Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ លើក​ទី​៥

spot_img

​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ ៖ កាលពី​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ លើក​ទី​៥ (5th RCEP Intersessional Ministerial Meeting)​។​

​បើ​តាម​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ បានប្រកាសថា កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី និង​ផ្តល់​សុន្ទរកថា​បើក​ដោយ​លោក Shinzo Abe នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ដែល​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ និង​រដ្ឋ​មន្ត្រី​ប្រទេស​ដៃគូ​អាស៊ាន​ទាំង​៦ (​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ ណូវែល​ហ្សេ​ឡង់​) ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​លើកទឹកចិត្ត​ដល់​រដ្ឋមន្ត្រី RCEP ទាំងអស់​ត្រូវ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ចរចា​បញ្ចប់ កិច្ចព្រមព្រៀង​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ តាម​អាណត្តិ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ជា​សមាជិក RCEP សំដៅ​ផ្តល់ សញ្ញា​ទៅ​ប្រទេស​ដ៏​ទៃ​ទៀត​ថា ប្រទេស​ជា​សមាជិក RCEP គាំទ្រ​របប​ពាណិជ្ជកម្ម​សេរី និង​ប្រឆាំង​នឹង​របប​គាំពារ​និយម ដោយហេតុ​ថា​កិច្ចព្រមព្រៀង​នេះ នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ប្រជាជន​ជាង​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក (​ប្រមាណ​ជាង ៣,៥​ប៊ី​លាន​នាក់​)​។​

​អង្គប្រជុំ​បាន​ទទួលស្គាល់​នូវ​វឌ្ឍនភាព​នៃ​ការចរចា​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម TNC ព្រមទាំង​បាន​ពិភាក្សា និង​ឯកភាព​ដាក់ចេញ​នូវ​ទិសដៅ​ការងារ សម្រាប់​បញ្ចប់​ការចរចា​កម្រិត​បច្ចេក​ទេស នៅក្នុង​កិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​បាងកក ពាក់កណ្តាល​ខែ​កក្កដា​នេះ និង​គ្រោង​បញ្ចប់​ការចរចា​កម្រិត​នយោបាយ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហ​បុរី នា​ចុងខែ​សីហា ឆ្នាំ​២០១៨ ខាងមុខ​។​

​ទន្ទឹមគ្នានេះ អង្គប្រជុំ​បាន​សំដែង​ឆន្ទៈ​មុះមុត ក្នុង​ការរៀបចំ​កិច្ចចរចា​ទ្វេភាគី និង​ពហុភាគី សំដៅ​បញ្ចប់​កិច្ចព្រមព្រៀង RCEP តាម​ការគ្រោងទុក​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×