Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​តំណាង​កម្ពុជា​ធ្វើ​អន្តរាគមន៍ ជួយ​ពលរដ្ឋ​ខ្មែរ​១៦​នាក់ ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រោយ​ចាញ់បោក​មេខ្យល់ ទៅ​រៀបការ​ជាមួយ​បុរស​ចិន​

spot_img

​ភ្នំពេញ ​៖ លោក ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ ១៦​នាក់ ត្រូវបាន​ក្រសួងការបរទេស​អន្តរាគមន៍ ជួយ​ឲ្យបាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់ពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់ នាំ​ទៅ​រៀបការ​ជាមួយ​បរទេស​ចិន និង​ខ្លះទៀត​មិន​ទ្រាំទ្រ​ជាមួយ​ការងារ​បាន​។​

​លោក ជុំ សុន្ទ​រី បានបញ្ជាក់​ថា ពលរដ្ឋ​ដែល​ជួយ​អន្តរាគមន៍ឲ្យ​បានត្រ​ឡប់​មក​ស្រុក​កំណើត​វិញ​នេះ​រួមមាន​៖
១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន ៧​នាក់ មកពី​ខេត្ត​កំពង់ចាម កំពង់ឆ្នាំង ក្រចេះ តាកែវ បាត់ដំបង និង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​មេខ្យល់ បោក​បញ្ឆោត​នាំទៅ​រៀបការ ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ចិន​។ ស្ថានទូត បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​បរិភោគ ព្រមទាំង​រៀបចំ​ឯកសារ ធ្វើដំណើរ​ដល់​ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់ ហើយ​ពួកគេ បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។​

២. ស្ថាន​ឯក​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម បានរៀបចំ​មាតុភូមិ​និវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន ៤​នាក់ ដែល​ត្រូវបាន​មេខ្យល់ បោក​បញ្ឆោត​បម្រុង​យក​ទៅ​រៀបការ ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។ ស្ត្រី​រងគ្រោះ​ទាំងនោះ មកពី​ខេត្ត​កណ្តាល កំពង់ចាម និង​ត្បូងឃ្មុំ ត្រូវបាន​មេខ្យល់ នាំ​ធ្វើដំណើរ​ពី​កម្ពុជា ទៅដល់​វៀតណាម នៅ​ចុង​ខែ​មិថុនា ហើយ​បម្រុង​បន្តដំណើរ ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​ចិន តែ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​វៀតណាម ជួយសង្គ្រោះ​ទាន់​ពេល​។ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​បរិភោគ ដល់​ស្ត្រី​ទាំង​៤​នាក់ ហើយ​បាន​រៀបចំ​មាតុភូមិនិវត្តន៍ មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ។​

៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ស្ត្រី​ជា​អនីតិជន​ខ្មែរ​ចំនួន​៣​នាក់ មាន​អាយុ​ពី​១៣​ឆ្នាំ ដល់​១៦​ឆ្នាំ មកពី​ខេត្ត​បន្ទាយមានជ័យ ដែល​ទទួល​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​៤ ខែ កក្កដា ឆ្នាំ​២០១៨​។​

៤. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្ស៊ី​ប បាន​សម្របសម្រួល​ជួយ​រៀបចំ មាតុភូមិនិវត្តន៍​របស់​ស្ត្រី​បម្រើការ​ជា​មេផ្ទះ​ខ្មែរ​១​នាក់ ដែល​ពុំ​អាច​ទ្រាំទ្រ​ការងារ​នៅ​អា​រ៉ាប៊ីសាអូឌីត មកដល់​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​។​

៥. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន បាន​ធ្វើ​អន្តរាគមន៍ និង​រៀបចំ​មាតុភូមិនិវត្តន៍​ស្ត្រី​ខ្មែរ ១​នាក់ ដែល​ចាញ់បោក​មេខ្យល់ និង​ត្រូវបាន​អាជ្ញាធរ​ចិន ឃាត់​ខ្លួន​ពី​បទ​រស់នៅ​ខុសច្បាប់ ។ ស្ត្រី​រងគ្រោះ​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ​២០១៨៕ ​ដោយ ​៖ ​កូឡាប​

spot_img
×