Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស ផ្សារ​ដី​ហ៊ុយ​តម្លៃ​១៧​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដែល​ជា​ស្ពាន​អាកាស​ទី​៥ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ០៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​ការ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធផ​ល​ថ្មី ដែល​មាន​គុណប្រយោជន៍​ធំធេង​ក្នុង​ការរំដោះ​ការកកស្ទះ​ចរាចរ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង ថា គម្រោង​សាងសង់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ មាន​ប្រវែង​សរុប ៩៤២​ម៉ែត្រ ទទឹង ១៦,៥​ម៉ែត្រ ក្នុងនោះ​តួ​ស្ពាន មាន​ប្រវែង ៦១០​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​សងខាង ប្រវែង​សរុប ៣៣២​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៧​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ពន្ធ និង​អាករ​ផ្សេងៗ​។ ស្ពាន​នេះ បាន​ប្រើ​ពេល​សាងសង់​ចំនួន ២៤​ខែ ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការសាងសង់​នៅ​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​បើ​តាម​លោក ស៊ុន ចាន់ថុល ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ ដែល​គម្រោង​ទាំងមូល​មាន​ប្រវែង​សរុប ១៦,៦៧៩​គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​មហាវិថី​សហព័ន្ធ​រុស្សី​នៅត្រង់​ភ្លើងស្តុប​រតនា​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រត់​កាត់​តាម​បណ្តោយ​ផ្លូវណ័​ដ​ប្រ៊ី​ឌ (Northbridge) ផ្លូវ​ទ្រុងមាន់ ផ្លូវ​ភូមិ​ទួល​ពង្រ ផ្លូវ​ទំនប់​៧​មករា មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​២ ត្រង់​គីឡូម៉ែត្រ​លេខ ១៤+៤១៧ ចំណុច​គល់​ស្ពាន​ព្រែក​ហូរ​(​ផ្នែក​ខាងជើង​) ស្ថិតនៅ​ត្រង់​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ ១១៥ និង​ស្ពាន​តាខ្មៅ (​ខេត្ត​កណ្តាល​)​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ការដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភា​ព​ពេញលេញ ការអភិវឌ្ឍ​គ្រប់​វិស័យ ជាមួយ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ ក្នុង​រង្វង់ ៧​ភាគរយ រយៈពេល​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ​។ ក្នុង​បរិការណ៍​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ ប្រកបដោយ​ស្ថិរភាព​នេះ បាន​ធ្វើឲ្យ​កម្រិតជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ច្រើន​ជាង​មុន សម្រាប់​ការប្រកបមុខរបរ និង​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​ទី​ជិត​និង​ទី​ឆ្ងាយ​។​

​រដ្ឋមន្ត្រី​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ខ្លាំង​លើ​ស្នាដៃ​បម្រើ​ជាតិ និង​ប្រជាជន​ក្នុងនាម​ជា​សេនាធិការ​ឆ្នើម​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែម​ដោយ​ការកើនឡើង​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ​នេះ បាន​ធ្វើឲ្យ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កាន់តែ​មាន​ភាព​មមាញឹក និង​ការកកស្ទះ ដែល​តម្រូវឲ្យ​មាន​ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​បន្ថែមទៀត សំដៅ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ពាន​អាកាស​ដ៏​ថ្មីស្រឡាង​នេះ នឹង​រួមចំណែក​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើ​ដំណើរ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ជាពិសេស​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​-​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឲ្យបាន​កាន់តែ​ងាយស្រួល ឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​។​

​គួរបញ្ជាក់​ថា ដើម្បី​ធ្វើ​ទំនើបកម្ម​បណ្តាញ​គមនាគមន៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​សម្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ដែល​តែង​តម្កល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​នោះ បាន​សាងសង់​ស្ពាន​អាកាស​សរុប​ចំនួន ៥ រួចមក​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រួមមាន​៖ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស ៧​មករា ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស ៥​មករា និង​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ​។ ក្នុងនោះ​រាជរដ្ឋាភិបាល ក៏​ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត គឺ​ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន​។​

​តាមរយៈ​សមិទ្ធផល​នេះ​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់ និង​ការគិតគូរ​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​សុខមាលភាព​សង្គម និង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ត​ភ្ជាប់​ប្រទាក់ក្រឡា និង​កាន់តែ​ទំនើប​ទៅៗ​នៅ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

 

spot_img
×