Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ​រដ្ឋសភា ប្រកាស​បិទ​សម័យប្រជុំ​រដ្ឋសភា នីតិកាល​ទី​៥

spot_img

​ភ្នំពេញ ​៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩​ខែកក្កដា នេះ​បាន​ថ្លែងថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​តទៅ​។​

​លោក ឡេង ប៉េងឡុង បាន​ថ្លែងថា អនុលោម​តាម​មាត្រា​៨៣ វាក្យខណ្ឌ​ទី​២ កថាខណ្ឌ​ទី​១ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ​១ វាក្យខណ្ឌ​ទី​២ នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​ចែង​ថា ” សម័យប្រជុំ​រដ្ឋភា​នីមួយៗ មាន​ថិរវេលា​យ៉ាងតិច​បី​ខែ ” ។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ បាន​ចាប់ផ្លើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៩​ខែ​មេសា ឆ្នាំ​២០១៨ មកដល់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​រយៈពេល​បី​ខែ​គត់ ក្នុង​រយៈពេល​នេះ រដ្ឋសភា សម្រេចបាន​លទ្ធផល​ការងារ ៖ ១) អនុម័ត​សេចក្តីព្រាងច្បាប់​បាន​ចំនួន​១០ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល ២)​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ចំនួន​២​រូប​។​

​លោក​បន្តថា ដំណើរការ​របស់​រដ្ឋ​សភា​ពេញ​មួយ​អាណត្តិ​ទី​៥​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពល្អប្រសើរ និង​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ លោក​បន្តថា ដំណើរការ​ពេញ​មួយ​អាណត្តិ​របស់​រដ្ឋសភា បាន​ជួយ​ជំរុញ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដំណើរការ​ទៅ​ដោយ​ភាពល្អប្រសើរ​។​

​សូមបញ្ជាក់​ថា រដ្ឋសភា​នីតិកាល​ទី​៥ បាន​បើក​សម័យប្រជុំ​ដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣​។ តំណាងរាស្ត្រ​បាន​ធ្វើ​សច្ចាប្រណិធាន នៅ​ព្រះបរមរាជវាំង មុន​ចូល​កាន់តំណែង​នៅ​រសៀល​ថ្ងៃ​ដដែល​។​

​រដ្ឋសភា​បាន​ប្រជុំ​ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ និង​ផ្តល់​សេចក្តីទុកចិត្ត​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។​

​បើ​ទោះបីជា​យ៉ាងណា​ការ​បើ​សម័យ​ប្រជុំ​រដ្ឋសភា​លើកដំបូង​នេះ មាន​ភាព​រកាំរកូស​មួយចំនួន​ផង​ដែរ ព្រោះ​តែ​តំណាងរាស្ត្រ​ចំនួន ៥៥​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​បើក​សម័យប្រជុំ​លើកដំបូង ហើយ​នាំគ្នា​ទៅ​ស្បថ​នៅឯ​ប្រាសាទអង្គរវត្ត​ទៅវិញ ទុក​ឲ្យ​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៦៨​រូប​ស្បថ ចូល​បម្រើ​ការងារ ដោយ​គ្មាន​តំណាងរាស្ត្រ មកពី​គណបក្ស​សំឡេង​ភាគតិច​។​

​ក្នុង​អាណត្តិ​ទី​៥ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន បាន​កើតឡើង​នៅ​វិមាន​រដ្ឋ​សភា ហើយក៏​មាន​ការតស៊ូ​មតិ និង​ការកោះហៅ​រដ្ឋមន្ត្រី​ចូល​បំភ្លឺ​លើ​ការងារ​របស់​ខ្លួន ដែល​ធ្វើឲ្យ​ការចាប់អារម្មណ៍​ខ្លាំង​ណាស់​ផងដែរ​។ ព្រឹត្តិការណ៍​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​រូប ត្រូវបាន​បាត់បង់​តំណែង​ទាំង​អស់ បន្ទាប់​ពី​គណបក្ស​របស់​ពួកគេ ត្រូវបាន​តុលាការ​កំពូល​កាត់​រំលាយចោល នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​តំណែង​របស់​ពួកគេ ត្រូវបាន​យក​ទៅ​ប្រគល់​ជូន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣៕​ ​ដោយ​ ៖ ​កូឡាប​

  

spot_img
×