Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មែរ​នឹង​គាំទ្រ​ផលិតផល​ខ្មែរ​កាន់តែ​ច្រើន នៅពេល​ផលិតករ​អាច​ពង្រឹង​គុណភាព ជាមួយ​តម្លៃ​សមរម្យ​

spot_img

​ក្រុង​ព្រៃវែង​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​គាំទ្រ ហើយ​ប្រើប្រាស់​ផលិតផល​ខ្មែរ​កាន់តែ​ច្រើន នៅពេលណា​ដែល​ផលិត​ករ និង​សហគ្រិន​ក្នុងស្រុក អាច​ផលិត​ទំនិញ​ដែល​មាន​គុណភាព​ខ្ពស់ ជាមួយ​តម្លៃ​សមរម្យ ប្រហាក់ប្រហែល​ទំនិញ​នាំចូល​ពី​បរទេស ព្រោះ​នេះ​គឺជា​កត្តា​សត្យានុម័ត​នៃ​ការប្រកួតប្រជែង​ទីផ្សារសេរី​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនាកា​រទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ដែល​រៀបចំឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​អតីត​មន្ទីរពេទ្យ​យោធា ខាងលិច​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រៃវែង ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ អាជ្ញាធរខេត្ត តំណាង​អង្គការ អាជីវករ ពាណិជ្ជករ និង​និស្សិត​ប្រមាណ ៣០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ឲ្យ​ផលិត​ករ បន្ត​ខំប្រឹង​អភិវឌ្ឍន៍​គុណភាព​ផលិតផល​ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយ​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត ទាំង​បច្ចេកទេស​ផលិត ការ​វេច​ខ្ចប់ ការ​ដាក់​ម៉ាក និង​ការកំណត់​តម្លៃ ព្រម​ទាំង​ការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​។​

​លោក​រដ្ឋមន្ត្រី បាន​លើកយក​បញ្ហា​ប្រឈម និង​លក្ខខណ្ឌ ដែល​កម្ពុជា​ត្រូវ​បំពេញ ក្រោយ​ចូលរួម​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បាន​ពន្យល់​អង្គពិធី អំពី​វិធានការណ៍​រយៈពេល​ខ្លី ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្តន៍ ដូចជា​ការយកពន្ធ និង​ការប្រើប្រាស់​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម ដើម្បី​ទប់ស្កាត់​ការហូរចូល​នូវ​ប្រភេទ​ទំនិញ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខមាលភាព​ប្រជាជន និង​ហា​នី​ភ័យ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​។​

“​សរុប​ឲ្យ​ខ្លី​! ដើម្បី​ឲ្យ​ផលិតផល​ខ្មែរ​មាន​ទីផ្សារ​ខ្ពស់ ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ផលិតករ សហគ្រិន និង​ប្រជាជន​ខ្មែរ​ទាំងអស់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម ជា​សេនាធិការ​នឹង​នៅតែ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មីៗ និង​គាំទ្រ​វិស័យ​ឯកជន​ជានិច្ច​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​គួរ​រំលឹក​ដែរ​ថា “​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​” គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​អនុវត្តន៍​ចាប់តាំងពី​ឆ្នាំ​២០១៥​។ យុទ្ធនាការ​នេះ គឺជា​សំឡេង​ជួង ដើម្បី​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាជន​ខ្មែរ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​។ ម្យ៉ាងទៀត យុទ្ធនាការ​នេះ​ក៏​មាន​គោលដៅ​ជួយ​ពង្រឹង​សង្វាក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាជន ព្រមទាំង​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផលិត​ទំនិញ​ដែល​មាន​គុណភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់ សម្រាប់​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​។​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ចំនួន ២ រដូវ​កាល​ជាប់​គ្នា ក្រសួង​ពាណិជ្ជកម្ម បាន​ជ្រើសរើស​យក​រាជ​ធានី​-​ខេត្ត​ចំនួន ៦ ធ្វើជា​កន្លែង​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ដោយ​ចាប់ផ្តើម​ពី​ខេត្ត​បន្ទាយមានជ័យ រួច​បន្ត​ទៅ​ដល់​ខេត្ត​កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និង​បិទ​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​កូ​ឡា​ប

 

spot_img
×