Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​តាម​ចាប់​ក្រុម​អ្នកដើរ​ខ្សឹប រឿង​ទឹកខ្មៅ​ជ្រលក់​ដៃ​បោះឆ្នោត នាំឲ្យ​ស្លាប់​ក្នុង​២៤​ម៉ោង

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មាន​ការផ្សាយ​ព័ត៌មាន ឆបោក​តាម​បណ្តាញ​សង្គម ដែល​និយាយថា នៅក្នុង​ពេល​បោះឆ្នោតជាតិ​ខាងមុខនេះ​គឺ​មាន​ទឹកខ្មៅ​ពីរ​ប្រភេទ ដែល​នឹង​យកមក​ប្រើ​គឺ​ទី​១ ទឹកខ្មៅ​ជ្រលក់​ដៃ​ធម្មតា និង​ទឹកខ្មៅ​ដែល​ជ្រលក់​ដៃ​ហើយ​គឺ​នឹង​ធ្វើឲ្យ​ស្លាប់​ភ្លាម​ក្នុង​២៤​ម៉ោង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​ដាក់​បទបញ្ជា​ឲ្យ​ចាត់វិធានការ ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថាន​ការណ៍​​បោះឆ្នោត បន្ទាប់ពី​រកឃើញ​ថា ពួកនេះ កំពុង​ញុះញង់​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ជ្រលក់​ដៃ​នៅ​ថ្ងៃ​បោះឆ្នោត​មាន​ទឹកខ្មៅ​ជ្រលក់​ដៃ ដែល​បណ្តាលឲ្យ​ស្លាប់ ២៤​ម៉ោង​ក្រោយ​ជ្រលក់​ដៃ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​ដែល​ជា​ស្ពាន​អាកាស​ទី​៥ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា ក្រុម​ពួកនេះ កាលពី​៥​ឆ្នាំ​មុន​គេ​ថា ទឹកខ្មៅ​ជូត​ជ្រះ ឥឡូវ​គេ​ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​ស្លាប់​ដែល​នេះ​ជា​ទោសឧក្រិដ្ឋ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ ដោយ​មិន​លើកលែង ទោះ​នៅ​ក្រៅប្រទេស​ក៏​ត្រូវ​តាម​ចាប់​ផងដែរ​។ ​ផែនការ​សកម្មភាពរ​បស់​អង្គការ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ត្រូវបាន​អាជ្ញាធរ តាមដាន​យ៉ាង​ដិតដល់​។ សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា “​ទង្វើ​នេះ មិន​អាច​អត់ឱន​ឲ្យបាន​នោះឡើយ​”​។​

​សម្តេច​តេជោ ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ដំឡើង​ប្រព័ន្ធ​តាមដាន​ការធ្វើសកម្មភាព​តាមដាន​ហ្វេ​សប៊ុក (Facebook) ដើម្បី​ទប់ស្កាត់​ទង្វើ​បំផ្លាញ​ជាតិ​របស់​ក្រុម​នេះ​។ ម៉ាស៊ីន​ដែល​ដំឡើង ដើម្បី​ចាប់​ទីតាំង​អ្នក​បង្ហោះ​តាម​ហ្វេ​សប៊ុក គឺ​មាន​ភាព​សុក្រឹត​ខ្ពស់ ​ហើយ​ទីតាំង​លំអៀង តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ត្រឹម​ជាង​២,៥០​ម៉ែត្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សន្តិភាព​មាន​ហើយ ការអភិវឌ្ឍ​កំពុងមាន​ជា​ជំហាន​ហើយ ​ដូច្នេះ​មិន​ត្រូវ​ឲ្យ​បាត់បង់​ទៅ​វិញ​នោះ​ទេ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា មិន​ឱនក្បាល​ចំពោះ​ជន​បរទេស​នាំឲ្យ​មាន​ការបំផ្លេចបំផ្លា​ញ​ជាតិ​នោះ​។ សម្តេច មិន​ចង់​ដាក់​ខ្នោះ​ជន​ណា​ម្នាក់​នោះ​ទេ តែបើ​គេ​ប្រព្រឹត្ត​ទោស នឹង​ត្រូវ​ជាប់​ខ្នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យជួយ​ចាប់​ក្រុម​អ្នកដើរ​ខ្សឹប រឿង​ទឹកខ្មៅ​ជ្រលក់​ដៃ​នាំ​ឲ្យស្លាប់ ​ក្រោយ​ជ្រលក់​២៤​ម៉ោង​។​

​ពាក់ព័ន្ធ​នឹង​ការ​បំភ្លៃ​ព័ត៌មាន​អំពី “​ទឹកខ្មៅ​” ជ្រលក់​ដៃ​ក្នុង​ពេល​បោះឆ្នោត ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ” ថ្ងៃនេះ ខ្ញុំ​ព្រះករុណា មាន​រឿង​មួយ​ដែល​ត្រូវ​និយាយ​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ។ ​ព្រឹក​មិញ​នេះ ខ្ញុំ​ព្រះករុណា បានទទួល​ព័ត៌មាន​មួយ អំពី​ការ​ឆបោក ដែល​អាច​ក្លាយទៅជា​ឧក្រិដ្ឋកម្ម នៃ​ក្រុម​ពួកនេះ ​ដែល​យើង​មិន​ត្រូវ​អត់ឱន​ទេ គឺ​គេ​បាន​លើកឡើង​ថា នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ នឹង​មាន​ទឹកខ្មៅ​ជ្រលក់ ចំនួន​ពីរ​ប្រភេទ ពីរ​ដប គឺ​ដប​ទី​១​ដប​ទឹកខ្មៅ​ធម្មតា ឯ​ដប​ទឹកខ្មៅ​ទី​២ គឺ​ជ្រលក់​ទៅ​ក្នុង​រយៈពេល​២៤​ម៉ោង គឺ​ស្លាប់​ខ្លួន​។ ករណីនេះ គឺ​ផ្តាំ​ទៅ ជា​ក្រុម​ដដែល​ទេ ​ដែល​លើក​ពី​កាល​៥​ឆ្នាំមុន រឿង​ទឹកខ្មៅ​លុប​ជ្រះ ។ កាលពី​ឆ្នាំ​២០១៣ នៅ​ចាំ​ទេ ស្រែក​ឆោឡោ​ថា​ទឹកខ្មៅ​លុប​ជ្រះ ​តែ​ឥឡូវនេះ​គេ​មាន​ផែនការ​សម្ងាត់​របស់គេ ហើយ​មិន​ត្រូវ​ឲ្យ​ពួក​អា​ក្រុម​នេះ​រួចខ្លួន​នោះទេ ។ ម្តងនេះ វាយ​អា​មេក្រុម​នេះ​ឲ្យបាន ​បើ​ហ្អែ​ង​ហ៊ាន​ធ្វើ​ពិតប្រាកដ គឺ​ត្រូវ​វាយ​ហ្អែ​ង​តែម្តង កុំឲ្យ​ចេញ​រួច​ទោះទៅ​ដល់​ប្រទេស​ណា ក៏​ត្រូវ​តាម​ចាប់​ត្រឡប់មកវិញ​។ រឿង​នេះ​ជា​ការបោកប្រាស់ បំភ័យ​ប្រជាពលរដ្ឋ កុំឲ្យ​ទៅ​ធ្វើ​ការបោះឆ្នោត ជាមួយនឹង​ក្រុម​បក្ខពួក​ដែល​អំពាវនាវ​ឲ្យ​ប្រជាជន គឺ​ប្រជាជន កុំទៅ​បោះឆ្នោត ។ គេ​យក​ផែនការ​ខ្សឹប​មួយ ដាក់ចេញ​ការប្រជុំ ខ្ញុំ​សូម​ប្រាប់ថា ពួកអ្នកឯង​ប្រជុំ​មិន​អាច​លាក់បាំង​ជិត​ជាមួយ​ខ្ញុំ​បានទេ​”​។

​សម្តេច​តេជោ បាន​បន្ថែមថា នេះ​ជា​ព័ត៌មាន​បោកប្រាស់ ដែល​មាន​ចេតនា​បង្ក​ចលាចល អសន្តិសុខ​និង​សណ្តាប់ធ្នាប់ ដល់​ប្រទេស​ជាតិ​និង​បំភ័យ​ប្រជាជន កុំឲ្យ​ទៅ​បោះឆ្នោត នៅក្នុង​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខនេះ​។ នេះ​គឺជា​សកម្មក​ភាព ដែល​ចាត់ទុក​ជា​អំពើ​ឧក្រិដ្ឋ​និង​ជា​បទល្មើស ដែល​មិន​អាច​អត់ឱន​បាន​ជាដាច់ខាត​។ សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ឃ្លាំ​មើល​សកម្មភាព​ពួកគេ​ព្រមទាំង​នាំខ្លួន​ជន​ទុច្ចរិត​ទាំងនោះ មក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​។ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ទប់ស្កាត់ និង​ការពារ​ថែរក្សា​អាយុជីវិត ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​សន្តិភាព សម្រាប់​ប្រទេសជាតិ​ទាំងមូល មិនឲ្យ​មាន​អ្វី​កើតឡើង​ជា​ដាច់ខាត​។ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា នៅ​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ ខាងមុខ​នេះ​ទាំងអស់គ្នា​។ “​គឺ​គ្មាន​ទឹកខ្មៅ ដូចដែល​ពួក​ជន​ឆបោក​ទាំងនោះ ប្រឌិត​ឡើយ​” សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់បន្ថែម​។​

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​ប្រកាស​សារជាថ្មី​ផងដែរ​ថា ឆ្នាំ​នេះ​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី ២០ នៃ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង នៅ​កម្ពុជា​ផងដែរ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​ ​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់សូមឲ្យ​ចូលរួម​ថែរក្សា​សន្តិភាព​ទាំងអ​ស់​គ្នា​។ ដើម្បី​រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ សូម​បង​បងប្អូន ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×