំណុលនោះ មកជួយដល់កម្ពុជាវិញ។ ចំណុចនេះ គឺជាចំណុចដែលយើងខ្ញុំ ស្នើសុំឯកឧត្តមធ្វើការពិចារណា ពីព្រោះថា វាដូចជាការយកញញួរមកវ៉ៃ យើងខ្ញុំហើយ ហើយឲ្យយើងខ្ញុំសងថ្លៃញញួរហ្នឹងទៅទៀត។ ព្រោះជំនួយនេះ មិនដឹងថាគេយកមកធ្វើអី ហើយគេទិញអាវុធ មកធ្វើសង្រ្គាមនៅកម្ពុជាក្នុងពេលយើងខ្ញុំនៅក្មេងៗនៅឡើយ។ ប៉ុន្តែមរតករដ្ឋយ៉ាងណាក៏ យើងខ្ញុំត្រូវតែមានការគោរព”។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ទៅកាន់មេដឹកនាំពិភពលោក ជាពិសេសថ្លែងទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបកប្រែក្រៅផ្លូវការជាភាសាអង់គ្លេស និងភាសាខ្មែរថា “ឯកឧត្តមគឺជាមនុស្ស ដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថា ៖ ប្រហែលជាឪពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់ឮសម្តីរប​ស់ប្រធានាធិបតី សហរដ្ឋអាមេរិកមួយ ដែលបាននិយាយ នៅឯអង្គការសហប្រជាជាតិ និយាយនៅ APEC ហើយនិយាយនៅថ្ងៃនេះ។ នៅត្រង់ថា ឯកឧត្តម បាននិយាយថា ៖ “យើងគោរពឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសរបស់អ្នក យើងចង់ឲ្យអ្នកខ្លាំង រីកចម្រើន និងមានឯករាជ្យ ដោយខ្លួនឯង ចាក់ឫសជ្រៅ ក្នុងតម្លៃប្រវត្តិសាស្រ្តរបស់អ្នក និងប្រឹងប្រែង ដើម្បីអនាគតល្អប្រសើរ នៃប្រជាជនអ្នក។ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចម្រើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង។ ខ្ញុំគិតថា ឯតឧត្តម គឺជាមនុស្សក៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះ ខ្ញុំក៏គួរបញ្ជាក់ជូនបន្តិចក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទ រវាងទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយប្រទេសដទៃទៀត។ ខ្ញុំជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស១០០នាក់ ដែលពេលនោះនៅកម្ពុជា គេចាត់ទុកថាឯកឧត្តម មានលទ្ធភាពឈ្នះឆ្នោត ត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ៩៩ភាគរយ ឯកឧត្តម គឺជាអ្នកចាញ់។ ក៏ប៉ុន្តែខ្លួនខ្ញុំ ស្ថិតនៅក្នុងចំណោម១ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្តម ជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែខ្ញុំបែរជាទទួលនូវការវ៉ៃប្រហារ ពីប្រធានបក្សប្រឆាំងថា ៖”សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នា ។ ដូណាល់ ត្រាំ គឺជាអ្នកផ្តាច់ការដោយសារលុយ ឯហ៊ុនសែន ជាអ្នកផ្តាច់ការដោយសារលុយនិងអាវុធ”។ ឯសាស្រ្តាចារ្យខ្មែរម្នាក់ ដែលជាសាស្រ្តាចារ្យ នៅសហរដ្ឋអាមេរិក គេបាននិយាយថា ៖ បើដូណាល់ត្រាំ ឈ្នះឆ្នោត គឺជាយុកសម័យនៃការរះឡើងនៃពួកអវិជ្ជា។ អីចឹងទេ ខ្ញុំបានក្លាយជាមុខសញ្ញានៃការវ៉ៃប្រហារ ។ ក៏ប៉ុន្តែ ខ្ញុំមានមោទនភាព ដោយសារអ្វីដែលខ្ញុំបានប្រកាសនៅមុខការបោះឆ្នោត គឺឯកឧត្តម ក្លាយទៅជាអ្នកឈ្នះពិត។ ប៉ុន្តែសូមកុំភ្លេចថា ចៅរបស់ខ្ញុំត្រូវ​បានគេបង្ហាត់បង្រៀន ឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រិត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមានអព្យាក្រិត្យទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង។ ចំណុចនេះ ខ្ញុំចង់ជម្រាបជូន ឯកឧត្តមថា សហរដ្ឋអាមេរិក បើសិនជាអនុវត្ត តាមគោលនយោបាយថ្មី របស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ អធិបតេយ្យភាពនៃប្រទេសដទៃ សហរដ្ឋអាមេរិក នឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងគេស្រឡាញ់”។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក្នុងសម័យសាធារណរដ្ឋ របស់លោកសេនាប្រមុខ លន់ នល់ (១៨ មីនា ១៩៧០-១៧ មេសា ១៩៧៥) ដែលជាសម្ព័ន្ធមិត្តរបស់សហរអាមេរិក បានខ្ចីអាមេរិកជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ដែលជំនួយនោះ ភាគច្រើន មិនសូវជាបានធ្វើការអភិវឌ្ឍ អ្វីនោះឡើយ គឺសម្រាប់គាំទ្រដល់រដ្ឋាភិបាលលោក លន់ នល់ ក្នុងការធ្វើសង្រ្គាម ជាមួយកងទ័ព របស់ខ្មែរក្រហម។ បូកទាំងដើម និងការប្រាក់ផង មកដល់ពេលបច្ចុប្បន្នបំណុលនេះ បានឡើងរហូតដល់ជាង ៥០០លានដុល្លារអាមេរិក៕ដោយ៖បញ្ញាស័ក្តិ

spot_img
×