Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​មិនឱ្យ​យក យានជំនិះ​ស្លាក​លេខ​ខ​.​ម ឬ​សម្ភារៈ​យោធា ទៅ​ចូលរួម​យុទ្ធនាការ ឃោសនាបោះឆ្នោត​

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ណែនាំ មិន​ត្រូវ​ឱ្យ​មាន​ការយ​ក​រថយន្ត សម្លៀក​បំពាក់ ឬ​សម្ភារៈ​យោធា​ផ្សេងទៀត ទៅ​ចូលរួម​ប្រើប្រាស់ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នាពេល​ខាងមុខ​នេះ។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​៣​ខែកក្កដា បានឱ្យដឹងថា “​សម្តេច​ពិជ័យ​សេនា ណែនាំ​មិន​ឱ្យ​ប្រើប្រាស់ រថយន្ត សម្លៀក​បំពាក់ និង​សម្ភារៈ​យោធា ចូលរួម​បម្រើ​ដល់ យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ​ឡើយ​”​។​

​នៅក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០១៨ របស់​ក្រសួង​ការពារជាតិ នា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​មានប្រសាសន៍​ណែនាំ​មិនឱ្យ​អង្គភាព​ណាមួយ ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​ខ​.​ម និង​សម្លៀកបំពាក់ សម្ភារៈ​យោធា ដើម្បី​ចូលរួម​បម្រើឱ្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ​ឡើយ​។​

​វិធានការ គឺ​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​បញ្ជាក់ថា “​យើង​គាំទ្រ និង​ចូលរួម​សហការ​ជានិច្ច​ជាមួយ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស៊ើបអង្កេត ចាត់​វិធានការ​ចំពោះ ក្រុម​ទុច្ចរិត ដែល​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ក្នុង​គោលដៅ​បំផ្លាញ​ដល់ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ខាងមុខនេះ​។​

ការរៀបចំ​ផែនការ បំផុស​ព័ត៌មាន​អវិជ្ជមាន​ញុះញង់​ថា ទឹកខ្មៅ​ពលរដ្ឋ​ជ្រលក់​ដៃ នៅ​ថ្ងៃ​បោះឆ្នោត ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​ធ្វើឱ្យ​អ្នកបោះឆ្នោត​បាត់បង់​ជីវិត នៅ​២៤​ម៉ោង ក្រោយពេល​ជ្រលក់​ដៃ​នោះ គឺជា​ការ​ញុះញង់​បំពាន​ច្បាប់ និង គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​មិន​អាច​អត់ឱន​បានឡើយ​។​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​កម្ពុជា ពេលនេះ​កំពុងតែ​ធ្វើ​ការតាមដាន​អំពី​ករណី​ខាងលើ ហើយ​យើង​ជឿជាក់ថា លទ្ធផល​នឹង​បង្ហាញ​ចេញ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​”​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​មាន​រយៈពេល​២១​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×