Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ សហការ​គ្នា​លើ​ការអនុវត្ត​គម្រោង Dr. Job ដើម្បី​ផ្តល់​ការណែនាំ​អំពី​អាជីព និង​ការងារ​តាមរយៈ​វីដេអូ​ខ្លីៗ​

spot_img

​ភ្នំពេញ​៖ ដើម្បី​ជំរុញ​ការទទួលបាន​ឱកាស​ការងារ​សមរម្យ​និង​ព័ត៌មាន​ទូលំ​ទូលាយ​អំពី​ការងារ​សម្រាប់​យុវជន សិស្ស​-​និស្សិត និង​អ្នកស្វែងរក​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) រៀបចំ​កិច្ចសហប្រតិបត្តិការ​ជា​ផ្លូវការ​រួមគ្នា​ជាមួយនឹង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) លើ​ការអនុវត្ត​គម្រោង Dr. Job ក្នុង​គោលបំណង​ផ្តល់​ដល់​យុវជន សិស្ស​-​និស្សិត និង​អ្នកស្វែងរក​ការងារ នូវ​ព័ត៌មាន​អំពី​ការងារ​និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​ការងារ​កាន់តែ​ងាយស្រួល តាមរយៈ​ការផលិត​ជា​វីដេអូ​ខ្លីៗ ដែល​បង្ហាញ​អំពី​ចំណុច​នានា​ដែល​យុវជន អ្នក​ស្វែងរក​ការងារ​ត្រូវការ​ត្រៀមខ្លួន​ជា​ចាំបាច់​ក្នុង​ការចាប់យក​ឱកាស​ការងារ និង​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ការងារ​ដោយ​ផ្តោតលើ​៖ វិធីសាស្ត្រ​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​ចូលក្នុង​ទីផ្សារការងារ​, ការអភិវឌ្ឍ​ជំនាញ​ទន់ ឬ​ជំនាញ​ក្នុង​ការងារ​, ឱកាស​កម្មសិក្សា​ការងា​រ និង​ព័ត៌មាន​ទីផ្សារការងារ​។ ខ្សែ​វីដេអូ​ខ្លីៗ​ទាំងនេះ​នឹង​ត្រូវ​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook, YouTube និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ NEA​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​ការអនុវត្ត​គម្រោង Dr. Job រវាង NEA និង UNDP ធ្វើឡើង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល ក្រោម​អធិបតីភាព​លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក Nick Beresford ប្រធាន UNDP ប្រចាំ​ប្រទេស​កម្ពុជា​។ គម្រោង Dr. Job នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល ០១​ឆ្នាំ ដែល​ចាប់ផ្តើម​អនុវត្ត​ពី​ខែកក្កដា ឆ្នាំ​២០១៨ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​ប្រើប្រាស់​ថវិកា UNDP ដោយ​ភាគី NEA នឹង​ត្រូវ​ផលិត​វីដេអូ​ខ្លីៗ ដើម្បី​ផ្សព្វផ្សាយ​តាម​ស្ថានីយ៍​ទូរទស្សន៍ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន និង​កំពុង​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​ដោយ​ផ្ទាល់​ជាមួយ​អ្នកស្វែងរក​ការងារ​ទូទៅ​តាមរយៈ​មជ្ឈមណ្ឌល​ការងា​ររបស់​ខ្លួន​ទាំង​១១​ដែល​ស្ថិតនៅ​៖ រាជធានី​ភ្នំពេញ​,​ខេត្តសៀមរាប​, បាត់ដំបង​, កំពត​,​ស្វាយរៀង​,​កំពង់ចាម​, តាកែវ​, កំពង់ធំ​,​ព្រៃវែង​, ព្រះសីហនុ​, និង​បន្ទាយមានជ័យ​។ កម្មវិធី Dr. Job នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រ ដល់​ការផ្តល់​សេវា​ផ្នែក​ណែនាំ​អំពី​ការងារ និង​ការប្រឹក្សា​យោបល់​អាជីព បន្ថែម​លើ​យន្តការ​ផ្តល់​សេវា​ដែល​មាន​ស្រាប់ និង​កំពុង​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​។ បន្ថែម​លើ​នេះ ការផលិត និង​ផ្សព្វផ្សាយ​កម្មវិធី Dr. Job នេះ​ត្រូវបាន​ធ្វើឡើង​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការបំពាក់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) នៅ​កន្លែង​ការងារ និង​ក្នុង​ទីផ្សារ​ការងារ​កាន់តែ​ទូលំទូលាយ សំដៅ​ស្រូប​យក​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​នេះ​ស្រប​តាម​ការរីកចម្រើន​នៃ​យុគសម័យ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេត​៕ ​ដោយ​៖​កូឡាប​

  

spot_img
×