Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ឯកសណ្ឋាន និង​ស្បែកជើង​កីឡា​ចំបាប់ ជូន​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា​

spot_img

​​ភ្នំពេញ​ ៖ ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ឯកសណ្ឋាន និង​ស្បែកជើង​កីឡា​ចំបាប់​​មាន​តម្លៃ​ប្រហែល​ជា​៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ នៅក្នុង​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​១៤:៣០​រសៀល​។​ ​

កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​របស់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​
​លោក កាង ដែន​ពិសិដ្ឋ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោក​​គីម ស៊ូ​គី​ល គ្រូបង្វឹក​ក្រុម​កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ជាដើម​។​

​ក្នុងឱកាស​នោះ​ដែរ​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍ថា តាមរយៈ “កម្មវិធី​ភាពជា​ដៃគូ​លើ​វិស័យ​កីឡា​” ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ប្រទេស​កូរ៉េ យើង​តែង​ធ្វើការ​ឧបត្ថម្ភ​សម្ភារៈ​​ប្រើប្រាស់​សម្រាប់​កីឡា​ចំ​បាប់ ជូន​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា ជា​រៀងរាល់ឆ្នាំ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ននេះ លោក គីម​ ​ស៊ូ​គី​ល គ្រូបង្វឹក​កីឡា​ចំបាប់​ជនជាតិ​កូរ៉េ បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​បង្វឹក​ក្រុម​កីឡាករ ជម្រើសជាតិ​កម្ពុជា​​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ យើងខ្ញុំ​មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ជាមួយនឹង​ស្នាដៃ​ល្អ លោក​គ្រូបង្វឹក​សម្រេចបាន​​ក្នុង​រយៈពេល​កន្លងមក (​កម្ពុជា​ទទួលបាន​មាស​ចំនួន​២ និង​ប្រាក់​ចំនួន​៣ នៅក្នុង​កម្មវិធី​ការប្រកួត​កីឡា​អាស៊ី​) ព្រមទាំង​សង្ឃឹមថា​ ​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា នឹង​សម្រេច​បាន​ជោគជ័យ​ថ្មីៗ​ទៀត នៅក្នុង​កម្មវិធី​ប្រកួត​កីឡា​អាស៊ាន​ហ្គេម ដែល​នឹង​ប្រារព្ធ​ឡើង​​នា​ពេល​ឆាប់ៗ​នេះ​នៅ​ទីក្រុង​ហ្សា​កាតា (​ប្រារព្ធ​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨)​។​

​លោក​ឯកអគ្គរដ្ឋទូត សង្ឃឹមថា តាមរយៈ​ការបន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​វិស័យ​កីឡា​​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​ភាពជិតស្និទ្ធ រវាង​គ្នា​ថែម​លើស​មួយកម្រិត​ទៀត​៕ ​ដោយ ​៖​ កូឡាប​

spot_img
×