Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គនាយកដ្ឋាន​កាំកុងត្រូល បើក​យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេង​ទូទាំង​ប្រទេស ដោយ​ពិនិត្យ​ស្ថានីយ​ប្រេង​ជាង​៩០

spot_img

​ភ្នំពេញ​ ៖ អនុវត្តន៍​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ត​ច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ អគ្គនាយក​នាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហ័រណ​-​អាហ័រណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំ​កុង​តូ​ល​) នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បើក​យុទ្ធនាការ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​នានា ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

+ ខណ្ឌ​ច្បារអំពៅ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៣៥ ក្នុងនោះ ១១​ស្ថានីយ ដាក់លក់​លើស​ពី​តម្លៃ​កំណត់ ១៥​ស្ថានីយ លក់​ទាប​ជាង និង​០៩​ស្ថានីយ លក់​ក្នុង​តម្លៃ​ត្រឹមត្រូវ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​។​

+ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៦ ក្នុងនោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ លើកលែង​តែ​សាំង​ស៊ុប​ពែ គឺ​បាន​លក់​លើស​តម្លៃ​ចាប់ពី ៥០​រៀល ដល់ ១៥០​រៀល​/​លីត្រ​។​

+ ខណ្ឌមានជ័យ​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៦ ក្នុងនោះ ស្ថានីយ​ទាំង​អស់ ក្នុងនោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ លើកលែងតែ ស្ថានីយ ១ ដាក់​លក់​សាំង​ស៊ុប​ពែ លើស​តម្លៃ​កំណត់​។​

+ ខេត្ត​កណ្តាល​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ និង​ដេប៉ូ​ប្រេង​ចំនួន ២៨ ក្នុងនោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ លើកលែង​តែ​ស្ថានីយ ៥ បាន​ដាក់​លក់​សាំង​ស៊ុប​ពែ លើស​តម្លៃ​កំណត់​។​

+ ខេត្ត​កំពង់ឆ្នាំង​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ចំនួន ៣ (​តូ​តាល់​, សូ​គី​មិច និង តេ​ឡា​) ក្នុងនោះ​ស្ថានីយ​ទាំងអស់ ដាក់​លក់​ប្រេង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​ត្រឹមត្រូវ លើកលែង​តែ​សាំង​ស៊ុប​ពែ គឺ​បាន​លក់​លើស​តម្លៃ​ចាប់ពី ៥០​រៀល ដល់ ១០០​រៀល​/​លីត្រ។​

+ ខេត្ត​ព្រៃវែង​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៦ និង​ដេប៉ូ​ប្រេង​ចំនួន ៨ ក្នុងនោះ​ស្ថានីយ ២ លក់​លើស​តម្លៃ​កំណត់ ហើយ​ដេប៉ូ​ប្រេង​ទាំងអស់ លក់​ក្រោម​តម្លៃ​កំណត់​។​

+ ខេត្ត​កោះកុង​៖ មន្ត្រី​បាន​ចុះ​ទៅ​កាន់​ស្ថានីយ​ប្រេង​ចំនួន ៩ ក្នុងនោះ ១​ស្ថានីយ ដាក់​លក់​ប្រេង​សាំង​ធម្មតា លើស​ពី​តម្លៃ​កំណត់​។​

​ចំពោះ​ស្ថានីយ​ដែល​បាន​រកឃើញ​មាន​បញ្ហា​ជាមួយ​តម្លៃ​ប្រេង មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើ​ការសម្របសម្រួល និង​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំង​អស់នោះ ធ្វើ​ការកែប្រែ​តម្លៃ​ប្រេង​ភ្លាមៗ ទៅតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ដោះស្រាយ​ការលំបាក និង​ជួយ​សម្រួល​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​ចំនួន ១៦០​រៀល​/​លីត្រ គឺ ៣៩៥០​រៀល សម្រាប់​ប្រេងសាំង​ធម្មតា និង ៣៧៥០​រៀល សម្រាប់​ប្រេងម៉ាស៊ូត​។ តម្លៃ​ថ្មី​នេះ ត្រូវ​អនុត្ត​ន៍​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​តទៅ ហើយ​ការអន្តរាគមន៍​នេះ នឹង​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល បាត់​ចំណូល​ក្នុង​រង្វង់​ទឹកប្រាក់ ៣០​លាន​ដុល្លារ​ផងដែរ​៕ ​ដោយ​៖​កូឡាប​

 \

 

spot_img
×