Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម សន្យា​បន្ត​គាំទ្រ​វិនិយោគិន​ជប៉ុន ដែល​មាន​បំណង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​

spot_img

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សន្យា​បន្ត​ផ្តល់​ការគាំទ្រ​គ្រប់បែប​យ៉ាង​ជូន​វិនិយោគិន​ជប៉ុន ដែល​មាន​បំណង​បណ្តាក់ទុន​លើ​វិស័យ​ធុរកិច្ច​ផ្សេងៗ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។​

​ការសន្យា​របស់​លោក រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ម៉ាសា​ស្ហិ កូ​ណូ (Masashi Kono) ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ការងារ​ក្នុង​សប្តាហ៍​នេះ និង​លោក មី​យ៉ា​អុ ម៉ាសា​ហ៊ិ​រ៉ុ (Miyao Masahiro) ដែល​នឹង​ក្លាយជា​ប្រធាន​អង្គការ JETRO ថ្មី កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​លោក​ប្រធាន​អង្គការ JETRO ថ្មី និង​បាន​លើកឡើង​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ លោក រដ្ឋមន្ត្រី បាន​ជម្រាប​លោក​ប្រធាន​ទាំងពីរ​ថា ក្រសួង​ពាណិជ្ជកម្ម នៅតែ​បន្ត​ជួយ​សម្រួល​វិនិយោគិន​ជប៉ុន ក្នុង​ការបណ្តាក់ទុន ការចុះបញ្ជី​ក្រុមហ៊ុន និង​ការពង្រីក​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លើសពីនេះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ស្នើ​លោក​ប្រធាន​អង្គការ JETRO ថ្មី ជំរុញ​វិនិយោគិន​ជប៉ុន ពង្រឹង​កិច្ច​សហការ​ជាមួយ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ ឲ្យមាន​គុណភាព និង​ស្តង់ដារ​ខ្ពស់ សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​។​

«​កម្ពុជា​កំពុង​ត្រូវការ​វិនិយោគិន​ជប៉ុន មក​សហការ​ជាមួយ SME ក្នុង​ការអភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ​ផលិតផល​មួយចំនួន ឲ្យមាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​បែប​ជប៉ុន ដើម្បី​ដាក់​លក់​នៅ​ផ្សារ AEON និង​នាំចេញ​» លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ជា​ការឆ្លើយតប លោក ម៉ាសា​ស្ហិ កូ​ណូ និង​លោក មី​យ៉ា​អុ ម៉ាសា​ហ៊ិ​រ៉ុ បាន​ថ្លែងអំណរគុណ​ដល់ លោក រដ្ឋមន្ត្រី ដែល​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ ស្តី​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ព្រមទាំង​បាន​ផ្តល់​ការគាំទ្រ​ជា​និច្ច​ចំពោះ​វិនិយោគិន និង​ធុរជ​ប៉ុន ក្នុង​ការប្រកប​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹម​គ្នា​នោះ លោក មី​យ៉ា​អុ ម៉ាសា​ហ៊ិ​រ៉ុ បាន​សន្យា​ខិតខំ​ផ្សព្វផ្សាយ​អំពី​ឱកាស និង​សក្តានុពល​វិនិយោគ​របស់​ប្រទេស​កម្ពុជា ដល់​សហគមន៍​ធុរកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​កៀងគរ​វិនិយោគិន​ជប៉ុន ឲ្យចូល​មក​បណ្តាក់ទុន​កាន់តែច្រើន លើ​វិស័យ SME និង​វិស័យ​អទិភាព​ផ្សេងៗ​របស់​កម្ពុជា សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×