Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប៉ែក​ខាងលិច ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​រ៉ា​សំរោង​ទំនប់​កប់​ស្រូវ ប្រវែង ជិត​៥០០០​ម៉ែត្រ​

spot_img

​ភ្នំពេញ ​៖ ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់បន្ថយ​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​កម្ម​ភាព​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប៉ែក​ខាងលិច ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​រ៉ា​សំរោង​ទំនប់​កប់​ស្រូវ ។ កិច្វការងារ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ខែ​មករា ហើយ​មកដល់ពេលនេះ​បានបញ្ចប់​ហើយ ដែល​មាន​ប្រវែង ជិត​៥០០០​ម៉ែត្រ ។​

​លោក​ដួង ច័ន្ទ​សារ៉ាត់ ប្រធានការិយាល័យ​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា ចំពោះ​ការងារ​ខាងលើ​នេះ​ជា​លទ្ធផល ក្រុមការងារ​របស់​លោក​បាន​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប៉ែក​ខាងលិច​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​រ៉ា​សំរោង ទំនប់​កប់​ស្រូវ ប្រវែង ៤.៨៥០​ម៉ែត្រ​។​

​ការជីក​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ដែល​ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ យើង​បាន​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​រ៉ា​សំរោង​ទំនប់​កប់​ស្រូវ ដោយ​ប្រើប្រាស់​អ៊ិ​ចស្កា​វ៉ាទ័រ​ចំនួន​៣​គ្រឿង ចាប់ផ្តើម​ជីក​ស្តារ​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​
​ឆ្នាំ​២០១៨ ហើយ​មក​ដល់​ពេល​បានបញ្ចប់​ហើយ​ជាមួយ​នឹង​លទ្ធផល​ស្តារ​បាន​ប្រវែង​សរុប ៤៨៥០​ម៉ែត្រ ដែល​មាន​មាត់​លើ​៦​ម៉ែត្រ បាត​ក្រោម​៣​ម៉ែត្រ និង​ជម្រៅ​ស្នើ​២​ម៉ែត្រ​។​

​គួរ​បញ្ជាក់ដែរថា កន្លងមកនេះ​ក្នុង​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​ជា​ផែនការ ដោយ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​ចំនួន ៥​គម្រោង លើ​ចំនួន ៥​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​នេះ​។​

​តំបន់​លិច​ទឹក​ទាំង​៥​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​នេះ​រួមមាន​ទី​១-​តំបន់​ផ្លូវជាតិ​លេខ ៤ មុខ​សាលាក្តី​ខ្មែរក្រហម ដោយ​កំពុង​ជីក​ភ្ជាប់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប្រឡាយ​ជើងឯក និង​ប្រឡាយ​ទួល​ពង្រ​។​ទី​២-​តំបន់​មហាវិថី​សហព័ន្ឋរុស្ស៊ី ខាងជើង​ព្រលានយន្តហោះ​។ គម្រោង​ដាក់លូ​ប្រអប់​ក្នុង​សាច់​ផ្លូវ​តាំង​កសាង ចាប់ពី​មហាវិថី​សហព័ន្ឋរុស្ស៊ី​ទៅ​ភ្ជាប់​ប្រឡាយទួល​សំពៅ​និង​១​ខ្សែ​ទៀត​ទៅ​ភ្ជាប់​ប្រឡាយ​ចំការ​ឳ​ឡឹ​ក​។ ទី​៣-​តំបន់​ខាងត្បូង​និង​ខាងកើត​ព្រលានយន្តហោះ​។​គម្រោង​នឹង​ដាក់លូ​ប្រអប់​ទំហំ ៦.៨​ម៉ែត្រ និង ៤.៨​ម៉ែត្រ ដើម្បី​ដោះ​ទឹក​លិច​នៅ​ផ្លូវ ស ឡា ផ្លូវ ណ័រ​ប្រ៊ីត ផ្លូវ​ដួង ងៀប ភូមិ​ថ្មគោល ប្រឡាយ​លូ​៥ បុរី អូរ​បែកក្អម បុរី ស ឡា​។ ទី​៤-​គម្រោង​ស្ថាបនា​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ និង​ផ្លូវ​អប​ប្រឡាយ​និង​ទី​៥-​គម្រោង​ស្តារ​លូ នៅក្នុង​ខណ្ឌ​ចំការមន ដូនពេញ ៧​មករា និង​ទួលគោក​។​

​ដើម្បី​ដោះស្រាយ​បាន​នូវ​ការលិចលង់​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់ចេញ​ជា គម្រោង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ទៀត​ផង​ដែរ ដូចជា នៅ​គឺ​ទី​១​ស្ថានីយ៍​បុរី​១០០​ខ្នង ទី​២​ស្ថានីយ៍​លូ ៥ ទី​៣​ស្ថានីយ៍​បឹងទំពុន និង​ទី​៤​ស្ថានីយ៍​ទួល​សំពៅ ដែល​បង្កើន​សមត្ថភាព​បូមទឹក​បាន​៣​ដង​។​

ជាងនេះទៅទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​នូវបាន​​ដាក់ចេញ​ជា​យុទ្ធនាការ​ស្តារលូ​ទាំង​ខ្នាតតូច​និង​ខ្នាត​​ធំ នៅ​៤​ខណ្ឌ​កណ្តាល​ក្រុង​ដែល​មាន​ប្រវែង​៤១៨​គីឡូម៉ែត្រ​ថែមទៀត​ផង​ដែរ​៕​ ​ដោយ​៖​កូឡាប​

spot_img
×