Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដាក់​ដំណើរការ​ប្រព័ន្ធឌីជីថលផ្សារភ្ជាប់នឹងសាលារៀន Wi-Fi នៅ​វិទ្យាល័យ​ហ៊ុន​សែន ទួល​ខ្ពស់

spot_img

​កំពង់ឆ្នាំង ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​គាំទ្រ​ដល់​ការបើក​ដំណើរការ​កម្មវិធី​ប្រព័ន្ធឌីជីថលផ្សារភ្ជាប់នឹងសាលារៀន

​នៅ​វិទ្យាល័យ​ហ៊ុន​សែន ទួល​ខ្ពស់ ខេត្ត​កំពង់​ឆ្នាំង កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មាន​ការគាំទ្រ​ពី TC និង KT ។ គោល​បំណង ​នៃ​គម្រោង​នេះ គឺ​ដើម្បី​នាំមក​នូវ​ការតភ្ជាប់ ទៅ​សាលារៀន នៅ​ទូទាំង​ប្រទេស តាមរយៈ​ការបង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​ដែល​នឹង​អនុញ្ញាត​ឱ្យ​សាលារៀន ភ្ជាប់​ទៅ​ការអប់រំ​ឌីជីថល​បន្ថែមទៀត ដើម្បី​សម្រាប់​សាលា​ទាំងមូល​។ គម្រោង ឌីជីថល Wi-Fi​នេះ​ត្រូវបាន​ដាក់​ដំណើរ​រួចហើយ នៅ​សួនច្បារ​វិមានឯករាជ្យ សួនច្បារ​មុខ​ព្រះ​បរម​រាជ​រវាំង ហើយ​គម្រោង​នេះ នឹង​បន្ត​ទៅ​តាម​បណ្តា​សាលារៀន ជាច្រើន​ទៀត​។​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យហ៊ុនសែនទួលខ្ពស់ លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា ការបើក​សម្ពោធ​កម្មវិធី​ឌីជីថល​សម្រាប់​សាលារៀន នៅ​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពល់ គឺជា​ការតភ្ជាប់​សាលារៀន​ឌីជីថល​កម្ពុជា ត្រូវបាន​អភិវឌ្ឍក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ជាមួយ​នឹង​កំណើន​ផលទុន​ជាតិ​សរុប នៅ​ប្រទេស​កម្ពុជា (GDP) សរុប​ជា​មធ្យម​ប្រហែល​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​កំណើន​របស់​ខ្លួន​នា​ពេលអនាគត​។ ការរួមចំណែក​សំខាន់​ចំពោះ​កំណើន​រហូត​មកដល់ពេលនេះ គឺ​ដោយសារ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នៅក្នុង​ប្រទេស ជាមួយ​នឹង​ការបើក​ទូលាយ​នៅក្នុង​គោលនយោបាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស​។ ក្នុង​ជំហាន​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ​គឺ​ការផ្តោត​ទៅលើ​គុណភាព​នៃ​កំណើន​។

​លោក​ត្រាំ អ៊ីវតឹក បាន​ថ្លែងថា ដែល​មានន័យថា ប្រទេស​កម្ពុជា​ត្រូវមាន​យុទ្ធសាស្ត្រ​បន្ថែមទៀត ទៅលើ​ផែនការអភិវឌ្ឍន៍​របស់ខ្លួន​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ ដែល​មាន​គុណភាព​បន្ថែមទៀត ទៅលើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់ខ្លួន​។​

ជាក់​ច្បាស់​ណាស់​ថា ការអភិវឌ្ឍ​នា​ពេលអនាគត នឹង​ត្រូវ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​បច្ចេកវិទ្យា និង​ការរួមបញ្ចូល​គ្នា​នៃ​វិស័យ​បច្ចេកវិទ្យា​ដើម្បី​ជួយ​កែលម្អ​ការសម្រេចចិត្ត ការរៀបចំ​ផែនការ ការប្រកួតប្រជែង និង​គុណភាព​ដ៏​ល្អ នៃ​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ​វា​ច្បាស់​ណាស់​ថា បច្ចេកវិទ្យា គឺជា​អ្នក​កំណត់​និន្នាការ​នានា នៅ​ទូទាំង​ពិភពលោក​។ សំខាន់​ជាង​នេះ​ទៀត បណ្ដារ​អង្គការ​អន្តរជាតិ​ដូចជា​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សមាគមន៍​អាស៊ាន ITU និង WEF ជាដើម កំពុង​លើកទឹកចិត្ត ដល់​ប្រទេស​ទាំងអស់​ឱ្យ​ទទួល​យក​នូវ​បច្ចេកវិទ្យា ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍ របស់​ប្រទេស ក៏ដូចជា ដើម្បី​ចូលរួម​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​។​​ប្រទេស​​កម្ពុជា​ត្រូវ​មាន​គំនិត​ផ្តួចផ្តើម​ខ្លាំង​ជាង​មុន ដើម្បី​ចូលរួម​សហគមន៍​សកលលោក ដើម្បី​នាំ​យកគំនិត ​និង​ការគាំទ្រ​ដ៏​ល្អ​បំផុត​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​របស់​ខ្លួន ​និង​សម្រេចបាន​នូវ​សក្ដានុពលភាព​របស់​ប្រទេស​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស ​ដោយ​ផ្តោត​លើ​គម្រោង និង​កម្មវិធី ដែល​កំពុង​ជួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​រៀបចំ​សម្រាប់​វិស័យ​សេដ្ឋកិច្ច​ឌីជីថល ​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ផ្អែក​លើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ចតុកោណ របស់​រដ្ឋាភិបាល ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នឹង​ក្លាយ​ជា​កត្តា​គន្លឹះ ក្នុង​ការគាំទ្រ​ដល់​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​និង​វប្បធម៌ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ការអភិវឌ្ឍន៍​និង​គុណភាព​នៃ​ការអភិវឌ្ឍន៍​សម្រាប់​វិស័យ​ទាំងអស់នោះ​។ ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ យ៉ាង​ឆាប់រហ័ស ក្នុង​វិស័យ​ទូរគមនាគមន៍​ហើយ​មាន​តម្លៃប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ក្នុង​តម្លៃ​ថោក​បំផុត ហើយក៏​ជា​ប្រទេស​មួយ​លឿន​បំផុត ក្នុង​ការទទួលយក​ប​ច្ចេក​វិទ្យា​ថ្មីៗ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​។ នេះ​បង្ហាញ​ពី​ការគាំទ្រ និង​ថាមវន្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​វ័យក្មេង ​ដែល​បច្ចុប្បន្ន គឺជា​កម្លាំងចលករ​ដ៏​សំខាន់​នៃ​ប្រទេស​។

​យោងតាម​ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ យើង​អាច​មើលឃើញ​ពី​ការកើនឡើង​ចំនួន​១០​ភាគរយ នៃ​ការតភ្ជាប់​ឌីជីថល​នៅក្នុង​ចំណោម​ប្រជាជន នៅតាម​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក ដោយ​ផ្តល់​នូវ​ការកើនឡើង ដោយផ្ទាល់​ដល់​ផលិតភាព​របស់​ប្រទេសជាតិ​ពី ១,២​ភាគរយ -១,៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ នេះ​គឺជា​សូចនាករ​ដ៏​រឹងមាំ​មួយសម្រាប់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជំរុញ​ឱ្យ​មាន​គម្រោង ត​ភ្ជាប់​បន្ថែម​ដូចជា គម្រោង Wi-Fi​សាធារណៈ​និង​ការតភ្ជាប់​ឌីជីថល ទៅកាន់​សាលារៀន ជា​គម្រោង​មួយ​ដែល ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​ផ្តួចផ្តើមឡើង​ហើយ​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​គម្រោង​នេះ​នៅ​ទូទាំង​ប្រទេស​។

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ ២០១៨ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ដាក់​ឱ្យ​ដំណើរការ​គម្រោង Wi-Fi សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​ការសហការ​ពី​ក្រុមហ៊ុន Korea Telecom (​ខេ​ធី​) ។ ក្រុមហ៊ុន​ខេ​ធី គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍ ឈាន​មុខ​គេ​មួយ​របស់​ពិភពលោក ដែល​បាន​ជួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង ឱ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​។​

យោង​តាម​ចំណាត់ថ្នាក់​ពិភពលោក សម្រាប់​ស​ន្ទ​ស្សន៍​អភិវឌ្ឍ​​ន៍ ICT ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បានឱ្យដឹងថា​ប្រទេស​កូរ៉េ ជាប់​ចំណាត់ថ្នាក់​លេខ ១ ឬ​ទី ២ នៅលើ​ពិភពលោក​ក្នុង​រយៈ ៨​ឆ្នាំ​ចុងក្រោយ​នេះ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែលមាន KT ធ្វើ​ជា​ដៃគូ ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា គមនាគមន៍​ព័ត៌មានវិទ្យា កម្ពុជា​។ គម្រោង​Wi-Fi សាធារណៈ​កំពុង​ប្រើ​បច្ចេកវិទ្យា Wi-Fi ចុងក្រោយ​បំផុត​ពី​ខេ​ធី​។​

គម្រោង​ទាំងនេះ នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ កាន់តែច្រើន​ដែល​ជា​សសរស្តម្ភ​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត ដោយ​ល្បឿន​លឿន​បំផុត រហូតដល់ ១ ជី​ហ្គា​បៃ ក្នុង​មួយ​វិនាទី នៅក្នុង​តំបន់​សាធារណៈ​ធំៗ ដូចជា​សួនច្បារ​សម្តេច​ហ៊ុន​សែន​, សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​កន្លែង​ជាច្រើន​ទៀត ដែល​បាន​ត​ភ្ជាប់​ទាំង នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​។ ​ជា​មួយ​គ្នា លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​យើង​សង្ឃឹមថា នឹង​ទទួល​ការគាំទ្រ និង​សហការ​បន្ថែមទៀត​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អង្គការ​អប់រំ​អន្តរជាតិ​។​

លើសពីនេះ​ទៀត​យើង​សង្ឃឹមថា នឹង​បង្កើត​កម្មវិធី​អប់រំ​សាធារណៈ​បន្ថែមទៀត ដើម្បី​ជួយ​លើកកម្ពស់​ទីក្រុង​ស្អាត គ្មាន​គ្រឿងញៀន​និង​កម្មវិធី​អប់រំ​ស្ទែ​ម (STEM) ។ យើង​សង្ឃឹមថា កម្មវិធី​សាធារណៈ​ទាំងនេះ នឹង​ជួយ​កែលម្អ​អាកប្បកិរិយានិង​ការយល់ដឹង​របស់​សាធារណជន ដើម្បី​ជួយ​លើកកម្ពស់​សកម្មភាព​រួម​គ្នា និង​ផលប្រយោជន៍​របស់​យើងទាំងអស់គ្នា​”​។​

លោក​បាន​បន្ថែមថា យើង​មាន​គម្រោង​គាំទ្រ​កម្មវិធី​ទាំងនេះ តាមរយៈ​ការប្រើ​មូលនិធិ​សកល និង​មូលនិធិ ​R&D Fund ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺ​ណេត​ទាំងអស់​។ យើងខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ ​ដើម្បី​លើកកម្ពស់​គំនិត​បន្ថែមទៀត ដែល​នឹង​ជួយ​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា នូវ​ចក្ខុវិស័យ​ច្បាស់លាស់ អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ​និង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល យ៉ាង​ឆាប់រហ័ស និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ដែល​នឹង​ផ្តោត​លើ​បញ្ញា​សិប្បនិម្មិត​អ៊ីនធឺណិត នៅ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង ការទាញយក​ទិន្នន័យ​ធំៗ ។​ ​នៅពេល​អនាគត យើង​ក៏​សង្ឃឹម​ផង​ដែរ ក្នុង​ការសហការ​ជាមួយ​កម្មវិធី​អន្តរជាតិ ជាច្រើន​ទៀត ដូចជា​កម្មវិធី​ទប់ស្កាត់​ជំងឺឆ្លង​ទូទាំង​ពិភពលោក ដែល​នឹង​សហការ​ជាមួយ​ប្រទេស​ជាច្រើន ក្នុង​ការជួយ​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះថ្នាក់ ​នៃ​ជំងឺឆ្លង​ទូទាំង​ពិភពលោក ដូចជា H1N1, Zika, Ebola … ដែលមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​។

​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ទាំងអស់​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ធានា​ថា​រដ្ឋា​ភិបាល​​កម្ពុជា នឹង​ធ្វើឱ្យ​កម្មវិធី​ទាំងនេះ ជា​អាទិភាព ក្នុង​ការជួយ​ធ្វើ​ទំនើបកម្ម​ប្រទេស នៅក្នុង​គ្រប់​វិស័យ​ទាំងអស់ ​និង​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាមួយនឹង​ការប្តេជ្ញាចិត្ត ចំពោះ​ប្រកបដោយ​គុណភាព​។ អ្វី​ដែល​សំខាន់​បំផុត​នោះ ​គឺ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដ៏​ល្អ និង​លើកកម្ពស់​គុណភាព​ជីវិត សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​ជំនាន់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×