Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​នៅ​មណ្ឌលគិរី ចោះត្រចៀក​សម្គាល់ “​អ្នក​ជា​”

spot_img

“​មាន​ការពន្យល់​ហេតុផល​មួយចំនួន​របស់​បងប្អូន​ជនជាតិ​ភាគតិច​នៅ​ខេត្ដ​មណ្ឌលគិរី​ថា បុរស​ស្ដ្រី​ចាស់ៗ​នៅ​ទីនោះ​ណា​ដែល​ឃើញ​មាន​រន្ធ​ប្រហោង​ចោះត្រចៀក គឺ​សម្គល់​ថា​”​អ្នក​ជា​” ។​ការធ្វើ​ដូច្នេះ ត្រូវ​ពួក​គាត់​ធ្វើឡើង​ក្នុង​អំឡុងពេល​មាន​ជម្លោះ​រវាង​ជាតិ​សាសន៍ ជនជាតិ​ខុសគ្នា នៅ​សម័យ​អាណានិគម​បារាំង​(១៨៦៣- ១៩៥៥) និង​សម័យ​កងទ័ព​ជប៉ុន​ឈ្លានពាន​ស្រុក​ខ្មែរ​(១៩៣៩-១៩៤៥)​។​

​លោកតា​អែន ច​យ ជនជាតិ​ព្នង​នៅ​ភូមិ​ពូរ​តាំង ឃុំរ​មនា ស្រុក​សែន​មនោ​រម្យ ខេត្ដ​មណ្ឌលគិរី ដែល​និយាយ​ដោយ​មាន​អ្នកបកប្រែ បាន​ប្រាប់​យើង​កាលពីពេល​ថ្មីៗ​នេះ​ថា មូលហេតុ​ដែល​គាត់​និង​បុរស​ចំណាស់ៗ ជនជាតិ​ព្នង ក៏​ដូច​ជា​ជនជាតិ​ស្ទៀង កួយ រ​ដែរ ចា​រាយ ទំ​ពូន ក្រោល​… នៅ​មណ្ឌលគិរី​ចោះ​ត្រចៀក មក​ពី​មុន​សម័យ​បារាំង​ចូល​ស្រុក​ខ្មែរ គេ​បាន​កេណ្ឌ​ជនជាតិភាគតិច​ឱ្យធ្វើ​ទ័ព ឬក៏​មាន​ជនជាតិ​បាន​ចេញ​បះបោរ​តស៊ូ រើបម្រះ​ពី​អំណាច​បរទេស​។​

លោកតា​អែន ច​យ បញ្ជាក់ថា កាលនោះ បើ​អ្នកណា​មិន​ចោះត្រចៀក គឺ​សម្គាល់​អ្នក​រឹងទទឹង ឬក៏​ជា​អ្នក​ក្លាហាន ដែល​ត្រូវ​គេ​កេណ្ឌ​ធ្វើ​ទ័ព​។ តែបើ​ចោះត្រចៀក​វិញ គេ​ក៏​សម្គាល់​ថា​ប្រជាជន​សាមញ្ញ ឬ​ជា​អ្នក​ស្ដាប់បង្គាប់​អាជ្ញាសឹក​។ ប៉ុន្ដែ​លោក​តា​បាន ពោល​ការពា​រថា អ្នក​ចោះត្រចៀក​(​បុរសៗ​)​ទាំងឡាយ ពុំមែន​មានន័យថា​កម្សាក​ញី ខ្លាច​អំណាច​បរទេស ឬ​ខ្លាច​អំណាច​ជាតិ​សាសន៍​ផ្សេងទៀត​នោះទេ តែ​ជា​«​ល្បិច​»​ដើម្បី​បន្លំ​ភ្នែក​សត្រូវ​ដែរ​។ គឺ​ពេល​យប់​ចេញ​ទៅ​ច្បាំង​តតាំង​នឹង​សត្រូវ ដល់​ពេល​ថ្ងៃ​មក​ធ្វើការ​ជាធម្មតា​។ ដល់​ពេល​ពួក​សត្រូវ​ឃើញ​ក៏​មិន​ចាប់​ចង​ធ្វើបាប​ដែរ​។ មិន​មាននិយាយ​អំពី​ការពាក់​អលង្ការ​អ្វី​នៅ នឹង​ត្រចៀក​ចោះ​ដូច​ស្ដ្រី​នោះទេ គឺ​គ្រាន់តែ​ចោះ​ចំណាំ​និង​សម្គាល់​បុរស​ស្លូតបូត មិន​បង្ក​គ្រោះថ្នាក់ ពោល​គឺជា​«​អ្នក​ជា​» ។​អ្នក​ចោះត្រចៀក​ជា​អ្នក​មិន​ធ្វើ​ទាហាន អ្នក​មិន​ច្បាំង គឺ​មិន​បាន​ទៅ​ច្បាំង​ខាង​កម្លាំង​អាវុធ​ចេញ​មុខ​នឹង​ជនជាតិភាគតិច​ដទៃ​និង​បរទេស​(​យួន បារាំង ជប៉ុន​)​។​

​បងប្អូន​ជនជាតិ​ខ្លះ​ទៀត​និយាយ​ថា បងប្អូន​ជនជាតិ​រាប់រយ​ពាន់​នាក់ ពិសេស​រស់នៅ​ស្រុក​កោះ​ញែក ត្រូវ​គេ​កេណ្ឌ​យក​ទៅ​ធ្វើ​ទាហាន​ខ្មែរក្រហម​។ ជា​យុទ្ធជន​ខ្មែរក្រហម​ដ៏​ស្មោះត្រង់ ហើយ​ធ្វើ​ដោយ​លង់​ខ្លួន​ងងឹតងងល់ យូរ​ជាង​គេ​។ ពួកគេ​ជាប់គាំង​នៅ​តំបន់​អន្លង់វែង​(​ទីតាំង​មាំ​ចុងក្រោយ​របស់​ពួក​ឧទ្ទាម​ខ្មែរក្រហម​) រហូតដល់​ឆ្នាំ​១៩៩៨​។​

​លោកតា​អែន ច​យ បាន​អះអាង​ខ្លួនឯង​ថា គាត់​មាន​អាយុ​១១៨​ឆ្នាំ (​ស្លាប់​កាលពី​៣​ឆ្នាំមុន​) ។​គាត់​បាន​និយាយ​យ៉ាង​ច្បាស់​ពីប្រវ​តិ្ដ​នៃ​យុវវ័យ​របស់គាត់​នា​ដើម​សម័យ​អាណានិគម​បារាំង (១៨៦៣-១៩៥៣)​។ ទោះជា​យ៉ាងណា ក៏​គ្មាន​សាក្សី​និង​ការពន្យល់​ផ្សេងទៀត​ឱ្យ​ល្មម​ជឿ​បាន​នោះឡើយ​។​

​គាត់​ចេះ​ភាសា​ខ្មែរ (​និយាយ​តិចតួច​បំផុត​)​។ គាត់​រស់នៅ​ក្នុងភូមិ​ពូរ​តាំង រួម​គ្នា​នឹង​លោកតា​ជនជាតិ​ព្នង​ពីរ​នាក់ ដែល​បាន​ថតរូប​រួមជាមួយ​ព្រះករុណា សម្ដេចព្រះ​នរោត្ដម​សីហនុ​។ តា​អែន ច​យ និង​អ្នកភូមិ​អះអាងថា តា​ពីរ​នាក់​នោះ​ស្លាប់​អស់ហើយ គឺ​១​ឈ្មោះ​ផ្ដើច ណា​យ​, ២​ឈ្មោះ​ពី​ច្រើប ហ្មើត​។​

​បើ​តាម​ចៅប្រុស​របស់​គាត់​ឈ្មោះ​ទើប រ៉ាន្នី ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពូរ​តាំង បានឱ្យដឹងថា តា​អែន ច​យ អាយុ​វែង​ដោយសារ​គាត់​បរិភោគ​តែ​ចំណី​ធម្មជាតិ​សុទ្ធសាធ រៀបចំ​កន្លែង​រស់​នៅ​មាន​អនាម័យ ពិសេស​ទឹក​ថ្នាំ​ចម្រុះ​ជាប្រចាំ បរិភោគបាន​ច្រើន និង​បញ្ចេញ​ពលកម្ម​ឱ្យ​ប៉ាន់​នឹង​កម្លាំង​។ ជាពិសេស​ទៅទៀត​គឺ​ទទួលទានដំណេក​ឱ្យ​គ្រប់គ្រាន់​។​

​ឧទាហរណ៍​ដូចជា នៅ​រដូវ​ត្រជាក់ ចាប់ពី​ខែ​តុលា​ដល់​កុម្ភៈ រាល់ថ្ងៃ​ពួកគាត់​តែង​ដុត​ភ្លើង​កម្ដៅ​ក្នុងផ្ទះ​។ ការ​ហូបបាយ ដោយ​រើស​អង្ករ​និង​ហូប​សម្ល​ម្យ៉ាង​ដែល​គេ​ស្ល​ក្នុង​បំពង់​ឫស្សី​។ ឆ្នាំងសម្ល​ធ្វើ​ពី​បំពង់​ឫស្សី​នោះ ធ្វើឱ្យ​សម្ល​ឆ្ងាញ់​ទ្វេដង​និង​រសជាតិ​គ្មាន​សារធាតុ​គីមី​”៕​ សុបិន្ត

spot_img
×