Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ខេត្ត​ស្វាយរៀង​ចំនួន​២​នាក់​

spot_img

នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។ សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន លោក​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកនាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រី ល​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាកា​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាល​ក្រុង ស្រុក លោក លោកស្រី នាយក នាយករង​ទីចាត់ការ ប្រធាន​-​អនុប្រធាន​អង្គភាព​លទ្ធកម្ម ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត លោក​អធិការ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ​ជាង ៣០០​នាក់ ។​

​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​បាន​រួម​សាមគ្គី​សហការគ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​សង្គម​បាន​ល្អប្រសើរ នា​ពេលកន្លងមក ជាពិសេស ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋបាលខេត្ត ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការកសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ទីក្រុង និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ការកសាង និង​កែលម្អ​សោភ័ណភាព​ក្នុង​បរិវេណ​សាលាខេត្ត​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ តួ​យ៉ាង​អគារ​សាលប្រជុំ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មុន​នេះ​បន្ដិច ជាដើម ។

​ទន្ទឹមនេះ លោក​រដ្ឋលេខាធិការ ក៏​បាន​ថ្លែង​នូវ​ការអបអរសាទរ និង​បាន​ផ្ដាំផ្ញើ​ចំពោះ​លោក​អភិបាលរង​ខេត្ត​ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សហការ ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ឲ្យមាន​ការរីកចម្រើន ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ ប្រកប​ដោយ​សេចក្ដីសុខសាន្ដ​បន្ថែមទៀត ដោយឡែក​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ចាត់តាំង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​២ និង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើ​យ៉ាងណា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ចំ​ពោះ​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និង​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ​ប្រសើរ​ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមគ្នា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ព្រំដែន និង​ការបង្ការ ទប់ស្កាត់​បទល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ ។ ជាមួយគ្នានេះ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​សាលាខេត្ត ក៏​បាន​ចូលរួម​ពិធី​ពិសា​បាយ​សាមគ្គី​រួមគ្នា ប្រកបដោយ​ភាពសប្បាយ​រីករាយ​ផងដែរ ។​

សូមបញ្ជាក់​ថា យោងតាម​អនុក្រឹត្យ​លេខ ៧៧០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ និង​អនុក្រឹត្យ​លេខ ១១២៥ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​តែងតាំង​លោក ហែម ពិសិដ្ឋ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់​លេខ ៤ និង លោក ប្រាក់ សុវណ្ណ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់​លេខ ១ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ៕​វ៉ៃកូ​

spot_img
×